ខ្មែរប៉ុស្ដិ៍ Close

អតីតមន្រ្តី CNRP ជំរុញអាមេរិក អនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មី មកលើកម្ពុជា តែបក្សកាន់អំណាចថា គ្មានប្រយោជន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
អតីតមន្រ្តី CNRP ជំរុញអាមេរិក អនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មី មកលើកម្ពុជា តែបក្សកាន់អំណាចថា គ្មានប្រយោជន៍ អតីតមន្រ្តី CNRP ជំរុញអាមេរិក អនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មី មកលើកម្ពុជា តែបក្សកាន់អំណាចថា គ្មានប្រយោជន៍

ភ្នំពេញ៖ ខណៈការបោះឆ្នោតនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP USA) បានជំរុញឲ្យសភាអាមរិក អនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មី មកលើកម្ពុជា។ ទោះជាយ៉ាងណា គណបក្សកាន់អំណាច បានអះអាងថា ទោះជាអតីតបក្សប្រឆាំង ខំប្រឹងស្នើទៅសភាអាមេរិកយ៉ាងណា ក៏អត់ប្រយោជន៍ដែរ។

ការជំរុញរបស់អតីតមន្រ្តីបក្សប្រឆាំងនេះ ត្រូវបានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក កឹម សុខា ដែលជាអតីតមេបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ នៅត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

ហ្វេសប៊ុករបស់អតីតមេបក្សប្រឆាំង បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ថា “ថ្នាក់ដឹកនាំសាខាគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ដែលមានលោក ផាន ប្រាក់ លោក វ៉ា សាម៉ន លោក សុខ សុផាត និងលោក រាជ សុគុណ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសភាអាមេរិក លោក Ed Royce លោក Ted Yoho និងលោក Alan Lowenthal ដើម្បីជំរុញសភាសហរដ្ឋអាមេរិកឲ្យអនុម័តច្បាប់ទណ្ឌកម្មថ្មី The Cambodia Democracy Act ឲ្យបានមុនការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា”។

ហ្វេសប៊ុករបស់អតីតមេបក្សប្រឆាំង បានឲ្យដឹងទៀតថា រដ្ឋាភិបាលអាមេរិក បានបន្ថែមឈ្មោះជនរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចូលក្នុងបញ្ជី Specially Designated Nationals List ដោយប្រើច្បាប់ ដែលមានស្រាប់ Global Magnitsky Act។ ក្រសួងពាណិជ្ជកម្មអាមេរិក បានឲ្យបើកការស៊ើបអង្កេតទៅលើកម្មវិធីអនុគ្រោះពន្ធមកកម្ពុជា ដើម្បីជំរុញឲ្យកម្ពុជា គោរពគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងដែរ។

ឆ្លើយតបចំពោះការលើកឡើងខាងលើ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ទោះជាអតីតបក្សប្រឆាំងខំប្រឹងស្នើទៅសភាអាមេរិក លើបញ្ហាណាមួយ ក៏អត់មានប្រយោជន៍ដែរ ព្រោះរយៈពេលច្រើនឆ្នាំហើយ ដែលអតីតបក្សប្រឆាំង ជាក្រុមឧទ្ទាមក្រៅច្បាប់ ខំប្រឹងធ្វើសកម្មភាព ដើម្បីឲ្យប្រទេសនេះជួយ តែអាមេរិក មិនមានការឈឺឆ្អាលឡើយ។

លោកថា ទោះបីអាមេរិក ចង់ធ្វើអ្វីមួយមកលើកម្ពុជា យ៉ាងច្រើនយ៉ាងណាក៏ដោយនោះ គឺធ្វើបានត្រឹមតែបិទប្រព័ន្ធអនុគ្រោះពន្ធនាំទំនិញចូលទៅអាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែការបិទនោះ មិនងាយទេ ព្រោះមិនមែនជារឿងងាយស្រួល ដោយសារអង្គការអន្តរជាតិ ខាងការងារ (ILO) បានទទួលស្គាល់ ចំពោះលក្ខខ័ណ្ឌការងារនៅកម្ពុជាថា មានលក្ខណៈល្អប្រសើរអាចទទួលយកបាន៕

អត្ថបទទាក់ទង