ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទានដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 9
លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទានដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទានដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា

លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់បក្សកុម្មុយនិស្តចិន ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជាតាមរយៈ ការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាលដែលកម្ពុជាត្រូវការជំនួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសរួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ថាមពល ធារាសាស្ត្រ កសិកម្ម ពាណិជ្ជកម្ម និងសង្គមកិច្ច ជាដើម។ លើសពីនេះចិនបានបញ្ជូនអ្នកវិនិយោគ និងអ្នកទេសចរណ៍មកធ្វើពាណិជ្ជកម្ម និងមកទស្សនាកម្ពុជាផងដែរ។ លោកស្រីបានថ្លែងដូចនេះនៅក្នុងជំនួបសម្តែអការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធយុវជនទូទាំងប្រទេសចិន ដែលដឹកនាំដោយ លោក ហើ ជុនកិ (He Junke) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

លោកស្រី ម៉ែន សំអន ក៏បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព កម្ពុជាចិនមានប្រវត្តិដ៏យូរលង់តាំងពីបុរាណកាលមកជាពិសេស រវាងអតីតអ្នកដឹកនាំនៃប្រទេសទាំងពីរ គឺសម្តេចនរោត្តម សីហនុ និងលោកប្រធាន ម៉ៅ សេទុង រួមទាំងបណ្តា‌ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរ ក្នុងជំនាន់ក្រោយៗដែលបានបន្តថែរក្សាមរតកនេះ ហើយខិតខំពូនជ្រុំចំណងមហាមិត្តភាពកម្ពុជាចិន ឱ្យបន្តរីកចម្រើនឥតឈប់ឈរ ពីដំណាក់កាលមួយទៅដំណាក់កាលមួយនិងបានឈានរហូតមកដល់សព្វថ្ងៃ។

លោកស្រី ម៉ែន សំអន ក៏បានបញ្ជាក់ថា ប្រទេសទាំងពីរ (កម្ពុជា-ចិន) បានគាំទ្រគ្នាទៅវិញទៅមក ដោយជំនះបានគ្រប់ឧបសគ្គដើម្បីសុខសន្តិភាព និងវិបុលភាព។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយគាំទ្រចិនតែមួយ។ កម្ពុជាសូមអបអរសាទរជាមួយនឹងការរីកលូតលាស់ឥតឈប់ឈរនៃសង្គមសេដ្ឋកិច្ចរបស់ចិន ដែលបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក និងសូមសរសើរប្រទេសចិនដែលបានដើរតួនាទីយ៉ាងសំខាន់ជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ច សម្រាប់អូសទាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងជាតុល្យភាពអំណាចមួយដ៏រឹងមាំដើម្បីរក្សាសន្តិភាពក្នុពិភពលោក៕

អត្ថបទទាក់ទង