ខ្មែរប៉ុស្ដិ៍ Close

ពង្រឹងជំនាញសង្រ្គោះបន្ទាន់ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីនគរបាលបង្ការ ពន្លត់អគ្គិភ័យ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1049
ពង្រឹងជំនាញសង្រ្គោះបន្ទាន់ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីនគរបាលបង្ការ ពន្លត់អគ្គិភ័យពង្រឹងជំនាញសង្រ្គោះបន្ទាន់ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីនគរបាលបង្ការ ពន្លត់អគ្គិភ័យ

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញសង្គ្រោះបន្ទាន់ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គិភ័យ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថ្លែងអំណរគុណដល់បញ្ជាការដ្ឋានកងពលតូចលេខ៧០ ដែលបានបង្កលក្ខណៈឲ្យមានវគ្គបំប៉ននេះឡើង ដើម្បីឲ្យកងកម្លាំងនគរបាលមានសមត្ថភាព ក៏ដូចជាជំនាញច្បាស់លាស់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឲ្យកងកម្លាំងនគរបាលទាំងអស់ដែលទើបនឹងបញ្ជាប់វគ្គបំប៉នជំនាញនេះទៅ ពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះ ជំនាញទាំងនេះ ទៅបង្ហាត់បង្រៀនបន្តដល់មិត្តភ័ក្រ្ត ហើយក៏សង្ឃឹមថាកងកម្លាំងនគរបាលទាំងអស់បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក បានលើកឡើងថា ការបោះឆ្នោតដែលទើបតែកន្លងផុតទៅថ្មីៗនេះ គឺប្រព្រឹត្តទៅដោយសន្តិភាព សុវត្ថិភាព និងគ្មានអំពើហិង្សា ប្រជាពលរដ្ឋជាង ៨៣% បានអញ្ជើញទៅបោះឆ្នោត ខណៈដែលមានការឃោសនាមិនអោយទៅបោះឆ្នោតក្តីនោះ ។ នេះបង្ហាញថាប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានយល់ច្បាស់ និងស្រលាញ់សន្តិភាព ស្ថេរភាព ព្រោះប្រជាពលរដ្ឋបានឲ្យតម្លៃទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា បងប្អូនកម្លាំងប្រដាប់អាវុធក៏ចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសកម្លាំងប្រដាប់អាវុធបានខិតខំចូលរួមការពារសន្តិសុខ  សណ្តាប់ធ្នាប់ និងបម្រើប្រជាពលរដ្ឋ មិនថាថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទាននោះទេ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ការបណ្ដុះបណ្ដាលថ្ងៃនេះ គឺពិតមានសារៈសំខាន់ណាស់ ព្រោះការសង្គ្រោះជីវិតមនុស្សសំខាន់ដោយពឹងផ្អែកទៅលើអ្នកជួយសង្គ្រោះ និងសម្ភារៈបរិក្ខារគ្រប់គ្រាន់ ។ កងកម្លាំងទាំងអស់បានចូលរួមបម្រើ និងសង្គ្រោះជីវិតប្រជាពលរដ្ឋគ្រប់បែបយ៉ាងទាំងគ្រោះមន្តរាយធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងបានចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្រោមប្រធានបទថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រូបនេះ ក៏បានបញ្ជាក់ទៀតថា ខ្ញុំពិតជាមានសុទិដ្ឋិនិយមថា ការហ្វឹកហ្វឺនជំនាញឯកទេសផ្សេងៗក្នុងកងយុទ្ធពលខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ នៅតែជាកិច្ចការសំខាន់ និងចាំបាច់បំផុតដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែខិតខំពុះពារបាន ។ ហេតុនេះការហ្វឹកហ្វឺនបំប៉នជំនាញឯកទេសសង្គ្រោះឆ្នាំ ២០១៨ នាឱកាសនេះគឺ ពិតជាបានរួមចំណែកលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើដល់កងកម្លាំងមានសមត្ថកិច្ច និងរក្សាបាននូវផ្នត់គំនិតត្រៀមបង្ការទុកជាមុនដើម្បីឆ្លើយតបសំណូមពរភារកិច្ចចាំបាច់ចំពោះមុខ ។ ហើយការហ្វឹកហ្វឺនមិនចាំបាច់តែធ្វើនៅក្នុងកងពលតូចលេខ៧០ ឬនៅទីសាលានោះទេ ការស្វ័យសិក្សា គឺមានសាៈសំខាន់ណាស់ដើម្បីត្រៀមហ្វឹកហ្វឺន និងចែករំលែកជំនាញបទពិសោធន៍ថ្មីៗគឺជាការសំខាន់ណាស់ ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណចំពោះបញ្ជាការដ្ឋានកងពលតូចលេខ៧០ និងអង្គភាពដែលពាក់ព័ន្ធទាំងអស់ដែលខិតខំរៀបចំវគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះដល់កងកម្លាំងនគរបាល ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយផ្ទាល់ដល់ជីវិតប្រជាពលរដ្ឋ ៕

ប្រភព៖ cambodiapolice