ខ្មែរប៉ុស្ដិ៍ Close

តារាស្រីថៃ Chompoo ទម្លាយរឿងមួយធ្វើអោយអ្នកគាំទ្រគាំងស្មារតី….

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 33

ថៃ៖ មួយរយៈចុងក្រោយនេះ តារាស្រីថៃល្បីៗជាច្រើន ចាប់ផ្តើម ផ្ទុះរឿងស្វាមីរបស់ពួកគេ មានស្រី ឬមានសាហាយ រហូតដល់មានការប្តឹង និងលែងលះជាបន្តបន្ទាប់។ប៉ុន្តែដូចដែលប្រិយមិត្តអ្នកគាំទ្របានដឹងស្រាប់មកហើយថា តារាសម្តែងស្រីកំពូលសម្រស់ Chompoo Araya បែរជាជួបជីវិតល្អស្រស់បំព្រង ក្រោយបានរៀបការជាមួយស្វាមីជាមហាសេដ្ឋីគឺលោក Nott visrut កាលពីឆ្នាំ ២០១៥ ហើយបច្ចុប្បន្ននេះនាងក៏មានកូនប្រុសភ្លោះដ៏គួរឱ្យស្រលាញ់យ៉ាងខ្លាំងផងដែរ។ទន្ទឹមនឹងនេះ គេក៏សង្កេតឃើញថា តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈមកអស់រយៈពេលជាង ២០ ឆ្នាំមកហើយ Chompoo ក៏មិនដែលមានរឿងអាស្រូវណាមួយឡើយ ព្រោះតែនាងជាតារាសម្តែងម្នាក់ ដែលមានការតាំងចិត្តធ្វើការខ្ពស់ ចេះធ្វើខ្លួនឱ្យត្រូវនឹងកាលៈទេសៈ ព្រមទាំងមានការគោរពស្រលាញ់ជាច្រើនផងដែរពីមនុស្សនៅជុំវិញខ្លួន។ចំណែកឯរឿងស្នេហាវិញ នាងក៏មានសំណាងដែរព្រោះមានស្វាមីទាំងសង្ហា ជាអ្នកមាន និងស្រលាញ់ថ្នាក់ថ្នមនាងមិនឱ្យទាស់ចិត្ត។

ជាក់ស្តែងក្រោយជីវិតរៀបការមួយនេះ គ្រួសារ Chompoo ពិតជាមានភាពផ្អែមល្ហែមជាមួយគ្នាណាស់ ដោយគេឃើញនាង និងលោក Nott visrut ជាស្វាមី តែងតែបង្អួតនូវភាពល្អូកល្អឺនជាមួយគ្នាជាប់មិនដាច់នោះឡើយ។ដោយមើលឃើញបែបនេះហើយ ឆ្លៀតចូលរួមក្នុងកម្មវិធី Loukgolf’s English Room នៅប៉ុស្តិ៍ GMM25 ពិធីករក៏បានសួរជីកកកាយថា តើមានចំណុចអ្វីខ្លះដែលធ្វើឱ្យជីវិតក្រោយអាពាហ៍ពិពាហ៍របស់នាងមានភាពផ្អែមល្ហែមខ្លាំងដូច្នេះ ទោះបីជារៀបការបានច្រើនឆ្នាំមកហើយក្តី?
ឆ្លើតតបនឹងសំណួរដ៏ចាក់ដោតបេះដូងមួយនេះ Chompoo បានរៀបរាប់ថាចំណុចដំបូងដែលធ្វើឱ្យជីវិតគូរបស់នាងមានសុភមង្គលនោះគឺ៖ «ត្រូវជ្រើសរើសមនុស្សឱ្យត្រូវសិន មានន័យថាមិនមែនត្រូវតែចិត្តយើងតែម្យ៉ាងទេ តែត្រូវប្រាកដថាគេក៏ជាមនុស្សប្រុសល្អម្នាក់ទាំងក្នុងគ្រួសារ និងសង្គមផងដែរ។បន្តមកគឺត្រូវប្រាកដថា យើងទាំងពីរនាក់គឺមានគោលដៅដូចគ្នា មានផ្លូវដើរមួយរួមគ្នា ដ៏ជាក់លាក់ ហើយមិនលាក់បាំងគ្នាទៅវិញទៅមកទោះបីជាមានរឿងអ្វីក៏ដោយ។ ចុងក្រោយនោះគឺ ត្រូវទុកចិត្ត ហើយជឿចិត្តមនុស្សដែលជាទីស្រលាញ់របស់យើង ព្រោះនេះគឺជារឿងមួយដែលសំខាន់ចាំបាច់ខ្លាំងបំផុត ពិសេសបុរសដែលជាស្វាមីយើង។ ប្រសិនបើគ្មានការជឿទុកចិត្តគ្នាទេ គ្រប់យ៉ាងសព្វថ្ងៃក៏មើលទៅដូចជាមានចំណុចទាស់ចិត្តរហូត តែបើយើងទុកចិត្តលើស្វាមី ហើយគាំទ្រជានិច្ចនូវរឿងដែលគាត់ធ្វើនោះ រឿងអ្វីក៏នឹងអាចដំណើរការទៅមុខបានដោយភាពល្អប្រសើរខ្លាំងណាស់ដែរ។ សរុបមកវិញ បើសិនជារឿងទាំងនេះអ្នកមិនទាន់ច្បាស់ ឬស្វែងរកមិនទាន់ជួប ឬក៏មិនអាចធ្វើបានដូច្នេះក្រោយជីវិតអាពាហ៍ពិពាហ៍នោះទេ ជីវិតគូស្វាមីរបស់អ្នកគឺបរាជ័យហើយ ហើយបរាជ័យតាំងពីពេលចាប់ផ្តើមមកម្ល៉េះ»៕

អត្ថបទទាក់ទង