ខ្មែរប៉ុស្ដិ៍ Close

ចិនផ្តល់ឥណទាន ២៥៩លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្ត គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 103
ចិនផ្តល់ឥណទាន ២៥៩លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្ត គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ចិនផ្តល់ឥណទាន ២៥៩លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្ត គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣

ចិនផ្តល់ឥណទាន២៥៩លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារនីហរ័ណ អាហរ័ណចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលទទួលបាននៅថ្ងៃទី២០ ខែកក្កដានេះ។

បើតាមក្រសួងសេដ្ឋកិច្ច ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិកនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នេះនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤ គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។

ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែលបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ពោលគឺផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ក្នុងការជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញផង និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ ប្រទេសកម្ពុជា និងនឹងជាខ្សែផ្លូវថ្មីមួយទៀត បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ ដែលកំពុងដំណើរការសាងសង់។

កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភាគីទាំងពីរទើបបាន ចុះហត្ថលេខានេះ គឺជាផ្លែផ្កាថ្មីស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៕

អត្ថបទទាក់ទង