ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរានិងមន្ទីរទេសចរណ៍ខេត្តសៀមរាបសហការគ្នារុះរើសំណង់នៅមុខប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 2185
អាជ្ញាធរជាតិអប្សរានិងមន្ទីរទេសចរណ៍ខេត្តសៀមរាបសហការគ្នារុះរើសំណង់នៅមុខប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរានិងមន្ទីរទេសចរណ៍ខេត្តសៀមរាបសហការគ្នារុះរើសំណង់នៅមុខប្រាសាទអង្គរវត្ត

សំណង់អាគារមុខប្រាសាទអង្គរវត្តត្រូវបានរុះរើជាស្ថាពរដោយមានការចូលរួមសហការដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ នេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្តនិងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍។

លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាតនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា អាគារនេះបានបន្សល់ទុកនូវការចងចាំដ៏ល្អនិងអនុស្សាវរីយ៍ជាច្រើនដោយធ្លាប់បានប្រើប្រាស់ដំបូងគេបង្អស់នៅមុខប្រាសាទអង្គរវត្តលើផ្នែកសេវាកម្មភេសជ្ជៈនិងបន្ទប់ទឹកស្អាត។ ដោយចំពោះការរុះរើនាពេលនេះ លោកបញ្ជាក់ថាក្រសួងនិងមន្ទីរទេសចរណ៍សប្បាយរីករាយសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីរួមចំណែកអភិវឌ្ឍន៍ កែលម្អជាសួនច្បារ ដាំដើមឈើ ឱ្យមានការទាក់ទាញទេសចរណ៍មកលេងកាន់តែច្រើនក្នុងតំបន់បេតិកភណ្ឌយើង។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរុះរើសំណង់ទាំងអស់មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអាគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិអប្សរាផ្ទាល់។ ឯកឧត្តម ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងនិងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចអាជីវករទាំងអស់ ដែលបានលះបង់ទ្រព្យធនរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍រួម និងស្គាល់ពីតម្លៃអង្គរ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ទីលានមុខប្រាសាទអង្គរវត្តក្លាយជាទីចាប់អារម្មណ៍បំផុត៕