ខ្មែរប៉ុស្ដិ៍ Close

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីប៊ុលហ្ការី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 50
លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីប៊ុលហ្ការី លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីប៊ុលហ្ការី

នៅថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ​២០១៨​ លោកនាយករដ្ឋមន្រ្តី បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី ។

នៅក្នុងជំនួបពិភាក្សាគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន​ ​សែន​ បានមានប្រសាសន៍ថា​ ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្ការី កាលពីអតីតកាលដែលបានដើរតួនាទីក្នុងការជួយដល់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជាបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តវត្តមានចូលរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ បានជំរាបជូនសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការីថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយស្ថានភាពនយោបាយរបស់ប្រទេសប៊ុលហ្ការី។

នាយករដ្ឋមន្រ្តី ប៊ុលហ្ការី ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជា​ នៅប្រទេសប៊ុលហ្ការី។ ទន្ទឹមនឹងនេះដែរ គឺជាឱកាសដែលលោក​នឹងបានអញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន ក៏បានជម្រាបជូនភាគីប៊ុលហ្ការី អំពីគោលបំណងនៃការធ្វើជាម្ចាស់ផ្ទះ​ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងប្រទេសកម្ពុជានាឆ្នាំ២០២០ ដែលក្នុងនោះបណ្តាប្រទេសអាស៊ាន​ ក៏បានឯកភាពរួចហើយ រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនផងដែរ។

នាយករដ្ឋមន្រ្តីប៊ុលហ្ការី​ បានឯកភាពចំពោះសំណើររបស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និងបានចាត់ទុកថានេះ គឺជាឱកាសដើម្បីរូបលោកបានអញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជាផងដែរ​នាពេលខាងមុខនេះ៕

អត្ថបទទាក់ទង