ខេត្តសៀមរាបរៀបចំពិធីបិទព្រះរាជពិធីបុណ្យអុំទូក និងប្រគល់ពានរង្វាន់ដល់ទូកដែលទទួលបានជ័យលាភី
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តនិងភរិយា បានអញ្ជើញចូលរួមក្នុងពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីប្រគល់ពានរង្វាន់ដល់ទូកដែលទទួលបានជ័យលាភីនៅដងស្ទឹងសៀមរាប។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។
នាឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តនិងជាប្រធានអនុគណៈកម្មការបច្ចេកទេសបានធ្វើសេចក្តីរាយការណ៍ថា កិច្ចដំណើការប្រណាំងទូក «ង» អស់រយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសដ៏មហាឡាប្ញកយ៉ាងក្រៃលែង។ ជាលទ្ធផលនៃការប្រណាំងទូក «ង» ក្នុងឆ្នាំ២០១៨ ដូចតទៅនេះ ៖
ក.ទូកផ្នែកនារី
– ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា៖ ហង្សច័ន្ទមានជ័យបារមីមហានគរ ជាទូករបស់សាខាពន្ធដាខេត្ត។
– ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា៖ យាយទេពសំដែងរិទ្ធិ ជាទូករបស់រដ្ឋបាលក្រុងសៀមរាប។
– ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា៖ អង្គរជុំសែនជ័យ ជាទូករបស់រដ្ឋបាលស្រុកអង្គរជុំ។
– ចំណាត់ថ្នាក់លេខ៤ ទូកមានឈ្មោះថា៖គង់ជ័យបារមីស្រីខ្ទុម ជាទូករបស់រដ្ឋបាលស្រុកជីក្រែង និងមន្ទីរបរិស្ថាន- ខេត្ត។
ខ. ទូកផ្នែកបុរស – ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា៖ មហាកោសាមានជ័យ ជាទូករបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ស្នងការនគរបាលខេត្ត វត្តព្រះឥន្ទកោសា និងសាកលវិទ្យាល័យយូស៊ី សាលាអន្តរជាតិ ធ្យូ ឆឺ ប្រាយ លោក ជាឆារ៉ា ផានិចគុល (អគ្គនាយកទូទៅផ្សារម៉ាក្រូខេត្តសៀមរាប) និងសាលាអនុគណក្រុង សៀមរាប។
– ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា៖ សូទ្រនិគមសែនជ័យបារមីតាពេជ្រ ជាទូករបស់រដ្ឋបាលស្រុកសូទ្រ- និគម និងរដ្ឋបាលស្រុកអង្គរធំ ។
– ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា៖ គ្រុឌមាសតេជោសែនជ័យ ជាទូករបស់បញ្ជាការដ្ឋានកងរាជអាវុធ- ហត្ថខេត្ត។
– ចំណាត់ថ្នាក់លេខ៤ ទូកមានឈ្មោះថា៖ ពាមសាមគ្គីសែនជ័យ ជាទូករបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ។
សូមបញ្ជាក់ផងដែរថា ទូកដែលទទួលបានចំណាត់ថ្នាក់ទាំងពីរផ្នេកខាងលើ ទទួលបានរង្វាន់ជ័យលាភីដូចខាងក្រោម ៖
-ទូកចំណាត់ថ្នាក់លេខ១បានថវិកាចំនួន ៨.០០០.០០០ រៀល ទង់ជ័យលាភីចំនួន១ ផ្កា១បាច់ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស
-ទូកចំណាត់ថ្នាក់លេខ២ បានថវិកាចំនួន ៥.០០០.០០០ រៀល ទង់ជ័យលាភីចំនួន១ ផ្កា១បាច់ ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស
-ទូកចំណាត់ថ្នាក់លេខ៣ បានថវិកាចំនួន ៣.០០០.០០០ រៀល ទង់ជ័យលាភីចំនួន១ ផ្កា១បាច់ ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស
-ទូកចំណាត់ថ្នាក់លេខ៤ បានថវិកាចំនួន ២.០០០.០០០ រៀល ទង់ជ័យលាភីចំនួន១ ផ្កា១បាច់ ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស។
ដោយឡែកចំពោះទូកដែលមិនបានទទួលចំណាត់ថ្នាក់ទាំងពីរផ្នែក ទទួលបានថវិកាចំនួន ៥០០.០០០ រៀល ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃទីពីរហើយក៏ជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកកនុងខេត្តសៀមរាបក្រោយពីបានដំណើរការយ៉ាងសកម្ម និងរស់រវើកអស់រយៈពេលពីរថ្ងៃ ប្រកបដោយភាពអធិកអធម សប្បាយរីករាយក្រៃលែង។
ក្នុងរយៈពេលពីរថ្ងៃនេះ អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានធ្វើការសន្និដ្ឋាន វាយតម្លៃជារួមបានថា ៖
– ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានប្រព្រឹត្តទៅក្នុងលក្ខខណ្ឌល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឲ្យកត់សម្គាល់ឡើយ។
– ស្ថានភាពអនាម័យ បរិស្ថាន ក៏មានសភាពល្អប្រសើរលើសពីពេលមុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជា តាមបណ្តោយស្ទឹងសៀមរាប មានការថយចុះនូវការបោះចោលសំរាម និងកាកសំណល់ផ្សេងៗ ពីបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរ ដែលមកទស្សនាកំសាន្តពិធីប្រណាំងទូកដែលបញ្ជាក់ឲ្យឃើញថា ការយល់ដឹងពីផលប្រយោជន៍នៃការថែរក្សាបរិស្ថាន អនាម័យរបស់បងប្អូនប្រជាពលរដ្ឋយើងមានការកើនឡើងទោះបីជាមិនទាន់ពេញលេញតាមការចង់បានរបស់យើងក៏ដោយ។
– បញ្ហាចរាចរណ៍នៅក្នុងក្រុង និង ជុំវិញទីតាំងប្រារព្ធពិធីមានលក្ខណៈល្អប្រសើរ បើទោះបីជាមានការកក់ស្ទាះនៅតាមកន្លែង ខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ចយើងបានជួយសម្រួលចរាចណ៍បានទាន់ពេលវេលាមិនធ្វើឲ្យមានការពិបាកដល់បងប្អូនប្រជា-ពលរដ្ឋដែលមកកំសាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យនេះឡើយ។
– អំពីដំណើរការ នៃការប្រណាំងក៏បានប្រព្រឹត្តទៅក្នុងបរិយាកាស ល្អប្រសើរ បង្កលក្ខណៈសប្បាយរីករាយ អធិកអធម និងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ។
លោកអភិបាលខេត្តក៏បានបញ្ជាក់ថា លទ្ធផល នៃការប្រកួតកន្លងមកទាំងទូកដែលទទួលចំណាត់ថ្នាក់ និង ទូកដែលមិនបានទទួលចំណាត់ថ្នាក់ត្រូវបន្តខិតខំសិក្សាស្វែងយល់ពីបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឲ្យការប្រកួតនៅឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ទៀតកាន់តែធានាបានទាំង រូបភាព ទាំងគុណភាពបច្ចេកទេស។ម្យ៉ាងវិញទៀត ដោយទីតាំងប្រារព្ធពិធីនៅដងស្ទឹងសៀមរាប ដែលលម្អដោយ ទេសភាពធម្មជាតិដ៏ល្អត្រកាល បានបង្កើនបរិយាកាសដ៏សែនមនោរម្យ ថែមទៀតដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាខេត្តសៀមរាបនៅក្នុងព្រះរាជពិធីនេះ មានចំនួនប្រមាណ ៣៣១ ៨៩៦ (សាមសិបបីម៉ឺនមួយពាន់ប្រាំបីរយកៅសិបប្រាំមួយ)នាក់ កើនឡើង១៨,៥៨% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរជាតិចំនួនប្រមាណជាង ២៩៩ ០០០ (ម្ភៃប្រាំបួនម៉ឺនប្រាំបួនពាន់)នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៣២ ៨៩៦ (បីម៉ឺនពីរពាន់ប្រាំបីរយកៅសិបប្រាំមួយ)នាក់ បាននិងបន្តការស្នាក់នៅ ដើម្បីធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានវប្បធម៌នានាថែមទៀតផង៕