ដោយសារប្រទេសមានសុខសន្តិភាព ទើបតម្លៃដីធ្លីហក់ឡើងខ្ពស់ ហើយមានមនុស្សជាច្រើនក្លាយជាអ្នកមានដោយសារដី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះដោយសារសុខសន្តិភាព ទើបមានការអភិវឌ្ឍគ្រប់ទីកន្លែង មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាមូលហេតុមួយធ្វើឱ្យដីកាន់តែមានតម្លៃឡើងជាលំដាប់ ដែលប្រការនេះហើយ ក៏មានមនុស្សជាច្រើន បានក្លាយទៅជាអ្នកមានដោយសារដីផងដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A សម្រាប់ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកសង្ឃឹមថា ប្រជាពលរដ្ឋមិនស្តីបន្ទោសដល់ការដឹកនាំរបស់លោក ដែលធ្វើឱ្យដីឡើងថ្លៃនោះឡើយ។
គួរបញ្ជាក់ថា នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ តំលៃអចលនទ្រព្យបានកើនឡើងជាលំដាប់ ស្របទៅតាមកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែរីកចម្រើនខ្លាំងឡើង។ ការហក់ឡើងនៃតម្លៃដីធ្លីនេះ គឺជាសញ្ញាណល្អ ព្រោះគេសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនបានផ្លាស់ប្តូរជីវភាពស្ទើរតែទាំងស្រុង ដែលកាន់តែល្អប្រសើរជាងមុនដោយសារតែការទិញលក់ដីធ្លីនេះ៕