ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ គ.ជ.ប ចាប់ផ្ដើមបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដែលមានរយៈពេល១៨ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 14

ការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ នៅតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា បានចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ដោយពុំមានបញ្ហាអ្វីធ្វើឲ្យរាំងស្ទះក្នុងដំណើរការ នៃការចុះឈ្មោះនោះទេ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ​.ជ.ប ក៏បាន​អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

គ​.ជ.ប បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អញ្ជើទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយ នៅតាមសាលាឃុំសង្កាត់ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់ខ្លួនពុំត្រឹមត្រូវ ត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវ ទៅតាមឯកសារសំអាងច្បាស់លាស់។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺអ្នកដែលកើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០១​ និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ក្រុមចុះឈ្មោះបោះឆ្នោត ទៅតាមឃុំសង្កាត់ ដែលកំពុងរស់នៅ៕

អត្ថបទទាក់ទង