ខ្មែរប៉ុស្ដិ៍ Close

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បង្ហាញ​សក្តានុពល ​៦​ចំណុច ​ទាក់ទាញ​អ្នក​វិនិយោគ​នៅក្នុង​វេទិការ​ធុរកិច្ច ​ជប៉ុន-​មេគង្គ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 4
លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បង្ហាញ​សក្តានុពល ​៦​ចំណុច ​ទាក់ទាញ​អ្នក​វិនិយោគ​នៅក្នុង​វេទិការ​ធុរកិច្ច ​ជប៉ុន-​មេគង្គ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បង្ហាញ​សក្តានុពល ​៦​ចំណុច ​ទាក់ទាញ​អ្នក​វិនិយោគ​នៅក្នុង​វេទិការ​ធុរកិច្ច ​ជប៉ុន-​មេគង្គ

នៅ​ចំពោះមុខ​អ្នក​ធុរកិច្ច​ជា​ច្រើន ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា ​ជា​ប្រទេស​មួយ​ដែល​មាន​សក្តានុពល ​និង​កាលានុវត្តភាព​ជាច្រើន ​ក្នុង​ការ​ទាក់ទាញអ្នក​វិនិយោគ​។ ​ការ​លើកឡើង​ពី​សក្តានុពល ​និង​កាលានុវត្តភាព​ទាំង៦​ចំណុច ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដូច្នេះ ​ធ្វើ​ឡើង​ខណៈ​លោក​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ​-ជប៉ុន ​លើក​ទី​១០ ​នៅ​ទីក្រុង​តូ​ក្យូ ​​ប្រទេស​ជប៉ុន​។

នៅ​ក្នុង​វេទិការ​ធុរកិច្ច​មេគង្គ-​ជប៉ុន ​ដែល​មាន​ឈ្មោះ​ថា​ «​តំបន់​ប្រមូល​ផ្តំ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​របស់​អាស៊ី​» ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ​លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​នូវ​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ចំនួន​៤​ ដោយ​បច្ចុប្បន្ន​នេះ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​អនុវត្ត ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ទី​។ ​នៅ​ក្នុង​ដំណាក់កាល​ចតុកោណ​ទី​៤​នេះ ​តាម​លោក ហ៊ុន សែន ​គឺ​សំដៅ​ស្វែងរក ប្រភព​កំណើន​សេដ្ឋកិច្ច​ថ្មី ​ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ​និង​ប្រកប​ដោយ​ចីរភាព​ ដោយ​ទាញយក​ប្រយោជន៍ ​ពី​កាលា​​នុ​វត្ត​ភាព​នៅ​ក្នុង​តំបន់ ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ចន្ទល់​សេដ្ឋកិច្ច ​ដែល​មាន​ស្រាប់​នៅ​ក្នុង​អនុ​វិស័យ​ពាក់ព័ន្ធ​។

ដោយ​ឡែក ​ចំពោះ​សក្តានុពល ​និង​កាលា​នុវត្តភាព​ទាំង​៦​ចំណុច ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើក​យកមក​ប្រាប់​អ្នក​វិនិយោគ ​នៅក្នុង​ឱកាស​ធុរកិច្ច ​មេគង្គ-​ជប៉ុន ​នេះ ​រួមមាន៖​

  • ទី​១ ​ភាព​អំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ ​និង​សន្តិសុខ​ពេញលេញ​ក្នុង​ប្រទេស ​បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​លើ​គន្លង​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម ​ក្នុង​អត្រា​កំណើត​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ ​៧​% ​ក្នុង​រយៈពេល​ជាង ​២​ទសវត្សរ៍​កន្លង​ទៅ​នេះ​។
  • ទី​២ ​គឺ​កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ​ដែល​តំបន់​នេះ​បាន​និង​កំពុង​ក្លាយ​ជា ​“រោងចក្រ​នៃ​អាស៊ី​” ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុច​កណ្តាល​នៃ​តំបន់​មេគង្គ ដែល​ជា​តំបន់​មាន​កំណើន​សេដ្ឋកិច្ច ​និង​ការ​តភ្ជាប់​ខ្ពស់​ជាងគេ​។ ​ជាមួយគ្នានេះ ​ការ​ផ្លាស់ប្តូរ​ទីប្រជុំ​ទម្ងន់​នៃ​កំណើន​សេដ្ឋកិច្ច​មក​ទ្វីប​អាស៊ី ​ពិសេស​អាស៊ី​បូព៌ា ​បន្ត​នៅ​ជា ​“ឱកាស​មាស​” សម្រាប់​កម្ពុជា​ធ្វើ​ការ​អភិវឌ្ឍ ​និង​ធ្វើ​ទំនើបកម្ម ​ឧស្សាហកម្ម ​ផលិតកម្ម ​និង​សេវាកម្ម ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។
  • ទី​៣​ កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប​និង​វ័យក្មេង ​ដែល​ក្នុ​នោះ​ប្រជាជន​ដែល​មាន​អ​យុ​ត្រឹម ​៣៥​ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ ​៧២​% ​នៃ​ចំនួន​ប្រជាជន​សរុប ​គួបផ្សំ​នឹង​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​ ដែល​មាន​ចំណូល​មធ្យម និង​វណ្ណៈ​កណ្តាល ​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​ក​ម្ពុ​ជា ​ក្នុងការ​សម្រេច​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​សម្រាប់​រយៈពេល ​៣ ​ទសវត្សរ៍​ខាងមុខ​។
  • ​ទី​​៤ ​​គឺ​កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់ ​ដោយ​គ្មាន​ការ​រើស​អើ​ង ​រវាង​អ្នក​វិនិយោគ​កម្ពុជា ​និង​អ្នក​វិនិយោគ​បរទេស​នោះទេ​។ ​
  • ទី​៥ ​ទំនិញ​ផលិត​នៅ​កម្ពុជា ​មិនមែន​ផ្គត់​ផ្គង​សម្រាប់​តែ​ទីផ្សារ​កម្ពុជា​ដែល​មាន​ប្រជាជន​ប្រមាណ​តែ​ជាង​១៥លាន​នាក់​តែ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅ​ក្នុង​ទីផ្សារ​អនុ​តំបន់​មេគង្គ​ដែល​មាន​អតិថិជន​ប្រមាណ ​២៥០ ​លាន​នាក់​ទីផ្សារ​អាស៊ាន​ ដែល​មាន​អតិថិជន​ប្រមាណ​៦៣០​លាន​នាក់ ​និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RECP) ​ដែល​មាន​អតិថិជន​ប្រមាណ ​៣​ប៊ី​លាន​នាក់​ព្រមទាំង​លទ្ធភាព​​ចូល​ទីផ្សារ​ធំ​ដទៃ​ទៀត​ក្នុង​ពិភពលោក​។ ​
  • និង​​ទី​៦ ​កម្ពុជា​បាន​និង​កំពុង​ធ្វើ​សមាហរណកម្ម ​​និង​ត​ភ្ជាប់​តាម​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ៗ ​នៅ​ក្នុង​ប្រទេស ​និង​នៅ​ក្នុង​តំបន់ ​ជាដើម​៕

ប្រភព៖ RFI Khmer

អត្ថបទទាក់ទង