ខ្មែរប៉ុស្ដិ៍ Close

ទីរួមខេត្តកោះកុង និងរមណីយដ្ឋានតារាសាគរ ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យសមុទ្រចុងឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 11
ទីរួមខេត្តកោះកុង និងរមណីយដ្ឋានតារាសាគរ ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យសមុទ្រចុងឆ្នាំ២០១៨ ទីរួមខេត្តកោះកុង និងរមណីយដ្ឋានតារាសាគរ ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យសមុទ្រចុងឆ្នាំ២០១៨

ចំណុចពិសេសសម្រាប់ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ មិនត្រឹមតែធ្វើឡើងនៅទីរួមខេត្តកោះកុងប៉ុណ្ណោះទេ ថែមទាំងនឹងត្រូវរៀបចំមួយផ្នែកទៀត នៅរមណីយដ្ឋានវិស្សមកាលតារាសាគរ ដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រនៃស្រុកបទុមសាគរ ខេត្តកោះកុងផងដែរ។ ជាកិត្តិយសសម្រាប់ខេត្តកោះកុង ដែលពិធីបុណ្យសមុទ្រលើកនេះ នឹងធ្វើ ឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា។

ក្នុងកិច្ចប្រជុំលើកទី២ នៃការត្រៀមរៀបចំបុណ្យសមុទ្រនៅខេត្តកោះកុង នៅសាលាខេត្តកោះកុង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ទីរួមខេត្តកោះកុង និងតារាសាគរ បាននិងកំពុងរៀបចំការងារជាច្រើន ក្នុងការត្រៀមខ្លួនទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យសមុទ្រនាចុងឆ្នាំ២០១៨ ខាងមុខនេះ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការអន្តរ ក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ដែលមានឯកឧលោក ថោង ខុន ជាប្រធាន និងលោកស្រី មិថុនា ភូថង ជាអនុប្រធានអចិន្ត្រៃយ៍។

ក្នុងកិច្ចប្រជុំនេះ គណៈអធិបតី បានផ្ដល់អនុសាសន៍ណែនាំជាច្រើនដល់លេខាធិការដ្ឋាន-អនុគណៈកម្មការទាំង៦ ត្រូវរៀបចំទីតាំងប្រារព្ធពិធីផ្សេងៗ ដូចជាទីតាំងរត់ប្រណាំងកម្សាន្ត កីឡា Triathlon កីឡាប្រណាំងកង់ កីឡាចំបាប់បុរាណ កីឡាប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង Sailing ក្បួនព្យុហយាត្រាផែនកីឡា ស្ដង់ពិព័រណ៍ កម្មវិធីដាំកូនឈើ ឆាកតន្ត្រី សិល្បៈ សិក្ខា សាលាជាដើម។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារប្រក បដោយប្រសិទ្ធភាព និងពន្លឿនឱ្យទាន់ពេលបុណ្យសមុទ្រ ទាំងផ្នែកស្នាក់នៅអនាម័យ គុណភាពចំណីអាហារ ពិសេសត្រូវយកចិត្តទុកដាក់លើបញ្ហាបង្គន់អនាម័យ បញ្ហាសំរាម ដាច់ខាតមិនត្រូវឱ្យមានសំរាម ឬក្រដាសក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ពិសេស ត្រូវរៀបចំខ្សែទស្សនកិច្ចនៅតាមរមណីយដ្ឋាន និងសហ​គមន៍ទេសចរណ៍ ដូចជាជីផាត អារ៉ែង តាតៃ ពាម​ក្រសោបជាដើម។ លោកបានស្នើឱ្យរដ្ឋបាលខេត្តធ្វើផ្ទាំងផ្សព្វផ្សាយពិធីបុណ្យសមុទ្រមួយ នៅត្រង់ផ្លូវបំបែកស្រែអំបិល និងធ្វើសួនច្បាររង្វង់មូលនៅទីនោះផងដែរ។ ម្យ៉ាងទៀត រដ្ឋបាលខេត្តក៏ត្រូវសហការជាមួយរមណី​យដ្ឋានវិស្សមកាលតារាសាគរ រៀបចំតុបតែងសួនផ្កា និងភ្លើងបំភ្លឺនៅជុំវិញរូបសំណាក់ព្រឹទ្ធាចារ្យ សាយ ភូថង (ផ្លូវទៅកាន់រមនីយដ្ឋានវិស្សមកាលតារាសាគរ) ឱ្យបានល្អ។

លោក ថោង ខុន ក៏បានលើកឡើង ពីការដោះស្រាយបញ្ហាផ្លូវធ្វើដំណើរ មកខេត្តកោះកុងនេះផងដែរ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នឹងពន្លឿនការងារជួសជុលផ្លូវឲ្យបានទាន់ពេលវេលា។ ចំណែកបញ្ហាស្នាក់នៅ ភាគីកម្ពុជាក៏បានសហការជាមួយភាគីថៃ ដើម្បីរៀបចំកន្លែងស្នាក់នៅជូនភ្ញៀវឲ្យបានគ្រប់គ្រាន់ ហើយភ្ញៀវទេសចរក៏អាចឆ្លងទៅទស្សនានៅខេត្តត្រាត ប្រទេសថៃផងដែរ។ លោកបានបន្តថា បញ្ហាស្នាក់នៅ ម្ហូបអាហារនៅតាមភោជនីដ្ឋាន អាហារដ្ឋាន បដិសណ្ឋារកិច្ច សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការធ្វើដំណើររបស់ភ្ញៀវជាដើមសុទ្ធតែត្រូវបានយកចិត្តទុកដាក់ដើម្បីធានាជូនភ្ញៀវទេសចរ ឱ្យទទួលបាននូវភាពសប្បាយរីករាយលើសពីពិធីបុណ្យសមុទ្រមុនៗ។

ចំណែកឯលោកស្រី មិថុនា ​ភូថង ក៏បានឲ្យដឹងដែរថា មកពេលនេះ រដ្ឋបាលខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធនានា បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការអនុវត្តការងារនានា ដើម្បីតៀមឲ្យទាន់ពេលវេលាពិធីបុណ្យសមុទ្រមកដល់។ លោកស្រីអភិបាលខេត្តក៏បានធានាជូនពីបញ្ហាសន្តិសុខសណ្ដាប់ និងការសម្រួលដោះ ស្រាយបញ្ហានានា ជូនភ្ញៀវទេសចរដែលឆ្លងទៅទស្សនានៅប្រទេសថៃ ហើយភ្ញៀវពីថៃក៏អាចមកទស្សនាខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យសមុទ្រខាងមុខផងដែរ៕

អត្ថបទទាក់ទង