លោកស្រី ម៉ែន សំអន ផ្តល់អនុសាសន៍៨ចំណុចក្នុងពិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងកិច្ចការនារី
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៩-២០២០ និងលើកទិសដៅការងារ២០២១ របស់ក្រសួងកិច្ចការនារី ដែលមានអ្នកចូលរួមសរុប១៩៤រូប ស្ត្រី១៦៤រូប ដែលមានសមាសភាពជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំស្ថាប័ន-ក្រសួង អគ្គលេខាធិកាអចិន្ត្រៃ CNCW តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធ។
នៅក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានផ្តល់នូវអនុសាសន៍ មួយចំនួនដូចតទៅ៖
ទី១- ការពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម រួមទាំងសុខមាលភាពស្រ្តី និងក្មេងស្រី និងការអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានា ។
ទី២- ការបន្តពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការបង្កើនការយល់ដឹង និងអភិវឌ្ឍន៍អាជីវកម្មដល់ស្ត្រី ការអភិវឌ្ឍអាជីវកម្មធុនមីក្រូ តូចនិងមធ្យម (MSME) ការពង្រឹងកម្មវិធីបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងបរិយាបន្នហិរញ្ញវត្ថុ ។
ទី៣- ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍមូលធនមនុស្សនិងឌីជីថល ជាពិសេសសម្រាប់ស្ត្រីនិងក្មេងស្រី តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញ ក៏ដូចជាការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈនិងគណិតវិទ្យា ( STEAM )។
ទី៤- ការបន្តធានាលើការការពារសិទ្ធិ ព្រមទាំងការចូលរួមពេញលេញ និងដោយស្មើភាពរបស់ស្ត្រី ក្នុងថ្នាក់ធ្វើសេចក្តីការសម្រេចនៅគ្រប់កម្រិត ដោយដោះស្រាយរាល់ឧបសគ្គនានា រួមទាំងកែប្រែផ្នត់គំនិត និងឥរិយាបថអវិជ្ជមាន និងការរើសអើងដល់ការចូលរួមរបស់ស្រ្តីនៅក្នុងស្ថាប័នសាធារណៈគ្រប់កម្រិត និងក្នុងវិស័យនយោបាយ ។
ទី៥- ការពង្រីកវិសាលភាពការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមរយៈ ការពង្រឹងការអនុវត្តកម្មវិធីមាតាបិតាភាព វប្បធម៌អហិង្សា និងការបង្កើនការវិនិយោគ លើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩-២០២៣ ឱ្យបានទូលំទូលាយ និងនៅគ្រប់វិស័យពាក់ព័ន្ធ។
ទី៦- ការពង្រឹងយន្តការគណនេយ្យភាព សម្រាប់សមភាពយេនឌ័ររបស់ក្រសួង ស្ថាប័ន និងនៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍសមត្ថភាព និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព ក្នុងការជំរុញការអនុត្តព្រមទាំងការផ្តល់ធនធាន និងមធ្យោបាយគ្រប់គ្រងសម្រាប់ការងារនេះ។
ទី៧- ត្រូវបង្កើនការស្វែងរកការគាំទ្រមតិ និងខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹង ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គមដែលរើសអើងលើស្រ្តី ក្មេងស្រីនិងជនងាយរងគ្រោះ និងលើកកម្ពស់វប្បធម៌អហិង្សា។
ទី៨- សូមគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ និងវិស័យឯកជន បន្តរួមគ្នាពង្រីកបរិយាកាសអំណោយផល រួមទាំងវិធានការក្នុងក្របខណ្ឌគោលនយោបាយកម្រិតម៉ាក្រូ និងតាមវិស័យ ក្នុងការឆ្លើយតប គាំទ្រឱ្យស្ត្រី និងក្មេងស្រីកាន់តែមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងទទួលបានសក្ដាពលថ្មីៗ នៅក្នុងបរិការណ៍អំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩៕