ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ​ម៉ែ​ន ​សំ​អន៖ ​រាជរដ្ឋាភិបាល ​នៅតែ​បន្ត​ស្វាគមន៍ ​និង​បន្ត​ជំរុញ​លើកទឹកចិត្ត ​ចំពោះ​ការ​វិនិយោគ ​ពី​ក្រុមហ៊ុន​បរទេស​មក​កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
លោកស្រី ​ម៉ែ​ន ​សំ​អន៖ ​រាជរដ្ឋាភិបាល ​នៅតែ​បន្ត​ស្វាគមន៍ ​និង​បន្ត​ជំរុញ​លើកទឹកចិត្ត ​ចំពោះ​ការ​វិនិយោគ ​ពី​ក្រុមហ៊ុន​បរទេស​មក​កម្ពុជា លោកស្រី ​ម៉ែ​ន ​សំ​អន៖ ​រាជរដ្ឋាភិបាល ​នៅតែ​បន្ត​ស្វាគមន៍ ​និង​បន្ត​ជំរុញ​លើកទឹកចិត្ត ​ចំពោះ​ការ​វិនិយោគ ​ពី​ក្រុមហ៊ុន​បរទេស​មក​កម្ពុជា

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ នៅតែបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្ត ចំពោះការវិនិយោគ ពីក្រុមហ៊ុនបរទេសមកកម្ពុជា ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិន។  លោកស្រី បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកស្រី ម៉ែន សំអន អញ្ជើញចូលរួម ក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូសន្និសីទសេដ្ឋកិច្ចប្រចាំឆាំ្ន២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទៀជីវ សកលលោកអាណត្តិទី៥ និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា ដែលរៀបចំធ្វើឡើងនៅវិមានកោះពេជ្រ (City Hall) រាជធានីភ្នំពេញ នៅថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លើសពីនោះទៀត លោកស្រី ម៉ែន សំអន បានបន្ថែមថា រាជរដ្ឋាភិបាល នឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ហើយបន្តលើកកម្ពស់ បរិយាកាសវិនិយោគ និងធុរកិច្ច ក្នុងគោលដៅបង្កើនភាព ប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។ លោកស្រីបានថ្លែងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ននេះ កម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

លោកស្រី ម៉ែន សំអន បានបន្ថែមទៀតថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចជាមធ្យម ប្រមាណ ៧% ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេស មានការកើនឡើង និងមានជីវភាពរស់នៅ កាន់តែប្រសើរ។

លោកស្រីបន្ដថា ដោយឡែក រាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ជាមជ្ឈមណ្ឌល ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក ដោយមានលំនៅដ្ឋាន ហាងលក់ទំនិញ ការិយាល័យ សណ្ឋាគារ មណ្ឌលកំសាន្ត និងអគារខ្ពស់ៗជាច្រើន កំពុងតែសាងសង់ និងរីកដុះដាលយ៉ាងច្រើនសន្ធឹកសន្ទាប់ ដែលបានបម្រើដល់ការធ្វើអាជីវកម្ម ការស្នាក់នៅ និងធ្វើការងារប្រកបដោយផាសុខភាព។

ទន្ទឹមគ្នានោះ លោកស្រី ម៉ែន សំអន ក៏បានបញ្ជាក់ផងដែរថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំវប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុង រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវប្បធម៌ និងទេសចរណ៍៕

អត្ថបទទាក់ទង