ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ៊ុនតាក់មិនបានសម្រេចតាមអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាននោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3963
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ៊ុនតាក់មិនបានសម្រេចតាមអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាននោះទេលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ៊ុនតាក់មិនបានសម្រេចតាមអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាននោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន គឺចង់ឲ្យអ៊ុនតាក់ (UNTAC) បញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ ប៉ុន្តែអ៊ុនតាក់បានដកខ្លួនចេញទៅវិញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយមិនបានបញ្ចប់ភ្លើងសង្គ្រាម ហើយទុកឲ្យកម្ពុជា ជាប្រទេសមួយមានតំបន់ត្រួតត្រាពីរ ទោះបីគេចាយលុយអស់ជាង ២ពាន់លានដុល្លារក៏ដោយចុះ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ដើម្បីរកដំណោះស្រាយក្នុងការបញ្ចប់សង្គ្រាម គឺផ្តើមចេញពីការចចាររវាងសម្តេចព្រះបរមរតនកោដ និងរូបលោក នៅហ្វ៊ែអង់តាឌឺណ័រ និងការចចារនៅតាមវេទិកាដទៃៗ និងរហូតដល់សន្និសីទទីក្រុងប៉ារីស ដែលបង្កើតបានជាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហានោះ ប៉ុន្តែអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន គឺអ៊ុនតាក់មិនអាចសម្រេចបានឡើយ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន គឺចង់ឲ្យអ៊ុនតាក់បញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ ប៉ុន្តែអ៊ុនតាក់បានដកខ្លួនចេញទៅវិញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយមិនបានបញ្ចប់ភ្លើងសង្គ្រាម ហើយទុកឲ្យកម្ពុជា ជាប្រទេសមួយមានតំបន់ត្រួតត្រាពីរ ទោះបីគេចាយលុយអស់ជាង ២ពាន់លានដុល្លារក៏ដោយនោះ។

ប៉ុន្តែយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏មិនភ្លេចគុណរបស់អង្គការសហប្រជាជាតិដែលបានចូលរួមចំណែកដោះស្រាយបញ្ហាជាច្រើនរបស់ប្រទេសកម្ពុជា។ យ៉ាងហោចណាក្នុងចំណោមភាគី៤ គឺមានភាគី៣ ដែលបានចូលរួមនៅក្នុងរាជរដ្ឋាភិបាលចម្រុះ និងបានចូលរួមនៅក្នុងការបោះឆ្នោតជាតិជាលើកដំបូងនៅឆ្នាំ១៩៩៣ លើកលែងតែពួកខ្មែរក្រហម។

សូមបញ្ជាក់ជូនថា អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ (អ៊ុនតាក់) ត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាបន្ទាប់ពីសង្គ្រាមស៊ីវិលរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការឈ្លានពានរបស់វៀតណាមនៅឆ្នាំ១៩៩១។ បេសកកម្មរបស់អ៊ុនតាក់ បានចាប់ផ្តើមពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ គឺដើម្បីស្ដារប្រទេសជាតិឡើងវិញ និងចាប់ផ្តើមសករាជលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពថ្មីមួយឡើងវិញ។ អ៊ុនតាក់ (UNTAC) បានរៀបចំការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា នៅខែឧសភា ឆ្នាំ១៩៩៣ ប៉ុន្តែខ្មែរក្រហមពុំបានចូលរួមនៅក្នុងការបោះឆ្នោតនេះទេ និងបានកាន់កាប់ នៅភាគខាងលិចប្រទេស ចំណុចព្រំដែនកម្ពុជា-ថៃ។

ក្រោមនយោបាយ «ឈ្នះ ឈ្នះ» ដែលដាក់ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំ១៩៩៨ អង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន ត្រូវបានរំសាយដោយគ្មានការប្រយុទ្ធ។ នយោបាយ «ឈ្នះ ឈ្នះ» តាមរយៈការបញ្ចុះបញ្ចូលនេះ មានយុទ្ធសាស្ត្របីចំណុសំខាន់ៗ ក្នុងការធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហម៖ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិសុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។ ខ្មែរក្រហមត្រូវបានរំលាយទាំង ស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំឱ្យមានសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ៕