ប្រសាសន៍សំខាន់ៗរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ នេះ
ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗមួយចំនួនរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅក្នុងជំនួបជាមួយបងប្អូន កូនក្មួយ ដែលជាកម្មករ កម្មការិនីនៅតំបន់សែនសុខ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ នេះ៖
- សម្ដេចបាន រម្លឹកពីគុណបំណាច់នៃការសង្គ្រោះជាតិដែលផ្ដើមចេញពីការប្រយុទ្ធតស៊ូរបស់សម្ដេច
- សម្ដេចបានប្រៀបធៀបពីការលំបាកនៅពេលរំដោះប្រទេសដំបូង ជាមួយនឹងស្ថានភាពបច្ចុប្បន្ន
- សម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលបានចំណាយជាង ២២ លានដុល្លារជួយដល់កម្មករដែលថៅកែក្ស័យធន និងរត់ចោល
- សម្ដេចស្នើអោយលោក ស៊ុន ចាន់ថុល ចចារជាមួយនឹងលោក គិត ម៉េង ក្នុងការមិនយកថ្លៃធ្វើដំណើរតាមរថភ្លើងនៅឱកាសបុណ្យភ្ជុំខាងមុខ
- សម្ដេចបាន រម្លឹកពីការបញ្ចុះថ្លៃភ្លើង ថ្លៃទឹក
- សម្ដេចបានលើកឡើងថា ការលួចហ្វេសប៊ុករបស់លោក គឺជាអំពើឧក្រិដ្ឋកម្មមួយដ៏អាក្រក់បំផុត ដែលពិភពលោកគួរថ្កោលទោស
- សម្ដេចបានលើកឡើងថា «កុំឃើញទឹកស្ងប់ ថាក្នុងទឹកគ្មានត្រីអោយសោះ។ ពេលនេះរដ្ឋាភិបាលកំពុងធ្វើការជាមួយប៉ូលីសអាំងទែប៉ូល»
- សម្ដេចបានលើកឡើងថា «ការលួចយកហ្វេសប៊ុក លុបទិន្នន័យ និងផុសផ្ដេសផ្ដាសបែបនេះ គឺជាអំពើភ្លីភ្លើបំផុត»
- សម្ដេចបានលើកឡើងថា រឿងជួលឃាតករអោយសម្លាប់គេ នៅស្រុកបារាំង ហើយគេសរសេរថា គេទទួលបានដំណឹងនេះពីចារកម្មបារាំង។ សម្ដេច ទុកលទ្ធភាពអោយលោក ម៉ាក្រុង ដើម្បីធ្វើការស៊ើបអង្កេតលើរឿងនេះ
- សម្ដេច លើកឡើងថា កុំថាឡើយជីវិតមនុស្ស សូម្បីតែជីវិតសត្វក៏សម្ដេចមិនហ៊ានប៉ះពាល់ដែរ
- សម្ដេច បានមើលឃ្លីបសាមកុកខ្លី នៅលើយូធូប ដែលមានសាច់រឿងទាក់ទងនឹងការសម្លាប់បណ្ឌិត កែម ឡី។ ឆាវៗបាននិយាយថា ចង់រកអ្នកដែលនៅពីក្រោយខ្នងការស្លាប់របស់បណ្ឌិត កែម ឡី គឺងាយស្រួលណាស់ គេត្រូវមើលថា តើនរណាដេលបានប្រយោជន៍ពីការស្លាប់នេះ
- សម្ដេច ផ្ញើរសារទៅ លោក ស៊ន ដារ៉ា រឿងថា «ហ៊ុន សែន ចប់ហើយ ដូរ» ថា «រដ្ឋាភិបាលអាណត្តិទី ៥ ចប់ហើយ រដ្ឋាភិបាលអាណត្តិទី ៦ នឹងចាប់ផ្ដើម» ពេលនោះ «ហ៊ុន សែន ក៏នឹងត្រូវដូរពីអាណត្តិទី ៥ ទៅអាណត្តិទី ៦»។ សម្ដេចបានលើកឡើងថា «បងមិនចង់ឌឺទៅវិញទេ តែអាប្អូនឯងនិយាយត្រូវពេក សូមនិយាយទៀតអាប្អូន តែកុំភ្លេចកាត់សក់ផង»។ សម្ដេចបានបន្ថែមថា «ពួកនេះគ្រាន់តែព្រុសដូរបាយតែប៉ុណ្ណោះ»
- សម្ដេច សូមផ្ញើរសារមួយទៅគ្រប់មេដឹកនាំទាំងអស់ ជាពិសេសគឺមេដឹកនាំអាមេរិកាំង បើផ្ដួលរំលំ ប៉ុល ពត មិនបានទេ កុំសង្ឃឹមថាដឹកនាំកម្ពុជាមករកសន្តិភាព និងការអភិវឌ្ឍបាន
- សម្ដេចបានលើកឡើងថា «អ្នកដែលជេរហ៊ុន សែន ខ្លាំងៗ មិនប្រាកដថាស្រលាញ់អ្នកឯងខ្លាំងនោះទេ ជេរ ហ៊ុន សែន កាន់តែខ្លាំង ផ្ដល់ព័ត៌មានអោយ ហ៊ុន សែន កាន់តែខ្លាំង»
- សម្ដេច សូមអរគុណដល់ក្រុមហ៊ុន ហ្វេសប៊ុក ដែលបានសហការទាន់ពេលវេលាក្នុងការទប់ស្កាត់ផែនការដ៏អាក្រក់របស់ក្រុមអ្នកលួចផេករបស់សម្ដេច។ ហើយសម្ដេចក៏បានលើកឡើងដែរថា សំណាងណាស់ដែលចោរនោះពុំបានផុសចេញនូវបទបញ្ជារក្លែងក្លាយនានាដែលនាំអោយមានចលាចលក្នុងសង្គម ហើយបណ្ដាញសម្ងាត់របស់សម្ដេចក៏បានផ្ដល់ព័ត៌មានអំពីការលួចនេះផងដែរ
- សម្ដេចអរគុណដល់គណបក្សនយោបាយទាំងអស់ដែលបានចូលរួម ហើយក៏ចូលរួមត្រេកអរដល់គណបក្សនយោបាយមួយចំនួនដែលបានទទួលសម្លេងឆ្នោតរាប់សិបម៉ឺន
- សម្ដេចចង់អោយមានការបង្កើតវេទិកាដើម្បីពិគ្រោះយោបល់រវាងសភា និងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ចាប់ពីអាណត្តិទី ៦ នេះតទៅ។ សម្ដេចចង់អោយមានវេទិកានេះឡើង ដើម្បីពិគ្រោះយោបល់ ដើម្បីអោយមានសម្លេង និងគោលនយោបាយរបស់គេ បានជ្រួតជ្រាបទៅដល់ពលរដ្ឋម្ចាស់ឆ្នោត ដើម្បីអោយពួកគេទទួលបានការគាំទ្របន្ថែមទៀតនៅអាណត្តិក្រោយ។
- វេទិកាពិគ្រោះយោបល់នេះ នឹងធ្វើឡើងរវាងសម្ដេច ក្នុងនាមជានាយករដ្ឋមន្រ្ដី ជាមួយនឹងតំណាង ពីរ ឬបីនាក់ពីគណបក្សនយោបាយដែលពេញចិត្តនឹងចូលរួម បន្ទាប់ពីទទួលបាននូវការអញ្ជើញជាផ្លូវការពីរដ្ឋាភិបាល។ សម្ដេចបានលើកឡើងពីប្រធានបទមួយ ក្នុងការពិគ្រោះយោបល់នេះ គឺការធ្វើយ៉ាងណាដើម្បីអោយធានាបាននូវតម្លៃផលិតផលកសិកម្ម បញ្ចុះតម្លៃចំណីសត្វ ជាដើម ។ល។
- សម្ដេចបានលើកឡើងថា ដើម្បីកុំអោយគណបក្សកាន់អំណាចជិះសេះលែងដៃលើការដឹកនាំប្រទេស សម្ដេចសូមអំពាវនាវអោយគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតទាំងនោះ ចូលរួមក្នុងវេទិកាពិគ្រោះយោបល់នេះ
- សម្ដេចក៏លើកទឹកចិត្តអោយប្រធានគណបក្សនយោបាយទាំងនោះ អាចធ្វើជាទីប្រឹិក្សាក្រសួងនានាដែលត្រូវគ្នាជាមួយនឹងជំនាញ
- សម្ដេចបានលើកឡើងថា សម្ដេចបានស៊ើបដឹងហើយថា មាន ២ គណបក្សកំពុងតែរត់ការយកលុយ គឺគណបក្សខ្មែររួបរួមជាតិ និងមនុស្សមួយចំនួនមកពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច។ ប៉ុន្ដែសម្ដេចនឹងពិនិត្យអញ្ជើញមនុស្សមួយចំនួន មកពីគណបក្សមួយចំនួនដែលនឹងធ្វើជាអនុរដ្ឋលេខា រដ្ឋលេខាធិការ ជំនួយការ ឬទីប្រឹក្សា ប៉ុន្ដែអ្នកទាំងនោះនឹងមកក្នុងនាមអនុវត្តន៍នូវគោលនយោបាយរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ។ ប៉ុនែ្ត សម្ដេចនឹងស្វាគមន៍នូវធាតុចូលពីគណបក្សដទៃ ដើម្បីពង្រឹងនូវគោលនយោបាយរបស់គណបក្សប្រជាជន ដែលអាចនឹងមានការខ្វះចន្លោះ។
- សម្ដេចចង់ជួបជាមួយនឹងបណ្ដាបក្សនយោបាយនានា នៅមុនការបង្កើតរដ្ឋាភិបាលថ្មី នៅឯវិមានសន្តិភាពដែលជាទីស្នាក់ការរបស់គណៈរដ្ឋមន្រ្ដី ឬទីស្នាក់ការរបស់រដ្ឋាភិបាល មិនមែនជារដ្ឋសភា ឬទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជននោះទេ។
- សម្ដេចបានឃើញនូវរាល់ការបោះពុម្ភផ្សាយនានា ដែលចេញដោយគណបក្សនយោបាយនានា ក្នុងគោលដៅបម្រើអោយការអភិវឌ្ឍជាតិ ហើយថាសម្ដេច ក៏ដូចជាគណបក្សប្រជាជនត្រូវតែយកត្រចៀកស្ដាប់ផងដែរ
- សម្ដេចបានលើកឡើងថា រដ្ឋាភិបាលបានជួបជាមួយនឹងស្ថាប័ននានា អង្គការរដ្ឋ និងក្រៅរដ្ឋាភិបាលនានា ដើម្បីពិគ្រោះយោបល់បាន ហេតុអ្វីជួបជាមួយនឹងគណបក្សនយោបាយនានាមិនបាន?
- យន្តការនេះគឺដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែលឿនទៅមុខបន្ថែមទៀត ដោយមានការចូលរួម និងឯកភាពពីគ្រប់ភាគីពាក់ព័ន្ធ
- សម្ដេចជូនពរអោយកម្មករ កម្មការិនី បង្កើតកូនដែលគួរអោយស្រលាញ់ និងសូមកុំអោយពួកគេរស់នៅក្រោមគ្រាប់បែក គ្រាប់កាំភ្លើងដូចជាជំនាន់ជីដូន ជីតារបស់ពួកគេ