ខ្មែរប៉ុស្ដិ៍ Close

ប្រទះឃើញត្រីផ្សោតងាប់អណ្ដែតមកទើរលើឆ្នេរសមុទ្រក្នុងពោះគេឃើញមាន…..

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 10

ខេត្តព្រះសីហនុ៖ ត្រីផ្សោតសមុទ្រមួយក្បាលមានទម្ងន់ប្រហែលជាង១០០គីឡូក្រាម ស៊ីចំណីមានច្រក នៅក្នុងថង់ប្លាស្ទិក បណ្ដាលឲ្យងាប់ ហើយខ្មោចរបស់វា បានអណ្ដែតមកទើរលើឆ្នេរកោះរ៉ុងសន្លឹម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋដែលបានប្រទះឃើញខ្មោចត្រីផ្សោតនេះ បានឱ្យដឹងថា ត្រីផ្សោតសមុទ្រមួយក្បាលនេះ ទំនង​ជាងាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយ មុននឹងអណ្តែតមកទើរនៅលើឆ្នេរកោះរ៉ុងសន្លឹមនេះ។ ក្រោយពេលប្រទះឃើញភ្លាមៗ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យ។

មន្ត្រីជំនាញដែលចុះពិនិត្យខ្មោចត្រីផ្សោតដល់ទីតាំងកើតហេតុ បានសន្និដ្ឋានថា ត្រីផ្សោតសមុទ្រដ៏កម្រមួយក្បាលនេះ ទំនងជាងាប់ ដោយសារតែវាស៊ីចំណីសេសសល់ដែលខ្ចប់ នៅក្នុងស្បោងប្លាស្ទិក ហើយត្រូវមនុស្សបោះចោល ពេលធ្វើដំណើរតាមផ្លូវសមុទ្រ។

មន្រ្ដីជំនាញដដែលបានបន្តថា បើតាមការពិនិត្យនៅលើខ្មោចត្រីផ្សោតនោះ គឺឃើញនៅក្នុងពោះរបស់វា​មានសុទ្ធតែកញ្ចប់ចំណីច្រកស្បោងប្លាស្ទិក។

ជាមួយនេះ មន្ត្រីជំនាញបានអំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ មេត្តារួមគ្នា លុបបំបាត់នូវបញ្ហាបោះចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅក្នុងសមុទ្រ ដើម្បីការពារនូវបរិស្ថានផង និងការពារជីវិតសត្វសមុទ្ររបស់យើងទាំងអស់គ្នាផង៕

ប្រភព៖ ព័ត៌មាន