កម្ពុជាប្តេជ្ញាចិត្តពង្រឹងសន្តិសុខស្បៀង សុវត្ថិភាពនិងគុណភាពចំណីអាហារ ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យសាកលនៅឆ្នាំ២០៣០
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមពង្រឹងសន្តិសុខស្បៀង សុវត្ថិភាព និងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវទស្សនវិស័យសាកល ក្នុងការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅឆ្នាំ២០៣០។ លោកបានថ្លែងដូចនេះក្នុងជំនួបពិភាក្សាការងារ ពាក់ព័ន្ធនឹងប្រធានបទ នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយលោកស្រី Gerda Verburg អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់កំពុងផ្តោតលើការយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខស្បៀង សុវត្ថិភាព និងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវទស្សនវិស័យសាកល ក្នុងការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ក៏ដូចជាកាត់បន្ថយនូវភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋផងដែរ។
លោកស្រី Gerda Verburg បានបង្ហាញនូវទស្សនវិជ្ជមានជាច្រើននៅកម្ពុជា ក្នុងការអភិវឌ្ឍនូវវិស័យកសិកម្ម ជាពិសេសទៅលើការអភិវឌ្ឍ និងវិនិយោគផ្នែកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ព្រោះកម្ពុជាជាទឹកដី ដែលអំណោយផលសម្រាប់វិស័យកសិកម្ម។ លោកស្រី ក៏បានសង្កត់ធ្ងន់ ទៅលើការរៀបចំប្រព័ន្ធស្បៀងអាហារ រវាងកសិកម្ម ជលផល និងព្រៃឈើ នៅកម្ពុជា ដោយត្រូវធ្វើការកំណត់ភូមិសាស្រ្តនៃការអភិវឌ្ឍ ការកំណត់ប្រភេទដំណាំ ការពិនិត្យមើលស្ថានភាពនៃការគ្រប់គ្រងទឹក ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ និងប្រព័ន្ធជីវចម្រុះ ដើម្បីធ្វើការវាយតម្លៃនូវសក្តានុពលនៃការអភិវឌ្ឍ និងការវិនិយោគ។ លោកស្រី បានបន្តថា យើងត្រូវរួមគ្នាគាំទ្រដល់ភាពជាដៃគូ នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ ដោយចាប់ផ្តើមពីតម្រង់ទិសតាមប្រទេសនីមួយៗ ដើម្បីចូលរួមកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅក្នុងឆ្នាំ២០៣០ ទាំងអស់គ្នា។ នាពេលខាងមុខ អង្គការសហប្រជាជាតិ នឹងមានរៀបចំវគ្គបណ្តុះបណ្តាល អំពីការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅទីក្រុងបាងកក ហើយលោកស្រី សង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងចាត់មន្រ្តីបង្គោលចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការល្អជាមួយកម្ពុជា ហើយលោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងអភិវឌ្ឍនានា និងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ទៅលើការលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសការវិនិយោគទៅលើវិស័យកសិកម្ម ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏មានឆន្ទៈក្នុងការសហការ និងគាំទ្រដល់គម្រោងអភិវឌ្ឍ និងការវិនិយោគកសិកម្មនៅកម្ពុជា ព្រោះកម្ពុជាត្រូវការធនធានជាច្រើនទៀត ដើម្បីពង្រឹកសក្តានុពលទាំងក្នុងផលិតកម្ម ការកែច្នៃ និងនាំចេញនូវផលិតផលកសិកម្ម៕