ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអភិបាលខេត្តព្រះសីហនុ ត្រូវស្ដារមុខមាត់ និងកិត្តិនាមខេត្តឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអភិបាលខេត្តព្រះសីហនុ ត្រូវស្ដារមុខមាត់ និងកិត្តិនាមខេត្តឡើងវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអភិបាលខេត្តព្រះសីហនុ ត្រូវស្ដារមុខមាត់ និងកិត្តិនាមខេត្តឡើងវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវធ្វើយ៉ាងណាខិតខំស្តារកិត្តិនាមខេត្តព្រះសីហនុឡើងវិញ និងត្រូវបង្រ្កាបរាល់អ្នកបង្កបទល្មើសទាំងអស់ បន្ទាប់ពីខេត្តនេះកើតឡើងនូវភាពមិនប្រក្រតីជា បន្តបន្ទាប់ រហូតដល់មានការរិះគន់ពីប្រជាពលរដ្ឋស្ទើរគ្រប់មជ្ឈដ្ឋាន។

លោកនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា «ខេត្តព្រះសីហនុ ត្រូវតែខិតខំខ្លាំងជាងគេ ដើម្បីស្ដារនូវមុខមាត់ ហើយបង្ក្រាបឲ្យខាងតែបានទៅលើពួកល្មើស មិនថាពួកល្មើសនោះមកពីណានោះទេ ហើយពាក់ផ្កាយប៉ុន្មាន ខ.ម មិន ខ.ម ខ្ញុំមិនដឹង ដឹងតែអាណាខុស ត្រូវតែដាក់អាហ្នឹងតែម្ដងទៅកុំឲ្យវាពិបាកពេក»។

លោកនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ត្រូវខិតខំបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់រួមមាន៖ អាកាសយានដ្ឋាន ផ្លូវ ទឹក ភ្លើង សណ្ឋាគារ និងរម្មណីដ្ឋានទេសចរណ៍ ដែលជាតំរូវការ ព្រោះថា ទេសចរណ៍បច្ចុប្បន្ននេះ គឺជាសម័យទេសចរណ៍ ដេកម៉ាស៊ីនត្រជាក់ មិនមែនសម័យទេសចរណ៍បក់ផ្លិតនោះទេ។

លោកបានលើកឡើងទៀតថា កន្លែងខ្លះទាល់តែមានសណ្ឋាគារផ្កាយ៥ និងមានមន្ទីរពេទ្យដ៏ល្អ សម្រាប់ព្យាបាលនៅពេលដែលគេមានបញ្ហា ទើបគេសម្រេចចិត្ដមកលេងប្រទេសយើង ដូច្នេះយើងត្រូវតែខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ ដើម្បីបម្រើឲ្យវិស័យទេស​ចរណ៍។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ត្រូវធ្វើយ៉ាងណាកុំឲ្យពួកគ្រឿងញៀន និងពួកប្រព្រឹត្ដិខុសច្បាប់ ប្រើតំបន់មាត់សមុទ្រធ្វើសកម្មភាព។ ប៉ុន្មានឆ្នាំមុន មានឧក្រិដ្ឋជនម្នាក់ បានប្រព្រឹត្ដកំហុសនៅប្រទេសរុស្សី រួចរត់មកគេចខ្លួន ធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយពេលនោះ លោកជាអ្នកចេញបញ្ជាផ្ទាល់ទើបចាប់បានខណៈដែលរដ្ឋាភិបាលរុស្សី ស្នើសុំឲ្យលោកចាប់ឧក្រិដ្ឋជននោះ ដើម្បីបញ្ជូនទៅកាន់រុស្សីវិញ។

ក្នុងកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ធ្វើយ៉ាង​ណាត្រូវតែប្រុងប្រយ័ត្ន កុំឲ្យតំបន់មាត់​សមុទ្ររបស់យើង ក្លាយទៅជាជំរកនៃក្រុមគ្រឿងញៀន ឬក្រុមប្រព្រឹត្ដខុសច្បាប់ ហើយកាន់តែសំខាន់ជាងនេះ កុំឲ្យក្រុមភាវរកម្ម ដែលរត់គេចពីដីគោក មកជ្រក​កោននៅដែនទឹករបស់យើងឲ្យសោះ»៕

អត្ថបទទាក់ទង