លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្នុងឆ្នាំ២០២០ កម្ពុជាគ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិសរុប ៧លាននាក់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា តាមការរំពឹងទុក ក្នុងឆ្នាំ២០២០ កម្ពុជា គ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិសរុប ៧លាននាក់ និងក្នុងឆ្នាំ២០៣០ គ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិ ១៤លាននាក់។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រមណីយដ្ឋានអង្គរ បានវិវត្តន៍កាន់តែខ្លាំងឡើងៗ បច្ចុប្បន្នភ្ញៀវទេសចរណ៍ មកកាន់ប្រទេសកម្ពុជាមានចំនួនកើនឡើងឥតឈប់ឈរ គិតត្រឹម៩ខែ ដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ដែលមកទស្សនារមណីយដ្ឋានអង្គរ មានប្រមាណ ១លាន ៥សែន ៧ម៉ឺននាក់ កើនឡើង ៨,៤៧% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ បើតាមលោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា រយៈពេល១១ ខែនេះ មានភ្ញៀវទេសចរណ៍ប្រមាណជាង២លាននាក់មកទស្សនាតំបន់ប្រាសាទអង្គរនេះរួចស្រេចទៅហើយ៕