ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា គ្រោងបង្កើតសមាគមអាកាសចរណ៍ ដើម្បីពង្រីកការហោះហើរទៅកាន់គោលដៅសំខាន់ៗ នៅជុំវិញពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
កម្ពុជា គ្រោងបង្កើតសមាគមអាកាសចរណ៍ ដើម្បីពង្រីកការហោះហើរទៅកាន់គោលដៅសំខាន់ៗ នៅជុំវិញពិភពលោក កម្ពុជា គ្រោងបង្កើតសមាគមអាកាសចរណ៍ ដើម្បីពង្រីកការហោះហើរទៅកាន់គោលដៅសំខាន់ៗ នៅជុំវិញពិភពលោក

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ ដោយស្នើឱ្យភាគីពាក់ព័ន្ធទាំងនេះរួមគ្នាបង្កើត «សមាគមអាកាសចរណ៍» ដើម្បីចូលរួមការផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែមទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៅជុំវិញពិភពលោក។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា នេះជាលើកដំបូងហើយដែលក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ទាំង៥ (រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ) បានបើកកិច្ចពិភាក្សាពង្រឹងគុណភាពសេវាទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ការចូលរួមផ្សព្វផ្សាយ និងការសិក្សា ពិគ្រោះពិនិត្យអំពីទីផ្សារគោលដៅទេសចរណ៍សំខាន់នៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានស្នើឱ្បក្រុមហ៊ុនអាកាសចរណ៍ទាំង ៥ ក្រោមអាណាព្យាបាលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ពិចារណារួមគ្នាបង្កើត «សមាគមអាកាសចរណ៍ក្នុងស្រុក» ដើម្បីងាយស្រួលក្នុងការពិគ្រោះ និងដោះស្រាយការងារពាក់ព័ន្ធនឹងឧស្សាហកម្មធ្វើដំណើរផ្លូវអាកាស អោយបានរលូន។

ចំពោះការបង្កើតអោយមានសមាគមអាកាសចរណ៍ក្នុងស្រុកនេះ ត្រូវបានតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាសចរណ៍ទាំង ៥ សារទរ និងឯកភាពចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះថា ឥឡូវយើងមានក្រុមហ៊ុនអាសចរណ៍ក្នុងស្រក ៥ អាចបង្កើតជាសមាគមបានហើយ។

តាមរយៈការបង្កើតសមាគមន៏នេះ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ខិតខំផ្តល់សេវាល្អ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀត រួមមាន៖ ការរៀបចំទស្សនាវដ្តីផ្សព្វផ្សាយការហោះហើរក្នុងស្រុក (Inflight Magazine) វីដេអូផ្សព្វផ្សាយពីកម្ពុជា (Inflight Video Entertainment) ការប្រកាសព័ត៌មាននៅលើយន្តហោះ (Announcement) អោយបានច្រើនភាសា ស្របនឹងប្រភេទអ្នកដំណើរ ការផ្តល់ដំណឹងអំពីការពន្យារពេល និងសុំកុំអោយមានការលុបជើងហោះហើរញឹកញាប់។

ព្រមជាមួយនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏បានស្នើដល់ស្ថាប័នមានសមត្ថកិច្ច ពិចារណាលើការកាត់បន្ថយពន្ធខ្លះដែលពាក់ព័ន្ធលើការចុះចតនៅតាមព្រលានយន្តហោះអន្តរជាតិ និងជួយអន្តរាគមន៍ទៅប្រទេសគោលដៅមួយចំនួនក្នុងការជួយសម្រួលម៉ោងហោះហើរ និងចុះចតដល់ក្រុមហ៊ុនអាកាសចរណ៍យើងផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន ៨ប្រទេស (រួមមាន ប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា) អាស៊ានបូកបី អារ៉ាប និងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសនានាទៀតនៅពិភពលោក។

នាឱកាសនោះ លោកក៏បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ត្រូវសិក្សាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់អាស៊ាន អាស៊ី និងគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងស្នើសុំអោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់ ចូលរួមក្នុងគ្រប់កម្មវិធី និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗនៅក្រៅប្រទេសផងដែរ។

លោករដ្ឋមន្ត្រី បានស្នើដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ ជាពិសេសសមាគមឧស្សាហកម្មទេសចរណ៍នានា សូមរៀបចំឱ្យមានការជួបប្រជុំគ្នាជាមួយក្រសួងទេសចរណ៍អោយបានញឹកញាប់ផងដែរ៕

អត្ថបទទាក់ទង