ខ្មែរប៉ុស្ដិ៍ Close

នៅរក្សាតំណែងជានាយកវិទ្យាល័យស៊ីសុវត្ថិដដែល តែលោកត្រូវទទួលរ៉ាប់រងបន្ទុកមួយយ៉ាងធ្ងន់ធ្ងរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 4
នៅរក្សាតំណែងជានាយកវិទ្យាល័យស៊ីសុវត្ថិដដែល តែលោកត្រូវទទួលរ៉ាប់រងបន្ទុកមួយយ៉ាងធ្ងន់ធ្ងរ នៅរក្សាតំណែងជានាយកវិទ្យាល័យស៊ីសុវត្ថិដដែល តែលោកត្រូវទទួលរ៉ាប់រងបន្ទុកមួយយ៉ាងធ្ងន់ធ្ងរ

ក្រសួង​អប់រំ យុវជន និង​កីឡា នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកញ្ញា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ដំណោះស្រាយ​នៃ​ការតវ៉ា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ ក្រសួង​យល់ព្រម​រក្សា លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ប៉ុន្តែ​ក្រសួង​បានដាក់​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង ដោយ​តម្រូវ​ឲ្យ​នាយក​រូបនេះ សង​ថវិការដ្ឋ​ដែល​បាន​ប្រើប្រាស់​គ្មាន​តម្លាភាព និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

ក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា ក្រុមអធិការកិច្ច និង​សវនកម្ម ផ្ទៃក្នុង​បាន​រកឃើញ​នូវ​បញ្ហា​អសកម្ម ជាពិសេស​ទាក់ទង​នឹង​ការប្រើប្រាស់​ថវិកា​សាលារៀន ទាំង​ថវិការដ្ឋ និង​ថវិកា​ដៃគូ​អភិ​ឌ្ឍ​គ្មា​តម្លាភាព​។ ករណីនេះ​នាំ​ឲ្យ​ក្រសួង​សម្រេច​ផ្ទេរ​លោកនាយក មូល ស៊ុយ​ហេង ទៅ​បម្រើការ​នៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ប៉ុន្តែ​បណ្តាល​ឲ្យ​មាន​ការតវ៉ា​ពី​លោកគ្រូ​-​អ្នកគ្រូ និង​សិក្សា​មួយចំនួន​។

​ចំពោះ​ដំណោះស្រាយ​នៃ​ការតវ៉ា​នេះ កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ឲ្យ​មានការ​បោះឆ្នោត​លើ​ជម្រើស​ពីរ គឺ ទីមួយ ការឯកភាព​ជាមួយ​ចំណាត់ការ​ក្រសួង​ចំពោះ​ការផ្ទេរ​លោក មូល ស៊ុយ​ហេង ទៅ​នាយកដ្ឋាន និង​ទី​ពីរ ការរក្សា​ទុក​លោក​ជានា​យក ប៉ុន្តែ ត្រូវ​ទទួលខុសត្រូវ​លើ​ភាព​អសកម្ម​ដែល​បាន​កើតឡើង​។

លទ្ធផល​បាន​បង្ហាញថា អ្នកបោះឆ្នោត​គាំទ្រ​ជម្រើស​ទី​ពីរ មាន​៩៧ រីឯ​ជម្រើស​ទីមួយ មានតែ​៥៤ ដូច្នេះ លោក មូល ស៊ុយ​ហេង ត្រូវ​បន្ត​តំណែង​ជានា​យក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ ប៉ុន្តែ​វា​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​របស់លោក ដោយ​ក្រសួង​តម្រូវ​ឲ្យ​គាត់ សង​ថវិការដ្ឋ ដែល​បាន​ប្រើប្រាស់​គ្មាន​តម្លាភាព និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

ជាមួយគ្នានេះ ក្រសួង​នឹង​បង្កើត​ក្រុមប្រឹក្សាភិបាល ដើម្បី​ដឹកនាំ​ការងារ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​អនុវត្ត​កម្មវិធី​កំណែទម្រង់​ប្រកបដោយ​ប្រសិទ្ធភាព​។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបរាប់​យ៉ាង​លំអិត​ពី​លទ្ធផល​របស់​ក្រុមអធិការកិច្ច និង​សវនកម្ម​ផ្ទៃក្នុង ដែល​រកឃើញ​បញ្ហា​អសកម្ម​លើ​ការងារ​គ្រប់គ្រង ការងាររដ្ឋបាល ការរៀន និង​បង្រៀន និង​ការប្រើប្រាស់​ថវិកា​។

ក្រសួង​បាន​លើកឡើងថា ចាប់ពី​ឆ្នាំ​២០១៤​មក ក្រសួង បាន​សន្សំសំចៃ​ថវិកា និង​បើក​ផ្តល់​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក ជូន​ដល់​គ្រួសារ​គ្រូបង្រៀន​ដែល​ធ្លាប់​រស់នៅក្នុង​បរិវេណ​សាលារៀន ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​។

ក្រសួង​បាន​រៀបរាប់​ពី​ការចំណាយ​ដ៏​ច្រើន​ទៀត ប៉ុន្តែ​ក្រសួង​បាន​ពិនិត្យឃើញ​នូវ​ការគ្រប់គ្រង​របស់​នាយ​ក​ដែលមាន​ភាព​ធូររលុង និង​អនាម័យ​មិនល្អ​ប្រសើរ ជាពិសេស​នៅ​ថ្នាក់រៀន​ក្នុង​កម្មវិធី​ធម្មតា​។

ទាក់ទង​នឹង​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី ក្រសួង​អប់រំ បានទទួល​កញ្ចប់​ថវិកា​ពិសេស​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពង្រឹងសមត្ថភាព​របស់​សិស្ស​សម្រាប់​សតវត្សរ៍​ទី​២១​។ ក្រសួង​បានលើកឡើង​ពី​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កន្លងមក ដោយ​សិស្ស​នៅ​សាលា​ជំនាន់​ថ្មី​ជាប់​៩០​ភាគរយ ខណៈ​សិស្ស​នៃ​កម្មវិធី​ធម្មតា​ជាប់​តែ​៤៣​ភាគរយ​ប៉ុណ្ណោះ​៕

អត្ថបទទាក់ទង