ខ្មែរប៉ុស្ដិ៍ Close

អ្នកចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរលើកទី៥ ឆ្នាំ២០១៨ នៅខេត្ដសៀមរាប បានជាង២.០០០នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 18
អ្នកចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរលើកទី៥ ឆ្នាំ២០១៨ នៅខេត្ដសៀមរាប បានជាង២.០០០នាក់ អ្នកចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរលើកទី៥ ឆ្នាំ២០១៨ នៅខេត្ដសៀមរាប បានជាង២.០០០នាក់

ទិវារត់ប្រណាំងសប្បុរសធម៌ ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៥ ដែលនឹងចូលរួមដល់ នាថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាពេលឆាប់ៗខាង មុខនេះ ទទួលបានអ្នកចុះឈ្មោះជាតិ និងអន្តរជាតិជាង២.០០០ នាក់ហើយ។

នាយកប្រតិបត្តិទិវាម៉ារ៉ាតុងចក្រភពខ្មែរ លោក សែម ផល្លា មានប្រសាសន៍ប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃនេះ អ្នកចុះឈ្មោះបានចំនួនជាង ២.០០០នាក់ ក្នុងនោះអ្នករត់អន្តរជាតិ បានចំនួន១.០០០នាក់ មកពី៤៨ប្រទេស ដែលអ្នករត់ ជនជាតិចិនច្រើនជាងគេជាង៦០០នាក់ បន្ទាប់មកជប៉ុន និងម៉ាឡេស៊ី និងអ្នករត់ខ្មែរបានជាង ១.០០០នាក់។ លោកបានបន្ដថា ចំពោះអ្នកចុះឈ្មោះសម្រាប់វិញ្ញាសារត់ម៉ារ៉ាតុង​ចម្ងាយ៤២ គីឡូម៉ែត្រ មាន៥០០នាក់, វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ មានជាង៦០០នាក់ ក្រៅពីនេះ អ្នករត់ជាតិ និងអន្តរជាតិបានចុះឈ្មោះរត់លើវិញ្ញាសា១០គីឡូម៉ែត្រ និង៣គីឡូ ម៉ែត្រ។

លោកជឿជាក់ថា ចំនួននេះ នឹងកើនឡើងជាបន្តទៀតអាចចន្លោះពី ២.៥០០នាក់ ឬច្រើនជាងនេះ ទម្រាំដល់បិទបញ្ជីនៃការចុះឈ្មោះ។
នាយកប្រតិបត្តិទិវារត់ម៉ារ៉ាតុងអន្តរជាតិនៅកម្ពុជារូបនេះបានសំណូមយ៉ាងទទូចឱ្យអ្នកដែលមានបំណងចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះសូមចុះឈ្មោះឱ្យបានទាន់ពេលវេលា និងឱ្យបាន ច្រើនកុះករដើម្បីងាយស្រួលដល់គណៈកម្មការបច្ចេកទេសរៀបចំជូន ពីព្រោះថា សម្ភារ ដូច ជាអាវ និងលេខសម្រាប់អ្នករត់ត្រូវកម្ម៉ង់មុនពីក្រៅប្រទេស ហើយប្រសិនបើចុះឈ្មោះ កៀកថ្ងៃប្រកួតពេក គឺមានការលំបាកក្នុងការរៀបចំ និងខ្វះលេខរត់ជាដើម។

ជាមួយគ្នានោះ លោកបានសំណូមពរអ្នកធ្វើដំណើរតាមដងផ្លូវនានា នៅពេលរត់ប្រណាំង សូមមេត្តាចូលរួមសហការពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដូចជាការបិទផ្លូវសម្រាប់អ្នករត់ក្នុង រយៈពេលខ្លី ដោយមហាជន កំពុងធ្វើដំណើរតាមដងផ្លូវគប្បីអធ្យាស្រ័យផ្តល់អាទិភាពជូន ដល់អ្នករត់នានា ដើម្បីរក្សាសុវត្ថិភាពជូនដល់អ្នករត់ជាតិ និងអន្តរជាតិ ពីព្រោះថាការរៀបចំ ទិវារត់ប្រណាំងទាំងអស់នេះ គឺធ្វើឡើងដើម្បីសុខភាព និងសប្បុរស ធម៌ ក្នុងការស្វែងរកថវិកា ជួយសង្គមជាតិ និងមន្ទីរពេទ្យកុមារជាដើម។ ទន្ទឹមនេះ ប្រសិនបើយើងរៀបចំមិនបានល្អទេ គណៈកម្មការម៉ារ៉ាតុងអន្តរជាតិ នឹងវាយតម្លៃទាបចំពោះការរៀបចំរបស់កម្ពុជា ព្រមទាំងបាត់ បង់ប្រជាប្រិយភាព ក្នុងការទាក់ទាញអ្នករត់អន្តរជាតិផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងដែរថា ក្នុងឆ្នាំនេះ នឹងទាក់ទាញ់អ្នកចូលរួមរត់កើនឡើងច្រើនជាងឆ្នាំមុនៗប្រមាណ១០ ទៅ១៥ ភាគរយ ដោយគោលដៅចម្បងៗនៃទិវាអន្តរជាតិមួយនេះដើម្បីគោលដៅទេសចរណ៍ និង ស្វែង​រកថវិកាជួយដល់កិច្ចការសង្គមជាតិ និងសប្បុរសធម៌។

សូមបញ្ជាក់ថា ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ នឹងប្រើប្រាស់មន្ត្រីគណៈកម្មការបច្ចេកទេស កងកម្លាំងសមត្ថកិច្ច យុវជនស្ម័គ្រចិត្ត និងបណ្តាអ្នកពាក់ព័ន្ធមួយចំនួនទៀត ប្រមាណ​៨០០នាក់ ដើម្បីធ្វើឱ្យទិវានេះ ទទួលបានជោគជ័យជាជំហានៗផងដែរ៕

អត្ថបទទាក់ទង