ក្រសួងទេសចរណ៍ក្រើនរំឭកដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋានទេសចរណ៍ប្រកាន់ខ្ជាប់វិធានសុវត្ថិភាព
ក្រសួងទេសចរណ៍ក្រើនរំឭកដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋានទេសចរណ៍ប្រកាន់ខ្ជាប់វិធានសុវត្ថិភាព បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឆ្នាំ២០២០ បាននាំឱ្យមានអ្នកឆ្លងជំងឺកូវីដ-១៩ឡើងដល់២៣នាក់ គិតត្រឹមថ្ងៃទី៣ ខែធ្នូនេះ។
សេចក្តីណែនាំរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី៤ ខែធ្នូនេះ បានបញ្ជាក់ថា គ្រប់អាជីវកម្ម រមណីយដ្ឋានទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត និង ត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងនោះរួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅគ្រប់អ្នកចេញចូល ត្រូវពាក់ម៉ាស់ ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានា ដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់ឱ្យបានជាប់ជាប្រចាំនិងឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗ មួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិស្ដីពីវិធានសុវត្ថិភាពទេសចរណ៍។
ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ភ្ញៀវទេសចរ សហការចូលរួមចុះឈ្មោះ ក្នុងពេលចូលក្នុងអាជីវកម្ម រមណីយដ្ឋានទេសចរណ៍នានា ដើម្បីងាយស្រួលគ្រប់គ្រង ក្នុងករណីសង្ស័យមានបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
របាយការណ៍ការវាយតម្លៃជាក់ស្តែងពីផលប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍កម្ពុជា របស់ក្រសួងទេសចរណ៍ បានបង្ហាញថា មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានបិទ និងផ្អាកដំណើរការ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ មានជិត៣ពាន់ទីតាំង រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា-ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្កាឌិន និងប៉ះពាល់ការងារដល់បុគ្គលិកទាំងក្នុងប្រព័ន្ធ និងបុគ្គលិកក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី តាក់ស៊ី អ្នកទទួលភ្ញៀវ អ្នកបម្រើស្រាបៀ សរុបប្រមាណ១០ម៉ឺននាក់ ព្រមទាំងខាតបង់ចំណូល ពីទេសចរអន្តរជាតិប្រមាណ៣ពាន់លានដុល្លារអាមេរិក៕