ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យអ្នកនយោបាយក្រុមប្រឆាំង បញ្ឈប់ការលាបពណ៌លើ អតីតសហការីដែលសុំសិទ្ធិធ្វើនយោបាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យអ្នកនយោបាយក្រុមប្រឆាំង បញ្ឈប់ការលាបពណ៌លើ អតីតសហការីដែលសុំសិទ្ធិធ្វើនយោបាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យអ្នកនយោបាយក្រុមប្រឆាំង បញ្ឈប់ការលាបពណ៌លើ អតីតសហការីដែលសុំសិទ្ធិធ្វើនយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានស្នើដល់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ឱ្យបញ្ឈប់ការលាបពណ៌ វាយប្រហារលើ អតីតសហការីរបស់ខ្លួនដែលបានទៅស្នើសុំសិទ្ធិធ្វើនយោបាយតទៅទៀត ដោយសារតែការស្នើសុំនេះគឺជាសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ បានស្នើសុំឱ្យពួកអ្នកនយោបាយទាំងឡាយ កុំលាបពណ៌គ្នា ឃើញគេចេញមកធ្វើនយោបាយហើយ មកចោទដល់គណបក្សប្រជាជន ចោទមកដល់រាជរដ្ឋាភិបាលថា ទិញដូរមនុស្ស។ សូមបញ្ជាក់ត្រឡប់ សារជាថ្មីម្តងទៀតថា អ្នកបានមើលស្រាលដល់អតីតសហការីរបស់អ្នក ស្មើនឹងទំនិញទិញដូរ នោះហើយជាភាពបរាជ័យ ដែលអ្នកធ្លាប់ទទួល»។

អំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី រួមទាំងបក្ខពួកប្រឆាំង នៅក្រៅប្រទេសបានលាបពណ៌ទៅលើ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងថ្នាក់ដឹកនាំ ដទៃទៀតរបស់ អតីតគណបក្សប្រឆាំង ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយ ពីក្រសួងមហាផ្ទៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា នៅពេលដែលអ្នកទាំងនោះ នៅជាមួយក្រុមលោក សម រង្ស៉ី មេក្រុមប្រឆាំងនេះតែងតែចាត់ទុកពួកគេថាជាមនុស្សល្អ ប៉ុន្តែដល់ពេលដែលពួកគេ មិនឯកភាពហើយចាកចេញ បែរជាចោទថា សម្តេច ហ៊ុន សែន ជាអ្នកទិញមនុស្សទៅវិញ។

លោកបញ្ជាក់ថា «អ្នកបានចាត់ទុកថា អតីតសហការីរបស់អ្នកធ្លាប់គិតថា បានជោគជ័យជាមួយអ្នក ទៅជាទំនិញទិញដូរទៅហើយ មិនគួរទេក្នុងឋានៈជាអ្នកនិយាយក្តែងៗថា គោរពលទ្ធិប្រជាធិ បតេយ្យ គោរពនូវសិទ្ធិសម្រេចរបស់បុគ្គល បែរជាត្រូវនិយាយភាសាបែបនេះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំឮកថា ការលាបពណ៌លើអ្នកស្នើសុំសិទ្ធិធ្វើនយោបាយ រហូតដល់ថា ត្រូវទិញមនសិការក្នុង ម្នាក់១០ម៉ឺន ម្នាក់២០ម៉ឺននោះ គឺជាការរំលោភពលើសេរីភាពនៃសម្រេចចិត្តរបស់ពួកគេ ។ លោកបានសម្តែងការហួសចតិ្ត ដោយមិននឹកស្មានថា អ្នកនយោបាយដែលបានអួតខ្លួនឯងថាជា អ្នកប្រជាធិបតេយ្យបែរជាបំពានសិទ្ធិសម្រេចរបស់បុគ្គលបែបនេះទាល់តែសោះ។

សូមបញ្ជាក់ថា គិតរហូតដល់ពេលនេះ (ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩) មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ក្នុងចំណោមមនុស្ស១១៨នាក់ (ស្លាប់ម្នាក់) ដែលជាប់បម្រាមនយោបាយ ត្រូវបាន ព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បានយោបាយឡើងវិញជាបន្តបន្ទាប់ ក្រោយពេលពួកគាត់បានដាក់លិខិតស្នើសុំនីតិសម្បទានេះ ទៅកាន់ក្រសួងមហាផ្ទៃ។

អតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនោះ រួមមាន ទី១៖ លោក គង់ គាំ ទី២៖លោក គង់ បូរ៉ា ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និងទី៩៖ លោក ច័ន្ទ សិលា ផងដែរ ៕

ប្រភពព័ត៌មាន Fresh New