បញ្ហាខ្វះខាតអគ្គិសនីឆ្នាំនេះបានផ្តល់បទពិសោធន៍ឲ្យយើងច្រើនដែលយើងត្រូវរកវិធីដោះស្រាយជៀសវាងបញ្ហាច្រំដែលនៅឆ្នាំខាងមុខ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពេលនេះរដូវប្រាំងបានបញ្ចប់ហើយ រដូវវស្សាបានចូលមកក្នុងរយៈពេលជាង២សប្តាហ៍កន្លងមកហើយ យើងផុតកង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ដែលពីមុនមានការកង្វក់ខ្លាំងណាស់ប៉ុន្តែយើងបានដោះស្រាយបញ្ហានោះតាមរយៈការខិតខំនៅតាមទីកន្លែងខ្លះខ្វះទឹកបានជួយយកទៅផ្តល់ឲ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ស្រះទឹក នៅទីនោះ ដែលបានធ្វើឲ្យការខ្វះទឹកសម្រាប់ការប្រើប្រាស់លែងព្រួយបារម្ភហើយ។ ប៉ុន្តែយើងនៅមានបញ្ហាទាក់ទិននឹងការខ្វះខាតទឹកផ្តល់ឲ្យទំនប់វារីអគ្គិសនីដែលធ្វើឲ្យអគ្គិសនីរបស់យើងគ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់។
ឆ្នាំនេះបានផ្តល់បទពិសោធន៍ឲ្យយើងច្រើនដែលយើងត្រូវរកវិធីដោះស្រាយដើម្បីជៀសវាងបញ្ហាច្រំដែលនៅឆ្នាំខាងមុខ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ជាក់ស្តែងថាមពលរវារីអគ្គិសនីរបស់យើងអាចផលិតថាមពលអគ្គីសនីបានប្រមាណជិត ១,៤០០មេហ្គាវ៉ាត់ ដែលមានទំនប់វារីអគ្គិសនី គីរីរម្យ១ ទំនប់វារីអគ្គីសនីកំចាយ ទំនប់វារីអគ្គិសនី គីរីរម្យ៣ ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ ទំនប់វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ និងទំនប់វារីអគ្គិសនី សេសានក្រោម២ តែការផលិតថ្ងៃខ្លះផលិតមិនបានពាក់កណ្តាលផង ដែលជាចំនួនមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន៣៧០ មេហ្គាវ៉ាត់ បានដំណើរការហើយ និងមានរោងចក្រមួយផ្សេងទៀតដែលអាច ផ្តល់ថាមពលប្រមាណ ១៣៥មេហ្គាវ៉ាត់យើងបានខិតខំដាក់ឲ្យដំណើការ ក្នុងថ្ងៃនេះ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទីក្រុងភ្នំពេញត្រូវតែត្រៀមថាមពលអគ្គិសនីប្រមាណ ៤០០មេហ្គាវ៉ាត់បន្ថែមទៀត ដែលបានអនុម័តថវិកា និងបានធ្វើការបញ្ជាទិញហើយ និងខិតខំធ្វើឲ្យបានរួចរាល់នៅក្នុងអំឡុងខែតុលាខាងមុខនេះ ដែលក្នុងនោះ ២០០មេហ្គាវ៉ាត់ទិញពីប្រទេស ប្រែសហ្វាងឡង់ និង២០០មេហ្គាវ៉ាត់ទិញពីប្រទេសអាល្លឺម៉ង់ ដែលប្រភពអគ្គិសនីទាំងពីរនេះប្រើដោយប្រេងខ្មៅ។ ហើយនៅពេលខាងមុខយើងនឹងបង្កើតប្រភពថាមពលអគ្គិសនីដែលដើរដោយថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត ដូច្នេះពេលរដូវវស្សាយើងអាចទទួលបានថាមពលអគ្គិសនីតាមរយៈប្រភពទឹកនៃវារីអគ្គិសនី ធ្យូថ្ម ហ្គាសផង និងប្រេងឥន្ទនៈដែរ ហើយពេលរដូវក្តៅវិញយើងមានប្រភពអគ្គិសនីតាមរយៈពន្លឺព្រះអាទិត្យ៕