ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ច្រានចោលព័ត៌មាន ដែលបង្ហោះថា «បង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីត១៩»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ មុខរបរ 6
ក្រសួងពាណិជ្ជកម្ម ច្រានចោលព័ត៌មាន ដែលបង្ហោះថា «បង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីត១៩» ក្រសួងពាណិជ្ជកម្ម ច្រានចោលព័ត៌មាន ដែលបង្ហោះថា «បង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីត១៩»

(ភ្នំពេញ)៖ លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានដែលបង្ហោះថា មានការបង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩។

យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា បន្ទាប់ពីបានឃើញរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ រួចមក ក្រុមការងារក្រសួងពាណិជ្ជកម្ម បានចុះទៅធ្វើការស្រាវជ្រាវដោយចិត្តទុកដាក់ចំពោះករណីនេះ ក្នុងគោលបំណងស្វែងរកការពិត និងចាត់វិធានការជាក់លាក់ដើម្បីជួយដល់កសិកររងគ្រោះ។

ជាក់ស្ដែង បន្ទាប់ពីបានចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគីពាក់ព័ន្ធ ក្រុមការងារបានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។

បើតាមក្រសួង គេក៏អាចសំគាល់មើលជាក់ស្តែងក្នុងរូបភាពដែលបង្ហាញរូបស្វាយទុំជោរពណ៌លឿង ដែលពុំអាចនឹងទុកឱកាសឱ្យដឹកជញ្ជូនទៅលក់ឯណាទៀតបាន សូម្បីតែយកទៅរោងចក្រធ្វើដំណាប់ស្វាយ កុំថាឡើយនាំចេញទៅបរទេសដែលត្រូវការរយៈពេលសម្រាប់ដឹកជញ្ជូន ដូច្នេះទាមទារផ្លែស្វាយដែលមានគុណភាពតាមតម្រូវការទីផ្សារ។

ក្រសួងពាណិជ្ជកម្មបានបន្តថា បច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏កសិផលកម្ពុជានៅតែមានទីផ្សារទាំងសម្រាប់ការនាំចេញ និងទីផ្សារក្នុងស្រុក ឱ្យតែទំនិញទាំងនោះមានគុណភាពស្របតាមតម្រូវការទីផ្សារ ពិសេសផ្លែស្វាយ។

ផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សម្រាប់នាំចេញគឺ បានថ្លៃដល់ ៩០០រៀលក្នុងមួយគីឡូក្រាម។ ដូច្នេះ ឱ្យតែស្វាយមានគុណភាពល្អ ពុំខ្វះទីផ្សារឡើយ។

បច្ចុប្បន្ននៅខេត្តកំពង់ស្ពឺ ពុំមានសល់ស្វាយក្នុងចំការច្រើនទេ ឈ្មួញកណ្ដាលដឹកស្វាយតាំងពីខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រះវិហារ ដើម្បីយកមកលក់ឱ្យឃ្លាំងធំៗនៅកំពង់ស្ពឺ សម្រាប់នាំចេញ និងបម្រើតម្រូវការរោងចក្រកែច្នៃក្នុងស្រុក។ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងបើកច្រកទីផ្សារសម្រាប់ការនាំចេញកសិផលកម្ពុជាឱ្យកាន់តែបានច្រើនថែមទៀតទៅកាន់ទីផ្សារពិភពលោក។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងថែមទាំងបានអំពាវនាវយ៉ាងទទូច សូមប្រិយមិត្ត Facebook មេត្តាពិចារណា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងដាក់បង្ហោះនូវរូបភាព ឬខ្លឹមសារណាមួយដែលជះឥទ្ធិពលអវិជ្ជមានដល់ការប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបច្ចុប្បន្ននេះកំពុងអនុវត្តគោលនយោបាយលើកស្ទួយវិស័យកសិកម្ម និងគាំទ្រ លើកទឹកចិត្តដល់ការនាំចេញកសិផល។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «សូមមេត្តារួមគ្នាលុបបំបាត់ព័ត៌មានមិនពិត (Fake News) ដែលមានចរិតបំពុលសង្គម ហើយធ្វើឱ្យរាំងស្ទះដល់ការរីកចំរើននៃសង្គមជាតិយើង។ ការពិតទើបនាំមកនូវការគាំទ្រ និងការកោតសរសើរ ចំណែកព័ត៌មានក្រឡៃ មិនពិត នឹងនាំមកនូវទុក្ខទោសដល់ខ្លូន!»៕

អត្ថបទទាក់ទង