ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា មានគម្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 48
អាជ្ញាធរជាតិអប្សរា មានគម្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន អាជ្ញាធរជាតិអប្សរា មានគម្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេងទៀត។

បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។

លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា គំនរថ្មនៃប្រាសាទបុរាណនេះ មួយផ្នែក ធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ។ ក្រុមអ្នកជំនាញឱ្យដឹងថា ថ្មប្រាសាទបុរាណភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ននោះ គឺជាប្រភេទថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។

ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង៤ពាន់ដុំហើយ។

ក្រុមការងារបានសន្និដ្ឋានថា ថ្មប្រាសាទបុរាណ ដែលគេត្រូវរើចេញពីគំនរទាំងអស់មានប្រហែល២ម៉ឺនដុំ។ ការងាររុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចេញពីគំនរដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន គឺបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកម៉្លេះ ដោយដំណាក់កាលដំបូងចាប់ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយក៏គ្រោងនឹងបញ្ចប់នៅខែសីហាឬខែកញ្ញាខាងមុខនេះ ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ ភោគ ជា

អត្ថបទទាក់ទង