ខ្មែរប៉ុស្ដិ៍ Close

លោក ថោង ខុន ដឹកនាំមន្ត្រីចុះត្រួតពិនិត្យការងារទេស​ចរណ៍នៅចុងឃ្នៀស សហគមន៍ទេសចរណ៍កំពង់ភ្លុក និងជ្រាវ ខេត្តសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 46

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ លោក ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាព និងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និងកាណូតដឹកជញ្ជូនទេសចរណ៍នៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍កំពង់ភ្លុក និងសហគមន៍ទេសចរណ៍ជ្រាវ ខេត្តសៀមរាប ដោយបានជួបប្រជំុជាមួយប្រធានសមាគមកាណូត អ្នកគ្រប់គ្រងផែទេសចរណ៍ ប្រធានសហគមន៍ទេសចរណ៍ អាជ្ញាធរមូលដ្ឋាន លោកមេឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជា​ពលរដ្ឋនៅតំបន់ទាំងបីនេះ។

បន្ទាប់ពីបានស្តាប់របាយកាណ៍របស់ប្រធានសមាគម តំណាងកំពង់ផែ ម្ចាស់កាណូត អ្នកបើកកាណូត អាជ្ញាធរមូលដ្ឋាន លោកមេឃុំ និងប្រជាពលរដ្ឋរួចមក លោក ថោង ខុន បានកោតសរសើរ និងបានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ អោយបន្តសហការគ្នាពង្រឹងការងារគ្រប់គ្រងសហគមន៍ទេសចរណ៍ លើកកំពស់គុណភាពសេវាកម្មទេសចរណ៍ទាំងអស់ ដោយត្រូវខិតខំប្រឹងប្រែង សហការគ្នា រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវជាអាទិ៍ត្រូវរៀបចំកាណូតអោយបានស្អាតល្អ មានពោងសុវត្ថិភាព អ្នកបើកកាណូតត្រូវមានឯកសណ្ឋានត្រឹមត្រូវ និងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញមាន កាណូតទេសចរណ៍ទាំងអស់ ត្រូវមានការត្រួតពិនិត្យ ផ្នែកបច្ចេកទេសជំនាញពីក្រសួងសាធារណការ ជាប្រចាំ និងត្រូវមានអាជ្ញាបណ្ណ៍ទេសចរណ៍ ជាចាំបាច់ ត្រូវនាំគ្នាសិក្សារៀនសូត្រពីការគ្រប់គ្រងសហគមន៍ ទេសចរណ៍ អោយបានល្អស្របតាមស្តង់ដារសហគមន៍ជាតិ និង សហគមន៍ទេសចរអាស៊ាន សំខាន់បំផុត ការធានាអោយបាននូវគុណភាពសេវា និងការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ ត្រូវធានាថាសហគមន៍យើងជាសហគមន៍ទេសចរណ៍ស្អាត បៃតង មានអនាម័យស្អាតល្អគ្មានសំរាម បន្ទប់ទឹក ស្អាត សេវាពោរពេញដោយគុណភាព។ លោករដ្ឋមន្ត្រី បានណែនាំថា ដើម្បីធានាការដឹកនាំពីក្រសួង មន្ទីរទេសចរណ៍ខេត្តត្រូវចាត់តាំងមន្ត្រីថ្នាក់អនុប្រធានមន្ទីរ ០១រូប ចុះពិនិត្យ តាមដាន និងរាយការណ៍ជាប្រចាំជូនមន្ទីរ ខេត្ត និងក្រសួង។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​លើក​កម្ពស់​ជីវភាពរស់​នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅសហគមន៍​មូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការ​បង្កើត​ប្រាក់​​ចំណូលដែលទទួលបានពីសេវាស្នាក់នៅ (Home Stay) សេវាមគ្គុទ្ទេសក៏ សេវាម្ហូបអាហារ ដឹកជញ្ជូន ។ល។ ព្រមទាំងរួម ចំណែកដល់ការកាត់បន្ថយចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារធនធានធម្មជាតិ និង​ជីវៈ​ជម្រុះ​ប្រកប​ដោយ​និរន្តរភាព ទប់ទល់​ការ​បម្រែ​បម្រួលអាកាសធាតុ និងការបង្កើតទម្លាប់ស្រឡាញ់បរិស្ថាន។ ប៉ុន្តែជារួម ការអភិវឌ្ឍសហគមន៍ទេសចរណ៍មូលដ្ឋានទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងបំណងតែមួយគត់គឺដើម្បីថែរក្សា ការពារ និងអភិរក្សធនធានវប្បធម៌ ធម្ម​ជាតិ និងលើកកំពស់ជីវភាពរស់នៅរបស់បបរជាពលរដ្ឋសហគមន៍តាមរយៈចំណូលបន្ថែមដែលបានមកពីវិស័យទេសចរណ៍។

សូមជម្រាបថា តំបន់ទន្លេសាបជាគោលដៅទេសចណ៍ប្រកបដោយភាពទាក់ទាញបន្ទាប់ពីតំបន់អង្គរ ដោយទេសចរប្រមាណ៥០% ទៅទស្សនាតំបន់ទន្លេសាប (មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរក្នុងស្រុក) ក្នុងនោះ តំបន់ចុងឃ្នៀសទទួលទេសចរបានប្រមាណពី ១០០០-១៥០០នាក់ ក្នុងមួយថ្ងៃ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានទេសចរប្រមាណ ៨០០-១០០០នាក់ក្នុងមួយថ្ងៃ ហើយក្រៅពីនេះទេសចរបានទៅទស្សនានៅសហគមន៍ជ្រាវ មេជ្រៃ និងសហគមន៍ទេសចរណ៍ផ្សេងៗទៀត។ បច្ចុប្បន្នទេសចរអន្តរជាតិទៅទស្សនាតំបន់អង្គរមានប្រមាណ ៦ពាន់នាក់ក្នុងមួយថ្ងៃ ហើយនៅពេលរដូវមានភ្ញៀវច្រើន (High Season) ទេសចរកើនដល់ប្រមាណ ១ម៉ឺននាក់ក្នុងមួយថ្ងៃ៕

អត្ថបទទាក់ទង