លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នពីការខ្វះខាតទឹកធ្វើស្រែប្រាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស សូមធ្វើស្រែប្រាំងតែមួយដងបានហើយ ព្រោះក្រែងអាចប្រឈមនឹងការខ្វះខាតទឹកនៅពេលក្រោយ។ កាលដែលលោកមានប្រសាសន៍យ៉ាងដូច្នេះដោយសារតែពេលដែលលោកអញ្ជើញធ្វើដំណើរតាមឧទ្ទម្ភាចក្រ គឺលោកបានឃើញពីស្ថានភាពនៃការខ្វះខាតទឹកអាចនឹងកើតមានឡើងសម្រាប់ប្រជាពលរដ្ឋនៅពេលក្រោយ ក៏ប៉ុន្តែលោកក៏បានជំរុញឱ្យប្រជាកសិករអាចដាំដំណាំផ្សេងៗបាន។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសទាំង១២ ក្រុងកំពត, ស្រុកទឹកឈូ, ស្រុកកំពង់ត្រាច, ស្រុកបន្ទាយមាស, ស្រុកដងទង់, កសិដ្ឋានចំការចេកស្រុកឈូក និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាអាចរីកចម្រើនបានដោយមិនត្រូវពឹងផ្អែកតែលើវិស័យមួយមុខនោះទេ គឺត្រូវពឹងផ្អែកលើវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ សំណង់ជាដើម ដើម្បីឈានទៅសម្រេចជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕