ខ្មែរប៉ុស្ដិ៍ Close

ទូត ៩ អវត្តមាន​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​រដ្ឋសភា ព្រឹក​នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 54
ទូត ៩ អវត្តមាន​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​រដ្ឋសភា ព្រឹក​នេះ ទូត ៩ អវត្តមាន​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​រដ្ឋសភា ព្រឹក​នេះ

ក្នុង​ចំណោម​អង្គទូត​ទាំង៣១ ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុងពិធី​បើក​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា អាណត្តិ​ទី៦ នាព្រឹក​ថ្ងៃទី៥កញ្ញា​នេះ ក្នុងនោះ​មាន​អង្គទូត​ចំនួន​២២ បាន​ចូលរួម និង​អវត្តមាន​ចំនួន​៩។

លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ​រដ្ឋសភា បាន​ឱ្យដឹង​ថា អង្គទូត​ចំនួន៩ ដែល​អវត្តមាន​រួមមាន៖

១. អាមេរិក
២. កាណាដា
៣. អូស្រ្តាលី
៤. បារាំង
៥. អាឡឺម៉ង់
៦. អង់គ្លេស
៧. ស៊ុយអែត
៨. សហគមន៍អឺរុប
៩. ប៊ុលហ្គារី

យ៉ាងណា​ក៏ដោយ លោក​មិន​អាច​បញ្ជាក់​ពី​មូលហេតុ​នៃការ​អវត្តមាន​របស់​អង្គទូត​ទាំង ៩នេះ​ឡើយ។

បើតាម​អ្នកស្រី​ ​Emily Zeeberg​ ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិក​កាលពី​ម្សិលមិញ​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ ​William Heidt​ ​មិន​អាច​ចូលរួម​កិច្ច​ប្រជុំ​នេះ​បាន​ទេ​ ​ដោយ​អ្នកស្រី​បញ្ជាក់​យ៉ាង​ខ្លី​ថា៖​ «ឯក​អគ្គ​រដ្ឋទូត​ ​Heidt​ ​បាន​ចាកចេញ​ពី​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ចុង​សប្តាហ៍​ ​សម្រាប់​ការ​ពិគ្រោះ​យោបល់​ជា​សេរី​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​ហើយ​មិន​អាច​ចូលរួម​បាន​ទេ»។​

ស្រដៀង​គ្នា​នេះ អ្នក​នាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បាន​ឆ្លើយ​សំណួរ​របស់​ ​VOA​ ​តាមរយៈ​អ៊ីមែល​ថា៖​ «ឯក​អគ្គ​រដ្ឋទូត​លោក​បណ្ឌិត​ ​Ingo Karsten​ ​បច្ចុប្បន្ន​កំពុង​ចូលរួម​ក្នុង​សន្និសីទ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ឆ្នាំ​ ​នៅ​ទីក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់។​ ​នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​មិន​អាច​ចូលរួម​សម័យ​ប្រជុំ​រដ្ឋសភា​កម្ពុជា​បាន»។​

ចំណែក​មន្រ្តី​របស់​សហភាព​អឺរ៉ុបក៏​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ ​VOA​ ​តាម​រយៈ​អ៊ីមែល​ថា៖​ «លោក​ ​George Edgar​ ​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​សប្តាហ៍​នេះ​សម្រាប់​សន្និសីទ​ឯក​អគ្គរដ្ឋទូត​ប្រចាំ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​ ហើយ​ដូច្នេះ​លោក​មិនអាច​ចូលរួម​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​បាន​ទេ»៕

អត្ថបទទាក់ទង