ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលា ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 31
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលា ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលា ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកម្មការទូតរយៈពេល៤ឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា ចូលជួបសំដែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០នេះ។

ឯកឧត្តមអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានប្រាប់អ្នក សារព័ត៌មានក្រោយបញ្ចប់ជំនួបនោះថា នៅក្នុងជំនួបនោះ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈ ពេល៤ ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជាឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។

ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណាក់កាលការទូតរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោថា កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។ ឯកឧត្តមពិតជាមានមោទនភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឱ្យឯកឧត្តមរៀបចំកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពមិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តមក៏បានបន្ថែមទៀតថា ឯកឧត្តមពិតជាមានជំនឿជឿជាក់ថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជារយៈពេលកន្លងមក។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរចំពោះការលើកឡើងរបស់សិង្ហបុរីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្ត ម៉ៃឃែល តាន់ (Michael Tan) ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការពង្រីកពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តមកន្លងមកនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ ដែលសមរភូមិ ទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់កុំឱ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅ សមរភូមិទី២ គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍ និងសមរភូមិទី៣ គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ-១៩នេះ ឱ្យជាសះស្បើយ៕

អត្ថបទទាក់ទង