ខេត្តប៉ៃលិន ទទួលភ្ញៀវទេសចរមកកម្សាន្តប្រមាណជាង ១ម៉ឺននាក់ ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក
ប៉ៃលិន៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឃើញថាភ្ញៀវទេសចជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរមកពីគ្រប់ទិសទី បានចូលមកលេងកម្សាន្ត នៅតាមបណ្តារមណីយ៍ដ្ឋាននានាក្នុងខេត្តប៉ៃលិន ប្រមាណជាង ១ម៉ឺននាក់ ចំនួននេះមានការកើនឡើង៣៥.៣៩% បើធៀបនឹងឆ្នាំ២០១៧។
បើតាមរបាយការណ៍របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឲ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កន្លងទៅនេះតាមការសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកលេងកម្សាន្តនៅក្នុងតំបន់រមណីយ៍ដ្ឋាន គោលដៅផ្សេងៗរបស់ខេត្តប៉ៃលិន ដែលក្នុងនោះរមណីយ៍ដ្ឋានសំខាន់ៗ ៥កន្លែង រួមមាន ១/-រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ២/-រមណីយដ្ឋាន ភ្នំយ៉ាត ៣/-រមណីយដ្ឋានភ្នំដំបង ៤/-រមណីយដ្ឋានកូលាបប៉ៃលិន ,អាងចីកចក់និងរហាត់ទឹក ៧៦០នាក់ ៥/-តំបន់លំហែកាយស្ទឹងតារាប ,ម្លប់សាវម៉ៅ និងចំការខ្នុរ និងគោលដៅផ្សេងៗ ដោយគិតចាប់ពីថ្ងៃទី២១-២២-២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរណ៍សរុប ចំនួន ១០,៦៤២នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៧៧នាក់ បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៧ ចំនួនភ្ញៀវសរុបមានចំនួន ៧,៨៦០នាក់ ឃើញថាមានការកើនឡើងចំនួន ៣៥.៣៩%។
ចំណែកលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ក្នុងកំឡុងពេលបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ឃើញថា សភាពការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅគ្រប់ទីកន្លែងកម្សាន្តនានាមានភាពល្អប្រសើរ មិនមានភាពអសកម្មណាមួយឡើយ ដោយសារតែកម្លាំងការពារសន្តិសុខចម្រុះ របស់គណៈបញ្ជាការឯកភាពខេត្ត បានដាក់ប្រចាំការនៅគ្រប់គោលដៅទាំងអស់ ដើម្បីរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅតាមតំបន់រមណីយ៍ដ្ឋាននានាក្នុងខេត្តប៉ៃលិនយ៉ាងម៉ឹងម៉ាត់បំផុត៕