ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាទេសចរណ៍ពិភពលោកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាទេសចរណ៍ពិភពលោកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាទេសចរណ៍ពិភពលោកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនជនរួមជាតិទាំងអស់ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល» (Tourism and the Digital Transformation) ដោយបានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការទេសចរណ៍ពិភពលោកដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ពិភពលោក និងការលើកកម្ពស់តួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងកសាងសង្គមប្រកបដោយបរិយាប័ន្ន។

នៅក្នុងសារលិខិតដដែលនោះ ក៏បានបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោកជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ជំរុញភាគីពាក់ព័ន្ធនានារួមមាន ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យកាន់តែយល់ច្បាស់អំពីតួនាទី និងអត្ថប្រយោជន៍នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

នៅក្នុងសារលិខិតក៏បានបន្តថា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា មានសេចក្តីរីករាយក្នុងការចូលរួមប្រារព្ធ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៨ ជាមួយពិភពលោកទាំងមូល ហើយយកឱកាសនេះ ដើម្បីអបអរសាទរចំពោះសមិទ្ធផលទេសចរណ៍កម្ពុជា និងលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ បន្តគាំទ្រអភិវឌ្ឍទេសចរណ៍កម្ពុជាសំដៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០៣០ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕