ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រឆោតល្ងង់របស់សម រង្ស៉ី៖« វាយបំបែកពាងហើយប្រឹងទប់កុំឲ្យទឹកហូរចេញពីពាង » !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 35
លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រឆោតល្ងង់របស់សម រង្ស៉ី៖« វាយបំបែកពាងហើយប្រឹងទប់កុំឲ្យទឹកហូរចេញពីពាង » ! លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រឆោតល្ងង់របស់សម រង្ស៉ី៖« វាយបំបែកពាងហើយប្រឹងទប់កុំឲ្យទឹកហូរចេញពីពាង » !

(ភ្នំពេញ)៖ ជាយុវជនម្នាក់ ដែលកន្លងមកតែងតែជឿស្លុងលើ លោក សម រង្ស៉ី តែឥឡូវនេះ ខ្ញុំពិតជាគួរឲ្យ អស់សំណើចណាស់ នៅពេលខ្ញុំបានឃើញ លោក សម រង្ស៉ី កំពុងធ្វើនយោបាយបែបល្ងង់ខ្លៅ។ ចាស់បុរាណបានទូម្មានថា «ពេលលឺផ្គរលាន់ កុំទាន់ចាក់ទឹកពាងចោល»។ តើអ្នកណាខ្លះធ្លាប់ឃើញមនុស្សដែលវាយបំបែកពាងហើយបែរជាខំប្រឹងទប់ទឹក កុំឲ្យហូរចេញពីពាង? មនុស្សរបៀបនេះ គេធ្លាប់លឺតែក្នុងរឿងព្រេងនិទាន ដែលអ្នកនិពន្ធសរសេរដើម្បីបន្តុះបង្អាប់ នូវភាពល្ងង់ខ្លៅរបស់មនុស្សមួយចំនួនតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ គេពិតជាបានឃើញដោយជាក់ស្តែងនឹងភ្នែកតែម្តង គឺលោក សម រង្ស៉ី នេះឯង។

ដោយមិនចាំបាច់ពិពណ៌នាអំពីកំហុសរាប់មិនអស់ពីអតីតកាលហើយដែលខ្ញុំសុខចិត្តក្បត់មនសិការខ្លួនឯងដោយជួយនិយាយ ការពារគាត់រហូតមកហើយខំបកស្រាយប្រាប់មិត្តភ័ក្តិថា អ្វីៗដែលកើតមានចំពោះគាត់គឺជារឿងនយោបាយដែលគេចង់ធ្វើបាបគាត់នោះ ឥឡូវនេះ ខ្ញុំគ្រាន់តែ សង្កេតមើលនិងវិភាគ ចាប់ពីពេលដែលគាត់ធ្វើសកម្មភាពក្នុងការបង្កើតចលនា សង្គ្រោះជាតិក្រោយពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលនោះ ខ្ញុំបានមើលឃើញ យ៉ាងច្បាស់ក្រឡែតបាត់ទៅ ហើយនូវភាពឆោតល្ងង់របស់លោកសម រង្ស៉ី ដែលធ្វើនយោបាយបំបែកបំបាក់ផ្ទៃក្នុងរបស់ខ្លួន ហើយបែរមកធ្វើខ្លួនជាខំស្រែកឆោឡោ ខំទប់កុំឲ្យបែកបាក់ទៅវិញ។

នរណាក៏ដឹងដែរថា ការបង្កើតចលនាសង្គ្រោះជាតិ គឺជាការធ្វើឲ្យមន្ត្រី និងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិបែកបាក់គ្នាយ៉ាងខ្លាំងរួចទៅហើយ។ ក្រោយពេលដែលចលនាគ្មានគោលដៅមួយនេះទទួលបរាជ័យទាំងស្រុង លោកសម រង្ស៉ី ក៏បែរមករៀបចំធ្វើបក្សប្រហារ ដណ្តើមអំណាចត្រង់ៗ ពីលោក កឹម សុខា តែម្តងតាមរយៈព្រឹត្តិការណ៍ ដែលក្រុមគាត់ហៅថា «សន្និសីទពិពភលោក ១-២ ធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងអាត្លង់តា» សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះគឺពិតជាបានហែកបក្សប្រឆាំងយើងជា2ចំរៀក ព្រោះអ្នកជិតស្និទ្ធនឹងលោកកឹម សុខា បានចាត់ទុកថាជាបក្សប្រហារ ហើយយុទ្ធសាស្ត្ររបស់លោកសម រង្ស៉ីមួយនេះប្រៀបបាននឹងដាវដ៏មុតស្រួចដែលគាត់បានយកទៅពុះជ្រៀក សាកសពរបស់អតីបក្សសង្គ្រោះជាតិជា2បំណែក ហើយថែមទាំងបានចាក់ថ្នាំពុលដើម្បីផ្តាច់ព្រលឹង សាកសពចោលតែម្តងដោយគ្មានស្តាយស្រណោះ។

អ្វីដែលធ្ងន់ធ្ងរបំផុតដែលខ្ញុំបានកំណត់ យ៉ាងច្បាស់ថា ជាអំពើឆោតល្ងង់របស់គាត់នោះគឺ ក្រោយពេលបំបែកសពបក្សសង្គ្រោះជាតិជា២ហើយនោះ លោក សម រង្ស៉ី បែរជាមកស្រវេស្រវាខំទប់ចលនាផ្ទៃក្នុងកុំឲ្យបែកបាក់ ទៅវិញ? ដើម្បីទប់សភាពការណ៍ លោកសម រង្ស៉ី ប្រើពាក្យថា «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ»។

ចំពោះគោលដៅពិតនៃពាក្យនេះឥឡូវនេះវាលែងជាអាថកំបាំងទៀតហើយព្រោះវាពិតជាងាយយល់ខ្លាំងណាស់! គាត់ជាអ្នកដណ្តើម អំណាចពីលោក កឹម សុខា ដែលធ្វើឲ្យមានការបែកបាក់ ពោលគឺគាត់នេះហើយ ជាអ្នកបំបែក កឹម សុខា ចេញពីគាត់ តែគាត់បែរជាមកស្រែកថា សម រង្ស៉ី និង កឹម សុខា ជាមនុស្ស តែមួយ? តើវាគួរឲ្យអស់សំណើចទេ?ម្យ៉ាងទៀត ពេលនេះ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងបើកផ្លូវឲ្យលោកហ៊ុន សែន មាន សិទ្ធិស្នើទៅព្រះមហាក្សត្រដើម្បីសុំព្រះរាជទានលើកលែងទោសដល់អ្នកនយោបាយដែលជាប់បម្រាមតុលាការ ត្រូវបានរដ្ឋសភាអនុមត័ រួចហើយ។ ខណៈដែលវិសោធនកម្មច្បាប់ថ្មីនេះត្រូវគេមើលឃើញថាជាសញ្ញាវិជ្ជមានសម្រាប់បើកផ្លូវឲ្យអ្នកនយោបាយដែលជាប់បម្រាមអាចមានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ខ្ញុំពិតជាហួសចិត្តដោយបានឃើញលោក សម រង្ស៉ី បែរជាកំពុងស្លន់ស្លោស្រែកឆោឡោប្រឹងទប់កុំឲ្យអ្នកនយោបាយទាំង នោះទទួលបាននូវការលើកលែងទោសទៅវិញ?

ដើម្បីទប់បញ្ហានេះ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំឃើញគាត់បានប្រើល្បិចដ៏ចាស់គំរឹលដដែលៗ ដែលគាត់ធ្លាប់ប្រើជាយូរមកហើយ នោះគឺ នយោបាយលាបពណ៌ថា បើអ្នកណាហ៊ានទទួលយកការលើកលែងទោសនេះ គឺជាមនុស្សក្បត់បក្ស និងជាអ្នកលក់ក្បាលឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្ញុំកត់សំគាល់ថា នេះគឺពិតជាចរិតហ្ស៊ីន របស់ លោក សម រង្ស៉ី ដែលមិនកែប្រែសោះសូម្បីតែបន្តិចតាំងពីខ្ញុំធ្វើជាសក្មមជន របស់គណបក្សសម ង្ស៊ី មកម្ល៉េះ។ ជំនាញរបស់គាត់គឺញុះញង់ អុជអាល និងលាបពណ៌។ ប៉ុន្តែ សួរថា ហេតុអ្វីបានជា សម រង្ស៉ី ធ្វើបែបនេះ? មូលហេតុសំខាន់បំផុតដែលខ្ញុំទាញការសន្និដ្ឋានគឺ អ្នកនយោបាយអាត្មានិយមរូបនេះដឹងច្បាស់ថា ខ្លួនគាត់គ្មានវាសនានឹងទទួលបានការលើកលែងព្រះរាជទានទោសពីព្រះមហាក្សត្រដូច អ្នកដទៃឡើយ។ ដូច្នេះបើគាត់មិនបាន អ្នកផ្សេងក៏មិនត្រូវបាន ដូចគ្នា។ នេះក៏ជាចរិតផ្តាច់ការអញនិយមមួយទៀត របស់ សម រង្ស៉ី ដែលគ្មានអ្វីចម្លែកសំរាប់ខ្ញុំឡើយ។

ខ្ញុំនៅចាំបានថា រាល់លើកដែល សម រង្ស៉ី រត់ចេញទៅក្រៅប្រទេស ក្រោយពីជាប់បណ្តឹងនៅតុលាការ ហើយត្រូវគេរិះគន់ថា ជាអ្នកនយោបាយកំសាក មិនចិត្តសឿងដូច លោក កឹម សុខា នោះ សម រង្ស៉ី តែងបកស្រាយថា បើគាត់មិនរត់ចេញក្រៅទេ គាត់នឹងត្រូវគេចាប់ដាក់គុកដូច លោក កឹម សុខាដែរ ហើយបើទាំងអស់គ្នានៅក្នុងគុកតើបានអ្នកណាធ្វើសកម្មភាពនៅខាងក្រៅ?

ប៉ុន្តែឥឡូវនេះដល់ពេលដឹងថា អ្នកនយោបាយមួយចំនួន ក្នុងចំណោម១១៨នាក់ អាចនឹងទទួលបានសេរីភាព នយោបាយឡើងវិញ តែមិនមែនរូបគាត់ សម រង្ស៉ី ក៏ផ្តើមព័ទ្ធសំណាញ់ចង់ឲ្យអ្នកទាំងនោះនៅក្នុងទ្រុងជាមួយគាត់ទៅវិញ? ចុះហេតុដូចម្តេចបានជា សម រង្ស៉ី មិននិយាយដូចកាលពីពេលគាត់រត់ទៅក្រៅប្រទេសនោះផង? ម្តេចបាន ជាចង់ឃាត់ឃាំងគេឲ្យនៅក្នុងទ្រុងជាមួយខ្លួនទៅវិញ?

មកដល់ចំណុចនេះ ខ្ញុំនឹកឃើញ សម្តីលោកអ៊ំ គង់ គាំ ដែលពិពណ៌នា សម រង្ស៉ីថា ជាមនុស្សគិតមិន ដែលត្រូវ យល់មិនដែលច្បាស់ និង ធ្វើអ្វីមិនដែលកើត។ គឺពិតជាមហាត្រឹមត្រូវណាស់ពីព្រោះ សម រង្ស៉ី ជាអ្នកនយោបាយដែលគ្មានយុទ្ធសាស្ត្រ គ្មានគោលដៅអ្វីទាំងអស់ពោលគឺដើរមួយជំហាន គិតមួយជំហាន ដោះស្រាយបញ្ហាមួយជំហាន ហើយដោះស្រាយទៅតាមតែអារម្មណ៍របស់ខ្លួននឹកឃើញ។ មនុស្សបែបនេះ បើនិយាយពីទ្រឹស្តីនៃភាពជោគជ័យគឺសូន្យ ហើយបើនិយាយពីភាពជាអ្នកដឹកនាំវិញគឺ ហ្សេរ៉ូ។ គឺក្នុងន័យនេះហើយ ដែលសូម្បីតែហុង លីម ជាអតីតយុទ្ធមិត្តត្រូវដងត្រូវផ្លៃ ស្លាប់រស់ជាមួយគ្នា ឥឡូវបែរជាតិះដៀល សម រង្ស៉ី ថា ជាមនុស្សសំរាម ជាសំពាយអនាថា ដែលមិនសាកសមទាល់តែសោះ នឹងត្រូវបានរើសមកបន្តុបឲ្យធ្វើជាអ្នកដឹកនាំក្រុមប្រឆាំង។

សរុបមកវិញ ឥឡូវនេះខ្ញុំពិតជាយល់ច្បាស់ពាក្យថា «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ» គ្រាន់តែជាល្បិចចាស់គំរឹលហួសសម័យដែលគ្មានអ្នកណាជឿទៀតឡើយ ពីព្រោះអ្វីៗគ្រប់យ៉ាងដែល សម រង្ស៉ី បានធ្វើគឺដើម្បីបំបែកកឹម សុខា ចេញពីរូបគាត់។ ការប្រកាសភ្នាល់ជាមួយ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះដោយយក សេរីភាព របស់លោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងក៏ជាល្បិចលើគោកដែលសម រង្ស៉ី ចង់បន្តឲ្យលោក កឹម សុខា ស្ថិតនៅក្នុងភាពជាប់ឃុំ ដើម្បីឲ្យគាត់មានឱកាសដណ្តើមយកអំណាចមកដឹកនាំវិញ។ ទីបំផុត អំពើបក្សប្រហារក៏បានកើតឡើងមែន។ ប៉ុន្តែសូមលោក សម រង្ស៉ី ចងចាំថា «ពាងដែលគាត់បានវាយបំបែក ខ្ទេចខ្ទីអស់ហើយ ទឹកក្នុងពាងនោះច្បាស់ជាហូរចេញអស់ពីពាងជាមិនខានឡើយ» ហើយទោះបីជាគាត់ខំប្រឹងយកដៃ យកជើង និងយកខ្លួនមកទប់យ៉ាងណា ក៏មិនអាចទប់ជាប់ដែរព្រោះធ្វើជាមនុស្ស គួរតែមាន សមត្ថភាពយល់ ពីកត្តាសត្យានុម័តទាំងនេះ។ មិនដែលមានអ្នកណាសម្លាប់បក្សខ្លួនឯងហើយ ស្រែកថា ខ្លួនធ្វើដើម្បីសង្គ្រោះបក្សនោះទេ? បំបែកបក្សខ្លួនឯងហើយមកស្រែកថា កុំឲ្យបែកបាក់?

ខ្ញុំពិតជាល្ងង់ណាស់ដែលកន្លងមកងប់ជឿលើ សម រង្ស៉ី និងការពារគាត់ខុស តែរហូតមក។ លាហើយភាពល្ងង់ខ្លៅ! លាហើយទណ្ឌិត សម រង្ស៉ី៕

ដោយ៖ អតីតយុវជន
បក្សសង្គ្រោះជាតិ

អត្ថបទទាក់ទង