ខ្មែរប៉ុស្ដិ៍ Close

រសៀលថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបិទមហាសន្និបាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 60
រសៀលថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបិទមហាសន្និបាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា រសៀលថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបិទមហាសន្និបាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ការរៀបចំមហាសន្និបាតលើកទី៤របស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានធ្វើឡើងចំខួប៤០ឆ្នាំនៃកំណើតរបស់ខ្លួនផងដែរ។ មហាសន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកមកពីទូទាំង២៥ រាជធានី-ខេត្តចំនួនប្រមាណ១,៣០០នាក់។ មហាសន្និបាតនេះធ្វើឡើងដោយផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

មហាសន្និបាតនៅថ្ងៃម្សិលមិញនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ១៥រូបបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំនៅក្នុងអង្គការចាត់តាំងដែលមានអាយុកាល ៤០ឆ្នាំមកនេះ។

សមាជិកថ្មីទាំង ១៥រូប ដែលកើតចេញពីការបោះឆ្នោតរបស់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះរួមមាន៖ ១. លោកស្រី ចម និម្មល, ២. លោក ជាម ច័ន្ធសោភ័ណ្ឌ, ៣. លោកស្រី មិថុនា ភូថង, ៤. លោក ថង សាវុន, ៥. លោក ទៀ សីហា, ៦. លោកស្រី បាន ស្រីមុំ, ៧. លោក ម៉ុម សារឿន, ៨. លោក វ៉ា ថន, ៩. លោក សុខ ពុទ្ធិវុធ, ១០. លោក សុខ សប្បាយណា, ១១. លោក សំហេង បុរស, ១២. លោក ហេង សុខគង់, ១៣. លោក ហេង សួរ, ១៤. លោក ហ៊ុយ វណ្ណៈ, ១៥. លោក អ៊ុន ចាន់ដា។

បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជា មានសមាជិកគណៈកម្មាធិការកណ្តាលសរុប ១៤២រូប ដែលទើបនឹងបោះឆ្នោតបន្ថែម៤៣នាក់ ព្រមទាំងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសរុប ២០រូប។ បូកបញ្ចូលសមាជិកថ្មី១៥រូបទៀត ដូច្នេះសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលកើនដល់៣៥រូប។

សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគម​យុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុត ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

មកដល់បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្តស្មារតីសាមគ្គីរួបរួមកម្លាំងធ្វើសកម្មភាពនានា ដើម្បីជាប្រយោជន៍សម្រាប់សង្គមកម្ពុជា និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស និងសង្គមកម្ពុជា។

ថ្លែងក្នុងពិធីបើកមហាសន្និបាត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្ដសកម្មភាពចូលរួមជាវិជ្ជាមានដល់សង្គមកម្ពុជា ជាពិសេសការបន្ដចូលរួមជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័នដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នាលើការកសាងអភិវឌ្ឍន៍កម្ពុជាមួយរឹងមាំ និងកាន់តែមានការទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បន្ដថា សហភាពសហព័ន្ធយុវជនកម្ពុជានឹងបន្តសកម្មភាពលើកស្ទូយនូវឧត្តមភាព កិត្តិនាមជាតិ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនា ដែលជាអត្ដសញ្ញាណជាតិ និងបន្ដលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន។ បន្ថែមពីនេះ បន្ដជំរុញយុវជន ឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ ឬការងារស្ម័គ្រចិត្តនៅតាមសហគមន៍ ដើម្បីយុវជនបានសាកល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និងទទួលបានបទពិសោធន៍ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ៕

អត្ថបទទាក់ទង