ហេតុអ្វីយើងត្រូវផ្ដល់អាទិភាពខ្ពស់ដល់វិស័យទេសចរណ៍?
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដោយសារកត្តាសុខសន្ដិភាព និងស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បាននាំឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយនៅតំបន់អាស៊ី ជាពិសេសវិស័យទេសចរណ៍បានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
ជាមួយនឹងតួនាទីដ៏សំខាន់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាធ្លាប់បានឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍវែងឆ្ងាយ និងមានភាពបត់បែនជាច្រើន ដោយក្នុងនោះ កម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួនឱ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់មួយ និងឈានទៅចាប់យកកាលានុវត្ដភាពថ្មីៗបន្ថែមទៀត ប្រកបទៅដោយចីរភាព និងការទទួលខុសត្រូវ៕