លោក ថោង ខុន ចុះត្រួតពិនិត្យដំណើរការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោដែលត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ អាចផ្ទុកមនុស្សបានដល់៦ម៉ឺននាក់ឯណោះ ប៉ុន្តែប្រសិនបើមានករណីចាំបាច់ណាមួយនោះ ពហុកីឡដ្ឋាននេះមានលក្ខណៈពិសេសអាចជម្លៀសអ្នកចូលរួមទាំងនោះត្រឹមរយៈខ្លី៧នាទីប៉ុណ្ណោះ។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា លោកពិតជាចិត្តរីករាយនៅពេលឃើញក្រុមហ៊ុនទទួលខុសត្រូវសាងសង់ពហុកីឡដ្ឋានមរតកតេជោនេះ បានធ្វើដោយការផ្ចិតផ្ចង់ និងដោយការទទួលខុសត្រូវខ្ពស់។ ចំពោះការសាងសង់នេះទៀតសោត គឺប្រើប្រាស់អ្នកជំនាញដល់ទៅ៦រូប ចុះមកតាមដាន និងពិនិត្យផ្ទាល់តែម្ដង។
ប្រធានស្ថាប័នកីឡាកំពូលខាងលើនេះបន្ថែមថា ការសាងសង់ក្នុងរយៈពេល៨ខែកន្លងទៅនេះ គឺធ្វើបានប្រហែល២០% មកហើយ។ ការសាងសង់នេះនឹងត្រូវបញ្ចប់ទៅតាមផែនការរយៈ៤០ខែទើបរួចរាល់។ កីឡដ្ឋាននេះមានលក្ខណៈពិសេស និងប្រើដោយបច្ចេកទេសទំនើបតែម្ដងទាំងការសាងសង់ និងសម្ភារៈ។ មិនត្រឹមតែជាកន្លែងលេងកីឡានោះទេ មានទាំងបន្ទប់សណ្ឋាគារ និងផ្សារទំនើប ហើយអ្វីដែលរឹតតែពិសេសទៀតនោះគឺមនុស្សរាប់ម៉ឺននាក់ អាចជម្លៀសចេញពីកន្លែងនេះ រយៈពេល៧នាទី ដូច្នេះវាទំនើប និងអស្ចារ្យណាស់។
កម្មវិធីចុះត្រួតពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោរបស់លោក ថោង ខុន ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។ ការចុះត្រួតពិនិត្យនេះក៏មានចូលរួមពីតំណាងខាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕