ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតី​តួកគី ហៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា «មេភេរវករ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 49
ប្រធានាធិបតី​តួកគី ហៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា «មេភេរវករ» ប្រធានាធិបតី​តួកគី ហៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា «មេភេរវករ»

ប្រធានាធិបតី​តួកគី លោក រ៉េសិប តាយយីប អឺដូហ្កាន់ បានថ្កោល​ទោសយ៉ាងខ្លាំង​លើលោក ប៊ិនចាមីន ណេតាន់​យ៉ាហ៊ូ ដោយហៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលរូបនេះ​ថា «ជាមេដឹកនាំ​នៃរដ្ឋភេរវករ» បន្ទាប់ពីកង​កម្លាំងអ៊ីស្រាអែល​បានបាញ់​សម្លាប់ ជនជាតិ​ប៉ាឡេស្ទីន​ជាច្រើននាក់ នៅ​តំបន់ហ្កាហ្សា (Gaza)។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះ​របស់ លោក អឺដូហ្កាន់ ធ្វើឡើងនៅ​ក្នុងសមាជបក្ស​របស់លោក នៅភាគខាងត្បូងប្រទេស​ កាលពី​ថ្ងៃអាទិត្យ។ ថ្លែងនាឱកាស​នោះ​ដែរ ប្រធានាធិបតី​តួកគី​រូបនេះ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ខ្ញុំមិនចាំបាច់​ប្រាប់ពិភពលោក​ពីទង្វើ ដ៏សាហាវឃោរឃៅរបស់កងទ័ព​អ៊ីស្រាអែល​នោះទេ។ យើងអាច​មើលថា អ្វីដែលរដ្ឋភេរវករមួយនេះកំពុងធ្វើ តាមរយៈ​សកម្មភាព​របស់ពួកគេ នៅតំបន់ ហ្កាហ្សា និង​ហ្សេរុយសាឡឹម។ អ៊ីស្រាអែល​បានសម្លាប់​រង្គាល​ប្រជាជនប៉ាឡេស្ទីន​ នៅក្នុងតំបន់​ហ្កាហ្សា ហើយ លោក ណេតាន់​យ៉ាហ៊ូ គឺជាភេរវករម្នាក់»

គួររំលឹកថា អំពើហិង្សា​រវាង​ប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងជា​ថ្មី​កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន នៅអំឡុងពេល​បាតុកម្មតវ៉ា មួយប្រជាជន​ប៉ាឡេស្ទីន​នៅតំបន់ព្រំដែន​រវាងហ្កាហ្សា និង​អ៊ីស្រាអែល។ នៅក្នុងអំពើ​ហិង្សានេះ ប្រជាជនប៉ាឡេស្ទីន​ច្រើនជាង ១,៤០០នាក់ បានរងរបួស និង ១៧នាក់ បាន​បាត់បង់​ជីវិត៕