ខ្មែរប៉ុស្ដិ៍ Close

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 76
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅទីស្តីការគណ:រដ្ឋមន្រ្តីឡាវ ក្នុងទីក្រុង​វៀងច័ន្ទ វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសមភាគីនាយករដ្ឋមន្រ្តីឡាវលោក ថងលូន ស៊ីសូលីត។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអមដំ​ណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់​ទី​ក្រុងវៀងច័ន្ទនៅ​ពេល​នេះ គឺឆ្លើយតបតាមការអញ្ជើញពីសមភាគីនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីសូលីត បន្ទាប់ពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានជ្រើស​តាំងជានាយករដ្ឋមន្រ្តីសារជាថ្មីម្តង​ទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីថ្ងៃខែកញ្ញាឆ្នាំ​២០១៨ បន្ទាប់ពីគណបក្ស​ប្រជាជនកម្ពុជា ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៦ កាល​ពីថ្ងៃទី២៩ ខែ​កក្កដាឆ្នាំ២០១៨។

ប្រទេសទាំងពីរកម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូត​ជាមួយគ្នា នៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ១៩៥៦ ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំ​ប្រទល់រួមគ្នាប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សន​កិច្ចផ្លូវការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេស​ទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់​តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេស​ចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហ​ប្រតិបត្តិ​ការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិប​ត្តិការជាមួយ​គ្នា កាលពីពេលកន្លង​មកឲ្យកាន់​តែមានភាពប្រសើរឡើងថែមទៀត។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក ប្រមុខរដ្ឋាភិ​បាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូន ស៊ីសូលីត បានអញ្ជើញធ្វើជំនួបចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុននិងឈានទៅកិច្ចប្រជុំកំពូលទ្វេភាគីសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ឡាវ។

បន្ទាប់ពីបានចំណាយការពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលជិត២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះ​ត្រចង់​រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៤ ក្នុងនោះរួមមាន៖
ទី១ : កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយះពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០១៩
ទី២ : អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្ប: សម្រាប់ឆ្នាំ២០១៩-២០២១
ទី៣: អនុ​ស្សារណ:នៃការ​យោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្ប: និងការផ្លាស់ប្តូរ វប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ និងទី៤ អនុស្សារណ:នៃការយោគយល់គ្នា ស្តីពី កិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់ ២៣០ និង​៥០០គីឡូវ៉ុល ពី​ស្ថានីយ៍បានហាត ប្រទេស​​​ឡាវមកស្ថានីយ៍ស្ទឹងត្រែងរបស់ប្រទេសកម្ពុជា៕

 

អត្ថបទទាក់ទង