ខ្មែរប៉ុស្ដិ៍ Close

ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ ថ្កោលទោសចំពោះរបាយការណ៍វាយតម្លៃរបស់អង្គការ ANFREL ដែលបង្កប់ដោយចេតនាទុច្ចរិត និងមានរបៀបវារៈនយោបាយបម្រើផលប្រយោជន៍ក្រុមប្រឆាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកសារ 55
ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ ថ្កោលទោសចំពោះរបាយការណ៍វាយតម្លៃរបស់អង្គការ ANFREL ដែលបង្កប់ដោយចេតនាទុច្ចរិត និងមានរបៀបវារៈនយោបាយបម្រើផលប្រយោជន៍ក្រុមប្រឆាំង ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ ថ្កោលទោសចំពោះរបាយការណ៍វាយតម្លៃរបស់អង្គការ ANFREL ដែលបង្កប់ដោយចេតនាទុច្ចរិត និងមានរបៀបវារៈនយោបាយបម្រើផលប្រយោជន៍ក្រុមប្រឆាំង

នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍ បដិសេធទាំងស្រុងចំពោះរបាយការណ៍វាយតម្លៃរបស់អង្គការ ANFREL ដោយគ្មានមូលដ្ឋាន និងប្រឌិតរឿងដោយខ្លួនឯងធ្វើជាអំណះអំណាង ដែលមិនឆ្លុះបញ្ចាំងពីការពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានបញ្ជាក់ថា ក្នុងរបាយការណ៍កម្រាស់១៥ទំព័រ អង្គការ ANFREL បានធ្វើការវាយតម្លៃបង្កប់ដោយចេតនាទុច្ចរិត និងមានរបៀបវារៈនយោបាយសំដៅបម្រើផលប្រយោជន៍ឱ្យក្រុមប្រឆាំង។

លោក ប៉ុល សីហា ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា ក្នុងនាមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយយើងសូមអំពាវនាវដល់លោក គល់ បញ្ញា និងអង្គការ ANFREL សូមបោះបង់ចោលនូវកលល្បិច និងគំនិតដែលចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា។ យើងសូមកត់សម្គាល់ដោយច្បាស់នឹងភ្នែកថា ការបោះឆ្នោតខែកក្កដាខាងមុខ ពោរពេញដោយការប្រកួតប្រជែងយ៉ាងទូលំទូលាយបំផុតពី សំណាក់គណបក្សនយោបាយចំនួន២០ដែលបានចុះឈ្មោះរួច។ រហូតមកដល់ពេលនេះ គណបក្សនយោបាយ ទាំងនោះ បានធ្វើសកម្មភាពដោយសេរី ក្រោមការជួយសម្របសម្រួលគ្រប់បែបយ៉ាងពីអាជ្ញាធររាជរដ្ឋាភិបាល ដោយគ្មានបញ្ហាណាមួយកើតឡើងទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយបានធ្វើសកម្មភាពដោយសេរីនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត ការបោះឆ្នោតនេះក៏ធ្វើឡើងដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិដែរ។

លោក ប៉ុល សីហា ក៏បានបញ្ជាក់បន្ថែមថា ដើម្បីបុព្វហេតុលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យើងសូមលើកទឹកចិត្តឱ្យគ.ជ.ប.បំពេញកិច្ចការងារ របស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងដោយឈរលើមូលដ្ឋានច្បាប់ជាបន្តទៀត ដោយគ្មានមជ្ឈដ្ឋានណាអាចបំផ្លាញការបោះឆ្នោតនេះបានឡើយ។ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ដោយសារបរិយាកាសនៃការបោះឆ្នោតល្អ ភាពប្រកួតប្រជែងក៏មានច្រើន ដូច្នេះប្រជាពលរដ្ឋខ្មែរនឹងទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករស្របតាមការអំពាវនាវរបស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ នៃយើង គឺមិនដូចជារបាយការណ៍គ្មានមូលដ្ឋានរបស់អង្គការ ANFREL នោះឡើយ៕

អត្ថបទទាក់ទង