ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមគម្រោងជួសជុលប្រាសាទតាអួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 63

ប្រាសាទព្រៃប្រាសាទ ឬប្រាសាទតាអួន ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដែលកសាងឡើងនៅចុងសតវត្សរ៍ទី១២។ ប្រាសាទនេះកសាងក្នុងរចនាបថបាយ័ន្ត ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និងស្ថិតនៅប្រមាណ ៨០០ម៉ែត្រពីជ្រុងពាយ័ព្យនៃកំពែងអង្គរធំ ដែលស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្ន រចនាសម្ពន្ធប្រាសាទរងការខូចខាតយ៉ាងដំណំដោយសារកត្តាអាយុកាល អាកាសធាតុ និងមនុស្ស ដែលតម្រូវឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា ពោលគឺប្រាសាទនេះពុំធ្លាប់ទទួលការជួសជុលនៅឡើយ។

កញ្ញា គាន បញ្ញាវន្តី ស្ថាបត្យករនៃគម្រោងជួសជុលប្រាសាទតាអួនរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ប្រាសាទកំពុងប្រឈមនឹងហានីភ័យខ្ពស់។ កត្តាចម្បងដែលធ្វើឱ្យប្រាសាទទទួលរងការខូចខាតគឺបង្កដោយមនុស្ស។ ដើម្បីសង្គ្រោះប្រាសាទឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានបើកការដ្ឋានជួសជុល និងរើថ្មនៅច្រកចូលខាងកើត។

កញ្ញា បញ្ញាវន្តី បានបន្តថា ក្រុមការងាបានបញ្ចប់ការងារសម្រង់ប្លង់ប្រាសាទ ថតរូប និងចងក្រងឯកសាររួចហើយ។ ចំណែកកិច្ចការបន្ទាប់គឺរើថ្មដែលក្រៀកនៅផ្នែកខាងកើតចេញដើម្បីជួសជុលនិងពង្រឹងឡើងវិញ រួចធ្វើកំណាយស្រាវជ្រាវដើម្បីសិក្សាគ្រឹះ បង្ហាប់គ្រឹះ បន្ទាប់មករៀបចំផ្គុំថ្មទាំងនោះចូលទីតាំងដើម។ ចុងក្រោយបំផុតគឺក្រុមការងារនឹងសិក្សាលើចំណុចហានីភ័យនៅជ្រុងផ្សេងៗទៀត ដើម្បីទល់ទ្របន្ទាន់ ឬរុញថ្មនៅផ្នែកខ្លះចូលទីតាំងដើមវិញដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយហានីភ័យរបស់ប្រាសាទ។

អាជ្ញាធរជាតិអប្សរាសូមថ្លែងអរគុណចំពោះប្រជាជនរស់នៅជិតប្រាសាទ អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការសម្របសម្រួលគ្រប់ឧបសគ្គដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារដំណើរការជួសជុលលើកតម្លៃប្រាសាទតាអួនទុកជាសម្បត្តិរបស់ខ្មែរគ្រប់ៗរូប ៕

អត្ថបទទាក់ទង