ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុរួចមកឃើញថា៖ ប្រព័ន្ធសម្ពាធទាបបន្ដអូសកាត់លើអាងទន្លេមេគង្គ និងបន្ដមានឥទ្ធិពល លើកម្ពុជា។
យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
* ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
* ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ជាមួយគ្នានោះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រុងប្រយ័ត្ន តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា នឹងអាចបង្កជាជំនន់ទឹកភ្លៀង៕