មកស្គាល់សហគមន៍ទេសចរណ៍មួយ ដែលបង្ហាញសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនគួរឲ្យចាប់អារម្មណ៍
សហគមន៍ទេសចរណ៍ចង្ក្រានរយ បានបង្ហាញអំពីសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើន ដល់អ្នកទេសចរណ៍ជាតិ អន្ដរជាតិដែលមិនគួររំលង ដូចជាសមុទ្រឈើ ពើងថ្មស្អាតៗ ទឹកធ្លាក់ និងការទស្សនាសត្វព្រៃ ជាពិសេសមានកន្លែងសម្រាប់អ្នកទេសចរណ៍បោះតង់ ស្នាក់នៅ ផងដែរ។
អ្នកស្រី ឈឿន សុឌី ប្រធានសហគមន៍ទេសចរណ៍ចង្ក្រានរយបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នំា២០១៨នេះថា សហគមន៍ទេសចរណ៍ចង្ក្រានរយមានសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើន ដែលអ្នកទេសចរមិនគួររំលង ហើយកន្លែងដែលទាក់ទាញនៅទីនេះ រួមមាន ទឹកជ្រោះតូចមួយដ៏ស្រស់ស្អាត ការរស់នៅរបស់សត្វស្លាបកម្រផ្សេងៗ ពើងថ្មដែល មានទម្រង់ប្លែកៗ មានសមុទ្រឈើ។ ទន្ទឹមនេះ អ្នកទេសចរមកកម្សាន្តនៅតំបន់នេះ អាច បោះជំរំ ស្នាក់នៅមួយយប់នៅជិតទឹកជ្រោះ និងមើលការរស់នៅរបស់សត្វស្លាបផ្សេងៗនៅ ពេលព្រឹក ព្រហាម និងការទស្សនាថ្ងៃរះរួមជាមួយថ្មចង្រ្កានរយជាច្រើន ដែលមិនធ្លាប់នៅ កន្លែងផ្សេង ផងដែរ។
ក្រៅពីចង្រ្កានរយ កន្លែងនេះក៏មានភាពទាក់ទាញផ្សេងទៀតមានដូចជារមណីយដ្ឋានក្រពើ ប្រាំ ប្រាសាទចន្ទគិរី ដែលជាប្រាសាទបុរាណសាងនៅសម័យអង្គរ នៅទីទួលមានទីតាំង នៅកណ្តាលដើមឈើដែលដុះខ្ពស់ៗ។
អ្នកស្រីបានបន្តថា នៅទីនេះមានសក្តានុពលទេសចរណ៍ជាច្រើន ប៉ុន្តែបច្ចុប្បន្ននេះអ្នកទេសចរបានទៅដល់ និងទស្សនានៅតំបន់ទេសចរណ៍នេះបានតែចំណុចខ្លះៗប៉ុណ្ណោះ គឺនៅ មានកន្លែងច្រើនទៀតដែលអ្នកទេសចរមិនបានទៅដល់ដូចជាសមុទ្រឈើ ពើងតាក្អោប ជាដើម។ សម្រាប់អ្នកទេសចរចង់ទៅកម្សាន្ត និងទស្សនាបាននៅតំបន់នេះ ឱ្យបានអស់ គឺត្រូវចំណាយពេលយ៉ាងហោចណាស់ក៏មួយសប្តាហ៍ដែរ ដូច្នេះកន្លែងនេះ គឺតំបន់ទេសចរ ណ៍មួយដែលអាចទាក់ទាញអ្នកទេសចរបរទេសឱ្យស្នាក់នៅកម្ពុជាបានយូរ។
អ្នកស្រីបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អ្នកទេសចរដែលបានទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ចង្រានរយនេះក្នុងមួយសប្តាហ៍មានប្រមាណជា៦០០នាក់ និងសម្រាប់ថ្ងៃបុណ្យជាតិកើនដល់រាប់ពាន់នាក់។ ប៉ុន្តែអ្នកទេសចរទាំងនេះភាគច្រើនជាអ្នកទេសចរជាតិ ចំពោះអ្នកទេសចរអន្តរជាតិមិនសូវមានទេ។ អ្នកស្រីក៏បានស្នើឱ្យអាជ្ញាធរជួយជំរុញអ្នក ទេសចរ អន្តរជាតិឱ្យទៅកម្សាន្តនៅតំបន់នេះឱ្យបានច្រើន ដើម្បីធ្វើឱ្យចំណូលពីវិស័យទេសចរណ៍បានទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះផងដែរ។
លោក ភូ សំអាត អភិបាលស្រុកវ៉ារិន ខេត្ដសៀមរាប បានឱ្យដឹងថា លោកទទួលស្គាល់ថា តំបន់ទេសចរណ៍ចង្ក្រានរយនេះ គឺពិតជាមានសក្តានុពលទេសចរណ៍បែបធម្មជាតិច្រើនមែន ហើយអាជ្ញាធរស្រុកក៍បានជួយទៅលើការងារការពារសន្តិសុខជូនភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅតំបន់នេះផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានផ្តល់នូវគំនិតល្អៗដល់ សហគមន៍សម្រាប់ធ្វើការអភិវឌ្ឍតំបន់នេះឱ្យមានការរីកចម្រើនសម្រាប់ទាក់ទាញ អ្នកទេស ចរ ថែមទៀត។
សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍ចង្ក្រានរយ គឺមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ហើយផ្លូវឡើងភ្នំនេះមិនខ្ពស់ដូចភ្នំគូលែនទេ ដោយការធ្វើចរាចរណ៍ក៏ងាយស្រួលជាងដែរ។ ភ្នំចង្ក្រានរយមានទីតាំងស្ថិតនៅលើមុំស្រុកចំនួន៤ នៃខេត្តសៀមរាប ដែលមានស្រុកបន្ទាយស្រី អង្គរធំ អង្គរជុំ និងស្រុកវ៉ារិន៕