ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងអូស្ត្រាលី រួមគ្នាអនុវត្តគម្រោងស្តីពី ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
កម្ពុជា និងអូស្ត្រាលី រួមគ្នាអនុវត្តគម្រោងស្តីពី ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា កម្ពុជា និងអូស្ត្រាលី រួមគ្នាអនុវត្តគម្រោងស្តីពី ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសំខាន់ៗ សរុបប្រមាណជាង១០០នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានបង្ហាញអំពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន ០៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែបឺរ ល្ងស្ករត្នោត និងចេកក្រៀម សម្រាប់ផ្សព្វផ្សាយដល់សាធារណជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធនឹងផលិតផលកសិកម្មកម្ពុជាដែលមានតម្លៃខ្ពស់ទាំងនេះ អំពីកាលានុវត្តភាពនៃផលិត ផលនិងទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់ផ្សេង ទៀត ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ជាពិសេសការពង្រីកអាជីវកម្មឱ្យបានកាន់តែប្រសើរ សំដៅរួមចំណែកក្នុងការអភិវឌ្ឍពាណិជ្ជូបនីយកម្មនៅកម្ពុជាប្រកបដោយបរិយាប័ន្ន ដែលនឹងជួយរួមចំណែកគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការកាត់ បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឆ្លៀតក្នុងកាសនេះដែរ លោករដ្ឋមន្រ្តី បានលើក ឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រាកដនិយម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានសុខាភិបាលជាច្រើន ដែលមានភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ បត់បែនទៅតាមសភាពការ ណ៍ និងទីតាំងភូមិសាស្រ្តជាក់ ស្តែង ដើម្បីទប់ស្កាត់ កាត់ផ្តាច់នូវខ្សែច្រវាក់ចម្លង និងកាត់បន្ថយការឆ្លងបានទាន់ ពេលវេលានៃជំងឺកូវីដ-១៩ ជាពិសេសរាជរដ្ឋាភិបាលបានយកការចាក់វាក់សាំង ដែលជាវិធានការយុទ្ធសាស្រ្តគន្លឹះ សំដៅឈានទៅសម្រេចបានភាពស៊ាំសហគមន៍ ដែលជាកត្តាសំខាន់ក្នុងការវិលត្រលប់ឱ្យបានឆាប់រហ័សទៅរកប្រក្រតីភាពថ្មី នៃការរស់នៅរបស់ប្រជាជនកម្ពុជា និងដំណើរការស្តារសង្គម-សេដ្ឋ កិច្ចទ្បើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ ។

លោករដ្ឋមន្រ្តី ក៏បានជម្រាបអំពីសមិទ្ធផលនិងផែនការការងារ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាននិងកំពុងអនុវត្ត រួមមានការបញ្ចប់និងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-ចិន កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -កូរ៉េ ការងារអនុវត្តគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ ការងាររៀបចំយុទ្ធសាស្រ្តទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការងារអាទិភាពផ្សេងទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនិងបន្ទាប់ពីវិបត្តិកូវីដ-១៩ ។

លោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណា ចក្រកម្ពុជា បានមាន ប្រសាសន៍ថា វិស័យកសិកម្មបានផ្តល់ឱ្យកម្ពុជានូវស្ថិរភាពដែលត្រូវការជាចាំបាច់ក្នុងអំ ឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ ការសិក្សារបស់ “CAVAC” លើផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជានេះ ជាមគ្គុទេសន៍ថ្មីមួយសម្រាប់ការរីកចម្រើននាពេលអនាគត តាមរយៈការលើកទឹកចិត្តវិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកបដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី។ ទាំងនេះ នឹងជួយធ្វើឱ្យវិស័យកសិកម្មមានភាពធន់និងការប្រកួតប្រជែង៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង