ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតអាជ្ញាធរជាតិអប្សរាដែលត្រូវធ្វើសមាហរណកម្មជាមន្ត្រីរាជការ…

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 7

រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ ជួបសំណេះសំណាលជាមួយបុគ្គលិកអចិន្ត្រៃយ៍និងជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលត្រូវធ្វើសមាហរណកម្មជាមន្ត្រីរាជការ

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយបុគ្គលិកជំនាញនិងអចិន្ត្រៃយ៍ចំនួន៣៥៥នាក់ ដែលត្រូវធ្វើសមាហរណកម្មជាមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ពិធីនេះរៀបចំឡើងនៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្នុងបំណងផ្តល់ដំណឹងអំពីលក្ខខណ្ឌមួយចំនួនដែលត្រូវអនុវត្ត និងការទទួលបាននូវផលប្រយោជន៍សាធារណៈជាច្រើនផ្សេងទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល រាប់បញ្ចូលទាំងឱកាសនៃបង្កើតអាជីពវិជ្ជាជីវៈ ការទទួលបានការផ្តល់សេចក្តីទុកចិត្តតែងតាំងឱ្យទទួលភារកិច្ចថ្មីៗ និងការដំឡើងប្រាក់បៀរវត្សរ៍នៅពេលក្លាយខ្លួនជាមន្ត្រីរាជការ។

បន្ថែមពីនោះ លោកស្រី ភឿង សកុណា ក៏ក្រើនរំឭកដល់បុគ្គលិកទាំងអស់ថា ក្នុងនាមជាមន្ត្រីអាជ្ញាធរជាតិអប្សរាដែលបំពេញការងារអភិរក្សលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ គឺជាភ័ព្វសំណាងមួយដែលមនុស្សជាច្រើនប៉ងប្រាថ្នា។ ដូច្នេះ សូមឱ្យមន្ត្រីទាំងអស់ត្រូវបំពេញការងារដោយយកចិត្តទុកដាក់ មានវិន័យត្រឹមត្រូវខ្ជាប់ខ្ជួន ផ្ចិតផ្ចង់ក្នុងការងារ និងរៀនសូត្រដកស្រង់យកបទពិសោធន៍ការងារឱ្យបានកាន់តែច្រើនដើម្បីភាពរីកចម្រើននៃសមត្ថភាពរបស់ខ្លួន និងប្រសិទ្ធភាពការងារ ព្រោះថាមន្ត្រីទាំងនេះគឺជាសសរទ្រូងយ៉ាងរឹងមាំក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ និងអាចក្លាយជាថ្នាក់ដឹកនាំស្ថាប័នអាជ្ញាធរជាតិអប្សរានាពេលអនាគត៕

អត្ថបទទាក់ទង