ខ្មែរប៉ុស្ដិ៍ Close

លោកស្រីអភិបាលខេត្តកោះកុង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមចូលរួមទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ឱ្យបានច្រើនកុះករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 39
លោកស្រីអភិបាលខេត្តកោះកុង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមចូលរួមទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ឱ្យបានច្រើនកុះករ លោកស្រីអភិបាលខេត្តកោះកុង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមចូលរួមទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ឱ្យបានច្រើនកុះករ

ប្រជាពលរដ្ឋខ្មែរដែលទៅលេងបុណ្យសមុទ្រក្នុងរយៈពេល៣ថ្ងៃ ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាតប្រទេសថៃបានដែរ ដោយគ្រាន់តែយក អត្តសញ្ញាណប័ណ្ណទៅជាមួយបើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណ សម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗទៅជាមួយ ត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន (តែបើ មានលិខិតឆ្លងដែន Passport ក៏គួរយកតាមផងកាន់តែងាយស្រួល)។

ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុងនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៤-១៥-១៦ ខែធ្នូខាងមុខ ក្រោមប្រធានបទ «ឆ្នេរស្អាតពលរដ្ឋ រមណីយ» ពោលគឺនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យ នេះនឹង ឈានចូលមកដល់ហើយ។ ពិធីបើកជាផ្លូវការ នឹងប្រព្រឹត្តទៅនៅ ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា។

ក្រោយកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានសម្របសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋទាំងសងខាងក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាតរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រខាងមុខ។

លោក ថោង ខុន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទៅទស្សនាពិធីបុណ្យ សមុទ្រហើយ មានបំណងចង់ទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជា មួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់ យានយន្ត និងប័ណ្ណបើកបរ ហើយប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេទៅជាមួយផងដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ជាមួយគ្នានោះ ដែរថា សម្រាប់ប្រជាពលរដ្ឋដែលមិនចង់បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹង មានរថយន្តពីខាងថៃមកទទួលទៀតផង។ ក្រៅពីនេះ បើបងប្អូនចង់ទៅ ស្នាក់ផ្ទះសំណាក់ ឬសណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាតក៏បានដែរ ដែលមានតម្លៃសមរម្យ។ ខេត្តបានរៀបចំបញ្ជរព័ត៌មាននៅ៣ទីតាំងគឺនៅ៖ ១. រង្វង់គល់ស្ពានកោះកុង ២.នៅវត្តចាំយាម ៣.នៅច្រកទ្វាអន្តរជាតិចាំយាម ។ (លេខទូរស័ព្ទទំនាក់ទំនងកក់បន្ទប់ និងទំនាក់ទំនងព័ត៌មាន ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងកម្សាន្ត៖ 016-444-938/016-444-937)។

លោករដ្ឋមន្ត្រី និងលោកស្រីអភិបាលខេត្ត បានបន្តថា ចំពោះផ្លូវជាតិ លេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិល ឆ្ពោះទៅខេត្តកោះកុង ក្រុមការ ងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងាររបស់ កងវិស្វកម្ម បានសម្រេចការជួសជុលរួចរាល់ ១០០% ហើយ។ ជាមួយនឹង ការរំពឹងទុកថាពិធីបុណ្យសមុទ្រឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរប្រហែល យ៉ាងតិច ៩ម៉ឺននាក់។

លោករដ្ឋមន្ត្រី និងលោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមចូលរួមទស្សនាពិធីបុណ្យសមុទ្រនៅខេត្ត កោះកុងនេះឱ្យបានច្រើនកុះករ។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និងរដ្ឋ បាលខេត្តកោះកុងក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រ ផងដែរដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយ ឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្ត ជាច្រើនទៀតផងដែរ៕

អត្ថបទទាក់ទង