ខ្មែរប៉ុស្ដិ៍ Close

មូលហេតុដែល​នយោបាយ​ថៃ​នៅ​តែ​ជា​ប្រព័ន្ធ​មិនត្រឹមត្រូវ ​ជាមួយនឹងលទ្ធភាពដ៏តិចតួចឆ្ពោះទៅរកកំណែ​ទម្រង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 84
មូលហេតុដែល​នយោបាយ​ថៃ​នៅ​តែ​ជា​ប្រព័ន្ធ​មិនត្រឹមត្រូវ ​ជាមួយនឹងលទ្ធភាពដ៏តិចតួចឆ្ពោះទៅរកកំណែ​ទម្រង់ សរុបមក ប្រព័ន្ធបោះឆ្នោតរបស់ថៃ នៅតែជាប្រព័ន្ធមួយប្រកបដោយការ ក្លែងបន្លំ ជាមួយនឹងការរួមបញ្ចូលគ្នាដ៏គ្រោះថ្នាក់នូវមេដឹកនាំដែលគ្មានប្រជាប្រិយភាព ដែលមកពីបក្ស ដែលគ្មានប្រជាប្រិយភាព និងដែលអាចបន្ត នៅក្រាញអំណាច

នៅពេលនេះ អ្នកនយោបាយថៃកំពុងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេយ៉ាងសស្រាក់សស្រាំ បន្ទាប់ពីនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានប្រកាសនៅក្នុងខែនេះថា «លោកនឹងរំលាយសភាមុនកាលកំណត់ ហើយនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ៧ ឧសភា»។ សកម្មភាពនៅពីក្រោយឆាកកំពុងកើតមានកាន់តែខ្លាំង នៅពេលដែលមេដឹកនាំបក្សទាំងអស់មានការមិនសប្បាយចិត្តនឹងតួនាទីដ៏ធំហួសហេតុរបស់ព្រឹទ្ធសភា ដែលបានជួយឱ្យបក្សប្រឆាំងអាចបង្កើតរដ្ឋាភិបាលបាន។

ចំនួនព្រឹទ្ធសមាជិកនៅក្នុងពេលបច្ចុប្បន្ននេះមានរហូតដល់ទៅ ៣៧៦ នាក់ ហើយប្រព័ន្ធបោះឆ្នោតរបស់ថៃបានឆ្លងកាត់ការផ្លាស់ប្តូរសំខាន់ៗចំនួន ៣ បើគិតចាប់តាំងពីឆ្នាំ ២០១៩ មក។

ទី១៖ «គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានកាត់បន្ថយចំនួនអាសនៈរបស់គណបក្សពី ១៥០ មកនៅត្រឹម ១០០»។ ប្រព័ន្ធបោះឆ្នោតតំណាងគណបក្ស (ការបោះឆ្នោតដែលរាយឈ្មោះគណបក្សដោយមិនសំដៅលើឈ្មោះបេក្ខជន – Party List Seats System) ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​ថា «គណបក្ស​ប្រកួតប្រជែង​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​សមល្មម​ បើទោះជា​ចាញ់​ក៏ដោយ នឹងនៅតែអាច​មានតំណាងរបស់ខ្លួននៅ​ក្នុង​សភាដែរ»។

ទី២៖ «រូបមន្ត​ថ្មី​សម្រាប់​ការ​បែងចែក​ចំណែកទៅតាមគណបក្ស​ លែង​ផ្តល់ការអនុគ្រោះ​ដល់​គណបក្ស​តូចៗ​ទៀត​ហើយ» ខណៈដែលទំហំនៃការបែងចែកចុងក្រោយបង្អស់នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ហើយវាអាចនឹងមិនផ្តល់ចំណែកណាមួយឡើយដល់គណបក្ស Pheu Thai ដែលត្រូវបានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

ទី៣៖ «ច្បាប់​បោះឆ្នោតបានរារាំង​បេក្ខជន​មិន​ឲ្យ​ប្តូរ​គណបក្សនៅក្នុងរយៈពេល ៣០ ​ថ្ងៃ​មុន​ការបោះឆ្នោត»។

នៅអំឡុងយុទ្ធនាការក្នុងពេលបច្ចុប្បន្ន យើងបានឃើញការវិវឌ្ឍសំខាន់ៗចំនួន ៤ ដែល៖

ទី១៖ គឺ «កូនស្រី​​លោក​ថាក់ស៊ីន គឺ​លោកស្រី Paethongtharn Shinawatra បានឈរ​លើ​គេនៅ​ក្នុង​ការ​ស្ទង់មតិ ដោយ​មាន​សំឡេង​គាំទ្រចំនួន ៣៤%»។ អ្នកនាងសង្ឃឹមថា នឹងដឹកនាំគណបក្ស Pheu Thai ឱ្យទទួលបានសំឡេងភាគច្រើន ពោលគឺ ២៥១ អាសនៈ ដែលអាចជារឿងមិនអាចទៅរួចនោះទេ ដោយសារតែស្ថានភាពបច្ចុប្បន្ននៃការបោះឆ្នោត និងលទ្ធផលឆ្នោតពីមុនៗមក។

អ្នកនាង Paethongtharn ជឿជាក់ថា «សំឡេងឆ្នោតភាគច្រើនដាច់ខាតនឹងមិនអាចធ្វើឱ្យសមាជិកព្រឹទ្ធសភាទាំង ២៥០ រូប បដិសេធមិនគាំទ្រអ្នកនាងឡើយ បើមិនដូច្នេះទេ ម្ចាស់ឆ្នោតនឹងចាត់ទុកការសម្រេចចិត្តនេះជាការលួចបន្លំ»។ ការដកហូតសិទ្ធិបោះឆ្នោតនៅឆ្នាំ ២០១៩ បានបង្កឱ្យមានការតវ៉ាតាមដងផ្លូវដ៏ហិង្សាអស់រយៈពេលជាច្រើនឆ្នាំ ហើយរឿងដូចគ្នានេះក៏អាចនឹងកើតមាននៅឆ្នាំ ២០២៣ នេះផងដែរ។

អ្នកនាង Paetongtarn Shinawatra និយាយ​ថា: អ្នកនាង​បានត្រៀម​ខ្លួន​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​បក្ស​ភឿថៃ។ រូបថត៖ EPA-EFE/File

ប៉ុន្តែហេតុផលរបស់អ្នកនាងមិនត្រឹមត្រូវនោះទេ ពីព្រោះសមាជិកព្រឹទ្ធសភាសំខាន់ៗ បូករួមទាំងលោក Wanchai Sornsiri ដែលត្រូវបានតែងតាំងដោយរបបយោធាបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា «ពួកគេនឹងមិនគាំទ្រមនុស្សដែលគ្មានបទពិសោធន៍ និងដែលជាកូនអុករបស់លោកថាក់ស៊ីន នោះឡើយ»។ ក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន ២៥០ រូប ភាគច្រើនគឺជាមន្ត្រីយោធា ឬប៉ូលីស។

ខណៈពេលដែល បក្ស Pheu Thai កំពុងស្វែងរកដៃគូចងសម្ព័ន្ធភាពដែលមានសក្តានុពល បក្សនេះក៏បានស្នើបេក្ខជន ២ រូបផងដែរ ដែលមិនមែនជាអ្នកនាងនិងដែលមិនសូវមានឈ្មោះបោះសំឡេង គឺលោក Cholnan Srikaew ដែលជាប្រធានបក្ស និងមហាសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin។

ទី២៖ គឺ «ពួក​រាជានិយម​ជ្រុល​កំពុងរងនូវការបែក​បាក់​គ្នា​ហើយ​សម្រាប់​ពេល​នេះ»។ លោក Prayuth Chan-ocha កំពុងថមថយឥទ្ធិពលហើយ។ ប៉ុន្តែលោកបានរួចផុតពីបញ្ហាប្រឈមផ្លូវច្បាប់ជាច្រើន បូករួមទាំងបញ្ហាដែលទាក់ទងនឹងការដែលលោកបានឡើងមកកាន់តំណែងរយៈពេល ២ ឆ្នាំទៀត។ លោកក៏បានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តចំនួន ២ លើកផងដែរ តាមរយៈសំឡេងភាគច្រើននៅក្នុងសភាដែលគាំទ្រលោក។

ចំនួនអ្នកគាំទ្រលោកនៅក្នុងការស្ទង់មតិបានដាំក្បាលចុះយ៉ាងខ្លាំង ដោយសារដំណើរការសេដ្ឋកិច្ចមិនបានល្អរបស់រដ្ឋាភិបាលរបស់លោកនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត, ការកើនឡើងនៃវិសមភាពសង្គម និងការបន្តការគាបសង្កត់តាម ផ្លូវច្បាប់និងលើរូបរាងកាយរបស់ក្រុមប្រឆាំង។ ប្រជាប្រិយភាពរបស់លោក Prayuth បានធ្លាក់ចុះមកនៅ ១៤,៥%។

លោកPrayuth បានចូលរួមជាមួយបក្ស United Thai Nation Party (UTN) និងបានប្រមូលយកសមាជិកពីបក្ស Palang Pracharath (PPRP) ប្រមាណ ៣០-៤០ នាក់ បូករួមទាំងប្រធានបក្សដ៏មានឥទ្ធិពលគឺលោក Sam Mitr ផងដែរ។ បក្ស PPRP កំពុង​ដឹកនាំដោយ​ឧត្តមសេនីយ​ចូលនិវត្តន៍ Prawit Wongwusong។

ប៉ុន្តែបើទោះបីជាមានការជឿទុកចិត្តពីពួកឥស្សរជនក៏ដោយ ក៏អតីតមេដឹកនាំរដ្ឋប្រហារវ័យ ៧៧ ឆ្នាំរូបនេះមានសុខភាពមិនល្អនោះទេ និងត្រូវបានមនុស្សជាទូទៅមើលឃើញថាជាអ្នកដែលធ្វើឱ្យនយោបាយថៃមាន ភាពរង្គោះរង្គើ។ បញ្ហា​សម្រាប់​បក្ស​រាជានិយម​នេះគឺ​ «គណបក្សPPRP គ្មាន​បេក្ខភាព​គួរ​ឲ្យ​ទុក​ចិត្ត​ណាផ្សេង​ទៀត ​ដែល​អាច​ប្រកួតប្រជែងនៅក្នុងការបោះឆ្នោត​ថ្នាក់​ជាតិ​បាន​ឡើយ»។

នាយក​រដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha ធ្វើ​យុទ្ធនាការ​ក្នុងនាមជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​គណបក្ស United Thai Nation។ រូបថត៖ Reuters/File

ខណៈពេលដែលយុទ្ធនាការរបស់លោក Prawit បានផ្តោតលើការសន្យាផ្នែកគោលនយោបាយ វានឹងមិនអាចស្រោចស្រង់នូវភាពអសកម្ម និងភាពខ្វះចន្លោះរបស់បក្ស PPRP បានទេ។ ចំនួនគាំទ្ររបស់បក្សនេះនៅក្នុងការស្ទង់មតិ បានធ្លាក់ចុះពី ៥០% កាលពីដើមឆ្នាំ ២០២០ មក នៅក្រោម ៤% កាលពីក្នុងខែកញ្ញា ឆ្នាំ ២០២២។

អតីតអគ្គលេខាធិការបក្ស PPRP និងក៏ជាអ្នកថែទាំការពារលោក Prawit (Prawit Protégé) គឺលោក Thamanat Prompow ដែលត្រូវបានផ្ដន្ទាទោសពីបទរត់ពន្ធគ្រឿងញៀន និងដែលត្រូវបានលោក Prayuth បណ្តេញចេញពីតំណែងកាល ពីឆ្នាំ ២០២២ នឹងវិលត្រឡប់មកចូលបក្ស PPRP វិញ ជាមួយនិងសមាជិកសភាចំនួន ១១ រូប។ លោក Prawit សង្ឃឹមថា «លោក Thamanant ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងកសិកម្មអាចនឹងបង្កើតបាននូវគោលនយោបាយមួយចំនួនដើម្បីយកចិត្តអ្នកបោះឆ្នោតនៅតាមទីជនបទ និងដើម្បីដាក់បេក្ខភាពថ្នាក់ដឹកនាំថ្មីៗនិងវ័យក្មេងនៅក្នុងបក្ស»។

បក្ស UTN អាចមានប្រៀបលើបក្ស PPRP។ ខណៈពេលដែលលោក Prayuth អាចមានពេលត្រឹមតែ ២ ឆ្នាំទៀត (លុះត្រាតែរដ្ឋធម្មនុញ្ញត្រូវបានកែប្រែ) លោកនៅតែត្រូវបានគេស្គាល់ថាជាអ្នកធ្វើយុទ្ធនាការដ៏ល្អ ជាមួយនឹងអំណាចមានស្រាប់នៅក្នុងដៃ។ គណបក្ស​ទាំង​ពីរ នឹង​ទទួល​បាន​​អាសនៈ​លើសពី ២៥ ដែលជាកម្រិតមួយដែលអាចស្នើតែងតាំងនាយក​រដ្ឋមន្ត្រីបាន។

ប៉ុន្តែ​ពួកគេ​នឹង​មិន​ព្រមបំបែក​សំឡេងឆ្នោត​នោះទេ ពោលគឺបក្ស​យោធា​-រាជានិយម​ នឹង​រួបរួម​គ្នា​នៅជុំវិញ​លោក​ Prayuth។ មនុស្សមួយចំនួនជឿថា «ការបែកបាក់រវាងលោក Prayuth និងលោក Prawit មិនមែនជារឿងពិតនោះទេ។ វាគ្រាន់តែជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីទទួលបានអាសនៈច្រើនជាងមុនប៉ុណ្ណោះ»។

ទី៣៖ «គណបក្ស Move Forward ដែលដឹកនាំដោយលោក Pita Limjaroenrat នៅតែជាតួអង្គដ៏សំខាន់មួយ ជាពិសេសនៅក្នុងចំណោមប្រជាជនវណ្ណៈកណ្តាល បើទោះបីជាត្រូវប្រឈមមុខនឹងការប្តឹងផ្តល់ជាច្រើនបូករួមទាំងសំណុំ រឿងបរិហារកេរ្តិ៍ចំនួន ១០០ លានបាតនៅក្នុងពេលបច្ចុប្បន្នក៏ដោយ»។ បក្ស Move Forward មានការរៃអង្គាសប្រាក់ដ៏ល្អបំផុតនៅក្នុងចំណោមគណបក្សធំៗ ហើយបច្ចុប្បន្នបក្សនេះកំពុងទទួលបានការគាំទ្រនៅលេខរៀងលំដាប់ទី ៣ ឬទី ៤។ មេដឹកនាំ​បក្សនេះមានភាព​លេចធ្លោរ នៅ​ក្នុង​ការ​ជជែក​ដេញដោល ក៏ប៉ុន្តែ​បក្សនេះ​មិនបានពង្រីក​ការ​គាំទ្ររបស់ខ្លួនឱ្យដល់ទី​ជនបទនោះ​ទេ។

បើទោះបីជាបក្ស Move Forward និងបក្ស Pheu Thai គឺជាចំណុចរាំងស្ទះដ៏រឹងមាំមួយនៅឆ្នាំ ២០១៩ ក៏ដោយ ក៏បច្ចុប្បន្នវាមិនអាចដូចគ្នានឹងកាលពីពេលមុននោះទេ ដោយសារតែជំហររបស់បក្ស Move Forward ជុំវិញកំណែទម្រង់រាជាធិបតេយ្យ។ បក្ស PPRP ដែល​កំពុង​សម្លឹង​រក​កិច្ច​ព្រម​ព្រៀង​ជាមួយ​បក្ស​ផ្សេង​ទៀត បូករួម​ទាំង​ជាមួយអតីត​សត្រូវរបស់ខ្លួនផងនោះ បានយល់​ឃើញ​ថា «បញ្ហា​រាជា​និយម​មាន​លក្ខណៈ​រសើបខ្លាំង​ណាស់»។

ទី៤៖ «បក្ស Bhum Jai Thai (BJT) បានចាកចេញពីសម្ព័ន្ធភាពចម្រុះដែលមានអាយុកាលច្រើនឆ្នាំ និងបានក្លាយទៅជាបក្សដែលអាចឈ្នះការបោះឆ្នោត»។ នៅឆ្នាំ ២០១៩ បក្ស BJT ទទួលបានប្រជាប្រិយភាព ១០,៥% ដោយទទួលបានអាសនៈ ៣៩ អាសនៈ និង ១២ អាសនៈក្នុងបញ្ជីគណបក្ស។

ប៉ុន្តែចាប់តាំងពីពេលនោះមក បក្សនេះបានទទួលអាសនៈបន្ថែមច្រើនជាង ១៥ បន្ទាប់ពីមានការរំលាយគណបក្ស ហើយការស្ទង់មតិកាលពីពេលថ្មីៗនេះបានបង្ហាញថា «បក្សនេះអាចឈ្នះអាសនៈរហូតដល់ទៅ ១០០» ដែលបានធ្វើឱ្យបក្សនេះក្លាយជាបក្សមួយមិនអាចខ្វះបាននៅ ក្នុងចំណោមសម្ព័ន្ធភាពចម្រុះ។ បក្ស UTN និង PPRP ទំនង​ជា​មិន​អាច​ឈ្នះ​អាសនៈ​អប្បរមាដែលត្រូវការក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ ​(ចំនួន ១២៦) នោះទេ បើទោះ​បី​មាន​ការ​គាំទ្រ​ពី​ព្រឹទ្ធសភា​ក៏​ដោយ។

បាតុករ​តវ៉ា​នៅ​ពេល​តុលាការ​ធម្មនុញ្ញ​របស់ថៃ​ប្រកាស​សាលក្រម​លើ​ការ​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​ Prayuth Chan-ocha។ រូបថត៖ Reuters/File

សម្ព័ន្ធភាពយោធា-រាជានិយមណាក៏ដោយ ក៏អាចនឹងត្រូវរួមបញ្ចូលគណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Jurin Laksanawisit ផងដែរ។ គណបក្សប្រជាធិបតេយ្យទំនងជាអាចដណ្តើមបានប្រហែល ៤០ អាសនៈ។

មេដឹកនាំបក្ស BJT គឺលោក Anutin Charnvirakul នៅតែមានភាពទាក់ទាញ បើទោះបីជាប្រជាប្រិយភាពថ្នាក់ជាតិរបស់លោកបានធ្លាក់មកនៅ ៥% នៅក្នុងការស្ទង់មតិនៅចុងឆ្នាំ ២០២២ ក៏ដោយ។ ក្នុងនាមជាអតីតសមាជិកបក្ស Pheu Thai ម្នាក់ លោកកំពុងបម្រើការក្នុងរដ្ឋាភិបាលនៃបក្ស PPRP ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោក Prayuth អាច​នឹងបន្តកាន់​តំណែង​ជាមួយ​នឹង​ការ​សន្យា​ថា «លោកនឹងប្រគល់​អំណាចនៅ​ឆ្នាំ ២០២៥ នៅ​ពេល​ដែល​​អាណត្តិ​របស់​លោក​ត្រូវ​ផុតកំណត់»។ សរុបមក ប្រព័ន្ធបោះឆ្នោតរបស់ថៃនៅតែជាប្រព័ន្ធមួយប្រកបដោយការក្លែងបន្លំ ជាមួយនឹងការរួមបញ្ចូលគ្នាដ៏គ្រោះថ្នាក់នូវមេដឹកនាំដែលគ្មានប្រជាប្រិយភាព ដែលមកពីបក្សដែលគ្មានប្រជាប្រិយភាព និងដែលអាចបន្តនៅក្រាញអំណាច។ វានៅមិនទាន់មានសម្ពាធគ្រប់គ្រាន់នៅឡើយទេក្នុងការជំរុញឱ្យបក្សយោធា-រាជានិយម ធ្វើកំណែទម្រង់នយោបាយប្រកបដោយអត្ថន័យ៕

South China Morning Post

អត្ថបទទាក់ទង