ខ្មែរប៉ុស្ដិ៍ Close

ជនក្បត់ក្នុងបញ្ជី​១១៨នាក់ ចេញមុខការពារមេក្រុមក្បត់ជាតិ!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 55
ជនក្បត់ក្នុងបញ្ជី​១១៨នាក់ ចេញមុខការពារមេក្រុមក្បត់ជាតិ! ជនក្បត់ក្នុងបញ្ជី​១១៨នាក់ ចេញមុខការពារមេក្រុមក្បត់ជាតិ!

សូរ សមយុទ្ធ​ ដែលមានឈ្មោះពិត ឡុង គឹមឃន ​បច្ចុប្បន្នជាប់ក្នុងបញ្ជីហាមឃាត់ការធ្វើសកម្មភាពនយោបាយ៥ឆ្នាំ​ តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូលកម្ពុជា បានចេញមុខការពារមេចលនាឧទ្ទាម CNRM​ សម រង្ស៊ី​ និងអាយ៉ងបរទេស កឹម សុខា ដែលកំពុងជាប់ឃុំក្នុងគុកត្រពាំផ្លុង ដោយបានទំយើជនក្បត់ទាំងពីររូបថា ជាជនដែលមានសារៈសំខាន់ និងចាំបាច់សម្រាប់ស្ថិរភាពជាតិទៅវិញ។

តើ ទណ្ឌិត សម រង្ស៊ី​ និងជនជាប់ចោទ កឹម សុខា មានឥស្សរភាពសមជាជនសំខាន់ខ្វះមិនបានសម្រាប់ការពង្រឹងសន្តិភាព និងសេចក្តីសុខក្រេមក្សាន្តនៃពលរដ្ឋខ្មែរ ឬក៏ជាមេឆ្នួនសង្គ្រាម ដែលដុតបញ្ឆេះកំហឹង និងការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីបំបែកបំបាក់ជាតិ ​និងបំផ្លាញកម្ពុជា?

វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ បើចង្កូមកំណាច មិនត្រូវបានកាច់បំបាក់ ឬចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលាដោយអាវុធច្បាប់ និងរំលាយជំរុំក្តៅប្រមូលផ្តុំដោយពួកក្រុមហឹង្សានិយមទេនោះ​ ម៉្លេះសមកម្ពុជាកំពុងធ្លាក់ចូលជ្រៅក្នុងសង្គ្រាម និងទុក្ខសោកវិនាសកម្មដូចបណ្តាប្រទេសមួយចំនួនដែលកំពុងរងគ្រោះខ្លោចផ្សាយ៉ាងដូច្នោះដែរ។

គួរឱ្យអាសូរអ្នកវិភាគអស់លក្ខណ័​ សូរ សមយុទ្ធ ដែលធ្លាប់ផ្តល់ជាយុទ្ធសាស្ត្រជួយខ្មោចបក្សសង្គ្រោះជាតិ តែដោយភាពស្ទើរបទពិសោធន៍ លោកមិនបានយឹតយោងបក្សប្រឆាំងមួយនោះឱ្យរស់រានក្នុងបន្ទាត់នយោបាយនៅទីភ្លឺបាន ទីបំផុត បក្សក៏ត្រូវរលាយ និងថ្នាក់ដឹកនាំបក្ស១១៨នាក់ មានទាំងរូបលោក ឡុង គឹមឃន ផងដែរ ក៏ត្រូវខ្ចាត់ព្រាត់ តែលតោល។ 

សូរ សមយុទ្ធ​ ! ​សាររបស់លោកពេលនេះ​ ក៏មិនខុសពីពេលកន្លងទៅដែរ គឺជាសារបោកប្រាស់ សារបែបថ្នាំពិស លាបពណ៌ និងជាគំនិតទុទិដ្ឋិនិយមដ៏ជ្រុលហួសហេតុបំផុត និងមិនសមលោកភ្លេចខ្លួន ថា ក្នុងដំណាក់កាលនេះ​ ពលរដ្ឋកម្ពុជាឆោតល្ងង់ ចាញ់ឧបាយកលរបស់ក្រុមប្រឆាំងទៀតឬអ្វី?​ លោកយល់ខុសហើយ ហើយក៏មិនគួរគប្បី​ សូរ សមយុទ្ធ​ ចាត់ទុកជនក្បត់ដែលខ្មែរជិតមួយនគរដឹងថា សម រង្ស៊ី​ និង កឹម សុខា​ ឃុបឃិតទទួលបញ្ជាពីបរទេស ដើម្បីអនុវត្តផែនការទុចរិតបំផ្លាញកម្ពុជា  បែរជា សូរ ​សមយុទ្ធ ចោទប្រកាន់ដោយបញ្ឆិចបញ្ឍៀង មកលើអ្នកដែលរក្សាលំនឹងស្ថិរភាពសង្គម ថា មានគំនិតគុំគួន ប៉ុនប៉ងកំចាត់ សម រង្ស៊ី​ និង កឹម សុខា ទៅវិញ។ 

ការពិត ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា  គឺពិតជាបានសុខស្ងប់ មិនភ័យព្រួយ​បារម្ភអំពីកម្ពុជានឹងមានវិបត្តិនោះឡើយ ខណៈ​សម រង្ស៊ី​ និង កឹម សុខា មិនមានវត្តមាននយោបាយបែបក្តៅក្រហាយ ដុតរោលសង្គមទៀតនោះ។ 

កម្ពុជា​ បាននិងកំពុងធានាបាននូវ សុខសន្តិភាព​ ស្ថិរភាពនយោបាយយ៉ាងពេញលេញ​ គ្មានភាពវឹកវចលាចល ដូចក្នុងពេលបក្សជំរុំព្រះអាទិត្យដែលបានឆាបឆេះ​ឱ្យខ្មែរជ្រួលច្របល់​នោះទេ។

ប្រជាជនកម្ពុជាជាង១៦លាននាក់ កំពុងឈរនៅក្នុងភាពជាម្ចាស់ប្រទេស ម្ចាស់ជោគវាសនារបស់ខ្លួនក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយពលរដ្ឋកម្ពុជាដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតជិត៩លាននាក់ បាននិងកំពុងត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីស្ថិរភាព សុខសន្តិភាព​ និងការអភិវឌ្ឍសង្គម គឺពលរដ្ឋមិនបាននឹកនាដល់ជនដែលនាំគ្រោះដល់ជាតិនោះឡើយ។ ផ្ទុយទៅវិញ​ ពួកគាត់បន់ស្រន់ និងអហោសិកម្ម បួងសួងឱ្យឧបទ្រុបចង្រៃនោះ​ចៀសចេញឱ្យឆ្ងាយ ដើម្បីប្រជាជនកម្ពុជាស្គាល់ស្នាមញញឹមក្នុងរយៈពេលយ៉ាងតិច ៣០ ឬ៤០ឆ្នាំទៅមុខទៀត បើកម្ពុជាមានមេដឹកនាំប្រទេសដែលស្រឡាញ់សន្តិភាពដូចលោក ហ៊ុន​ សែន កាន់ចង្កូតបន្តទៀត។

ជាការខុសឆ្គងមួយទៀតផងដែរ ក្នុងសំណេររបស់ សូរ សមយុទ្ធ សរសេរបំផ្លើសដោយយកតួអង្គមារ ដែលកសាងបាបកម្មក្រាស់ឃ្មឹក មកប្រដូច ឬបូកផ្សំជាមួយភាពជាឥស្សរៈរបស់ លោក ហ៊ុន សែន និងលោក ស ខេង ថា​​ទាល់តែមាន សម រង្ស៊ី​ និង កឺម សុខា ចូលរួមនយោបាយផងដែរ ទើបស្ថិតនៅក្រោមដំបូលជាតិតែមួយដែលធានាឱ្យមានបរិយាកាសនយោបាយបានល្អប្រសើរ មានគុណភាព​ និងមានគុណតម្លៃ។

ពិតណាស់ថា អ្នកសាបព្រួសខ្យល និងបានមកនូវព្យុះសង្ឃរា ។ យ៉ាងណាមិញ សម រង្ស៊ី​ និង កឹម សុខា ដែលបានក្បត់កម្ពុជាហើយនោះ​ ទើបពោរពេញដោយកំហិង និងការសងសិកគ្មានទីបញ្ចប់ទេ ហេតុដូចនេះហើយ ទើប សម រង្ស៊ី​ មិនខ្លាចញញើតនឹងហ៊ានធ្វើទង្វើអគុណធម៌សព្វបែបយ៉ាង​ដើម្បីបំផ្លាញការបោះឆ្នោត។ ក្នុងទិសដៅតែម៉្យាងគត់ ​បើការញុះញង់បានសម្រេច សម រង្ស៊ី​ សង្ឃឹម និងរំពឹងទុកថា ឱកាសនៃការសងសិក បំផ្លាញកម្ពុជា បំផ្លាញរបបរាជានិយមអាស្រ័យធម្មនុញ្ញ នឹងត្រូវខ្ទេចខ្ទីរាបដល់ដី​ ហើយកម្ពុជានឹងក្លាយទៅជាផេះ​ ដោយសារតែ កំសួលនៃការបរាជ័យ នឹងដុតបញ្ឆេះកំហឹងឱ្យពុះកញ្ជ្រោលឡើង។

ប៉ុន្តែ​ ​ជាមហាភ័ព្វសំណាងរបស់ប្រជាជនកម្ពុជា ដែលទឹកដីអង្គរក្នុងយុគសម័យនេះ​ មានលោក ហ៊ុន សែន គ្រប់គ្រង ដឹកនាំរាជរដ្ឋាភិបាល និងប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ ហើយបាននិងកំពុងគិតគូរជាចំបងបំផុត គឺការរក្សាបាននូវស្ថិរភាពនយោបាយ ទប់ស្កាត់ការវិលត្រឡប់មកវិញនូវសង្គ្រាមបង្ហូរឈាម ​ ទើបខ្មែរបានសុខដូចសព្វថ្ងៃ។

សច្ចធម៌នៃប្រវត្តិសាស្ត្រនេះ​ យើងជាប្រជាជនកម្ពុជាចងចាំ និងកត់ត្រាទុក​ នូវគុណូបក្ការៈរបស់លោក ហ៊ុន សែន ដែលជាស្ថានិកសន្តិភាព​ និងការបង្រួបបង្រួមជាតិរបស់កម្ពុជា។ ប៉ុន្តែ​ ទោះក្នុងតម្លៃណា ក​៏ដោយលោក ហ៊ុន​ សែន នឹងមិនលើកលែងចំពោះ​ជនក្បត់ទាំងពីរ សម រង្ស៊ី​ និង កឹម សុខា​ និងគូកនដែលជាកូនជឹងទទួលបញ្ជាបរទេស យកបរទេសជាចៅហ្វាយនាយ​​ក្នុងចេតនាបំផ្លាញកម្ពុជាម្តងហើយ ម្តងទៀតនោះទេ។ សន្តិភាពនេះ​ ពិតជារកបានដោយកម្របំផុត ហើយគ្មានការចូលរួមពីបាតដៃ​ជនក្បត់ទាំងពីររូប ​សម រង្ស៊ី​ និង កឺម សុខា ដូចសូរ សមយុទ្ធ​ ពិពណ៌នាទាំងបំពានទឹកចិត្តប្រជាជនកម្ពុជា ថា ជននេះមានស្មារតីសាមគ្គីជាតិតែមួយនោះឡើយ ​ពីព្រោះជាក់ស្តែង ទង្វើក្បត់ជាតិ ក្បត់ប្រជាជន និងព្រះមហាក្សត្រ គឺជនក្បត់ទាំងពីររូប សម រង្ស៊ី​ និង កឹម សុខា បានប្រព្រឹត្តរួចទៅហើយ។

សូមខ្មោចដែលស្លាប់ទៅហើយនោះ​ ឱ្យព្រលឹងវិញាណបានចាប់កំណើតនៅទីណាដែលមិនមែនជាទឹកដីកម្ពុជាទៅចុះ​ ហើយបើ ជនក្បត់ទាំងពីរ ពិតជាស្រឡាញ់ជាតិពិតមែន សូម សូរ សមយុទ្ធ បញ្ជូនសារនេះទៅប្រាប់ផងថា ឈប់បំផ្លាញកម្ពុជាទៀតទៅ​ ហើយ សូរ សមយុទ្ធ​ ខ្លួនឯងក៏គួរតែចូលរួមមតិយោបល់ដោយសុចរិត ទៀងត្រង់​ និងត្រូវចាំទុកផងដែរថា “កុកតែងភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ” ក្នុងបញ្ជី១១៨នាក់ ក៏មាន សូរ សមយុទ្ធ​ ដែលមានឈ្មោះពិត ឡុង​ គឹមឃនផងដែរ ​អាចនឹងត្រូវប្រឈមចំពោះមុខច្បាប់បន្ថែមលើបទល្មើសដែលមានស្រាប់៕

ដោយ: សេនាជំនិត