កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញប្រវែង១៦៦គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការឡើងវិញ នៅព្រឹកថ្ងៃនេះ
កំណាត់ផ្លូវដែកពីពោធិ៍សាត់ មកដល់បាត់ដឹង និងពីបាត់ដឹង មករាជធានីភ្នំពេញ ប្រវែងប្រវែងសរុប១៦៦គីឡូម៉ែត្រ នឹងត្រូវដាក់ឲ្យដំណើរការជាបណ្តោះអាសន្នឡើងវិញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ កន្លងទៅ។ ដោយពីពោធិ៍សាត់-បាត់ដឹង (១៣៤គម) និងបាត់ដឹង-ភ្នំពេញ (៣២គម) កំណល់ដែកអាចទ្រទំងន់បាន១៥តោន/អក្សភ្លៅ។
ពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន កំណាត់ផ្លូវដែកពីពោធិ៍សាត់មកបាត់ដឹងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។
កំណាត់ផ្លូវដែកពីភ្នំពេញ ដល់ក្រុងសិរីសោភណ ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ នៅក្រោយពេលរបបប៉ុលពតត្រូវបានវាយរំលំតែក៏ត្រូវបានអាកខានទៅវិញនៅឆ្នាំ២០០៦ ព្រោះតែសភាពទ្រុឌទ្រោម។
ដោយឡែកកំណាត់ផ្លូវដែកពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ត្រូវបានអាក់ខានការធ្វើដំណើតាំងពីទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះដោយសារទម្ងន់គ្រាប់បែកនៅឆ្នាំ១៩៧៣ ហើយក្រោយរបប ប៉ុល ពត ផ្តួលរំលំក៏មិនទាន់បានប្រើប្រាស់ដែរ។
បន្ទាប់ពីភ្លើងសង្គ្រាមបានបិទបញ្ចប់ទាំងស្រុង និងឆ្លើយតបតម្រូវការដឹកជញ្ជូនដ៏ចាំបាច់នាពេលបច្ចុប្បន្ន កំណាត់ផ្លូវដែកនេះត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់។ ក្នុងនោះកំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់សិរីសោភ័ណប្រវែងជិត ៤៨គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើការជាផ្លូវការនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។
កំណាត់ផ្លូវដែកពីសិរីសោភ័ណ ដល់ក្រុងបាត់ដំបងប្រវែង ៦៥គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។
កំណាត់ផ្លូវពីបាត់ដំបង មកដល់ពោធិ៍សាត់ ប្រវែង១០៧គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ដោយឡែកកំណាត់ផ្លូវដែកពីពោធិ៍សាត់ មកភ្នំពេញត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននោះថ្ងៃនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងថា ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល ៕